កំពង់ស្ពឺៈ លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនបានជំរុញដល់មន្ត្រីនគរបាលចរាចរណ៍ល្បាតប្រចាំការលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវរាយការណ៍បន្ទាន់ទៅដែនសមត្ថកិច្ចពាក់ព័ន្ធ និងអគ្គស្នងការនគរបាលជាតិដើម្បីចុះបង្ក្រាប បើមានការសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន។
លោក ម៉ក់ ជីតូ ថ្លែងថា ការអនុវត្តបែបនេះធ្វើឡើងក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿន ហើយក្នុងឧប្បត្តិហេតុនោះសមត្ថកិច្ចស្រាវជ្រាវរកឃើញការដឹកជញ្ជូនគ្រឿងញៀន ពីក្រុងព្រះសីហនុ ទៅប៉ោយប៉ែត ដោយកាលពីថ្ងៃទី ៤ ខែកញ្ញា សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀន ២ ករណីនៅលើផ្លូវល្បឿនលឿននេះ ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ ២ ករណី។
លោកថ្លែងថា៖ «ផ្លូវល្បឿនលឿនហ្នឹង ស្រុកណាក៏អត់មានម៉ាស៊ីនដាក់ស្វែងរកគ្រឿងញៀនមើលដែរ មានតែកាមេរ៉ាចាប់ពេលដែលជនសង្ស័យឈប់ឱ្យពិនិត្យសំបុត្រ ផ្លាស់ប្តូរសំបុត្រអី យើងយកបានលេខឡាន ភិនភាគមនុស្ស អ៊ីចឹងទៅ ហើយបានយើងសន្និដ្ឋាន»។
លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការទទួលខុសត្រូវលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺនាយកដ្ឋាននគរបាលចរាចរណ៍ មិននៅក្នុងដែនសមត្ថកិច្ចរបស់នគរបាលខេត្តកំពង់ស្ពឺទេ ប៉ុន្តែក្នុងករណីទទួលព័ត៌មានច្បាស់ថា មានបទល្មើសផ្សេងៗកើតឡើងលើផ្លូវល្បឿនលឿន ទោះជាករណីគ្រឿងញៀន ឬករណីព្រហ្មទណ្ឌផ្សេងៗក៏ដោយ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ត្រូវតែសហការជាមួយសមត្ថកិច្ច ដែលទទួលខុសត្រូវលើផ្លូវនេះ ដើម្បីធ្វើការបង្ក្រាប៕