ភ្នំពេញៈ មន្ត្រីទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហជីព និងពលករខ្មែរដែលកំពុងធ្វើការនិងរស់នៅប្រទេសកូរ៉ខាងត្បូងបានសម្តែងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឱ្យបង្កើតការិយាល័យអនុព័ន្ធ រៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេសដែលជាការរួមចំណែកកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។
ការគាំទ្រនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសជាសាធារណៈ កាលពីថ្ងៃទី ៩ ខែកញ្ញា ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅខេត្តកំពង់ស្ពឺដោយអនុញ្ញាតឱ្យស្ថាប័នពាក់ព័ន្ធរៀបចំឱ្យមានការធ្វើលិខិតឆ្លងដែននៅក្រៅប្រទេសដែលការអនុវត្តនេះចាប់ផ្តើមពីប្រទេសកូរ៉ខាងត្បូងមុនគេ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលករ ក៏ដូចជាពលរដ្ឋខ្មែរក្នុងការធ្វើឯកសារនេះ។
លោកបានថ្លែងថា៖ «ខ្ញុំបានសម្រេចឱ្យបង្កើតការិយាល័យអនុព័ន្ធមួយ។ បង្កើតប៉ុស្តិ៍អចិន្រៃ្ដយ៍ដើម្បីបញ្ជូនមន្ត្រីអត្តសញ្ញាណកម្មទៅប្រចាំការទីនោះ ដើម្បីគ្រប់គ្រងទិន្នន័យ ហើយធ្វើការឱ្យតែម្តងកុំឱ្យពលករយើងពិបាក»។
លោកថា៖«អ៊ីចឹង! បងប្អូនមិនបាច់ព្រួយបារម្ភរឿងខាតការងារជិះយន្តហោះមកខ្មែរទេ បើមិនបានមកធ្វើទាន់ពេល អាចប្រឈមនឹងការបាត់បង់ភាពស្របច្បាប់»។
លោកនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួងការបរទេស ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតគូរពីក្របខ័ណ្ឌ និងថវិកា បង្កើតប៉ុស្តិ៍ថ្មី ដោយពិភាក្សាគ្នាឱ្យស្របតាមច្បាប់ជាធរមាន។
តាងនាមមន្ត្រីការទូត បុគ្គលិក ព្រមទាំងពលករ និងពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ លោកស្រី ជ្រឹង-បុទុមរង្ស៊ី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញលិខិតថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ចំពោះការអនុញ្ញាតឱ្យធ្វើលិខិតឆ្លងដែននេះ។
លោកស្រីបានបញ្ជាក់តាមរយៈលិខិតថ្លែងអំណរគុណចុះថ្ងៃទី ១០ ខែកញ្ញា ថា៖ «ការប្រកាសនេះគឺជាដំណឹងដ៏សែនរីករាយឥតឧបមា សម្រាប់បងប្អូនពលករ ពលការិនី និងប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស មិនថាតែនៅសាធារណរដ្ឋកូរ៉េប៉ុណ្ណោះទេ»។
លោកស្រីបានបន្តថា នេះជាការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់លោកនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្ខិតសេវាសាធារណៈឱ្យដល់ដៃប្រជាពលរដ្ឋ និងដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោកប៉ាវ ស៊ីណា ក៏បានគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានេះផងដែរ ដោយលោកប្រាប់ថា៖«ការសម្រេចដូច្នេះ ពិតជាបានជួយសម្រួលដល់បងប្អូនពលករយើងច្រើនមែនទែន ទាំងការកាត់បន្ថយពេលវេលាធ្វើដំណើរ និងកាត់បន្ថយការចំណាយមួយផ្នែកធំ ពិសេស វាជាការបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូររបស់រាជរដ្ឋាភិបាលចំពោះបងប្អូនពលកររបស់យើង»។
ដោយឡែកពលរដ្ឋ និងពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសកូរ៉េបានបង្ហោះវីដេអូដែលមានខ្លឹមសារស្រដៀងគ្នា ដោយបានគាំទ្រការសម្រេចចិត្តនេះ។ ពលរដ្ឋខ្មែរ ១ រូបបានលើកឡើងថា៖ «នេះជាអំណោយដ៏ពិសេសដែលជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមក សូមអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់កាដូឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េ អាចធ្វើលិខិតឆ្លងដែនថ្មីបាននៅទីនេះ (កូរ៉េ)»។
ចំណែកពលករខ្មែរនៅកូរ៉េម្នាក់ទៀត លោក ពេជ វីរៈ បានថ្លែងតាមរយៈវីដេអូដែរថា៖ «សូមអរគុណថ្នាក់ដឹកនាំកម្ពុជាសម្រាប់ការយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស នេះគឺជាដំណឹងមួយដ៏ល្អបំផុតសម្រាប់បងប្អូនពលករខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េ។ ដូច្នេះពេលលិខិតឆ្លងដែនយើងផុតកំណត់ ឬជ្រុះបាត់ យើងលែងមានការពិបាកឡើងមកប្រទេសកម្ពុជាដើម្បីធ្វើលិខិតនេះ ហើយយើងក៏មិនអស់ថ្លៃសេវាដើម្បីជួលគេឱ្យធ្វើជូនដែរ»៕