ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត កាលពីថ្ងៃចុងសប្តាហ៍បានធ្វើការក្រើនរំឭកដល់មន្ត្រីគ្រប់ជាន់ថ្នាក់ឱ្យរួមគ្នាបំពេញការងារ ដោយត្រូវមានការប្តេជ្ញាចិត្តខ្ពស់ និងហ៊ានអារកាត់ដើម្បីអនុវត្តគោលនយោបាយដែលរដ្ឋាភិបាលបានដាក់ចេញ ក្នុងន័យសម្រេចឱ្យបាននូវការកែទម្រង់ និងចក្ខុវិស័យរបស់ជាតិ។
ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកម្មករ កម្មការិនីជិត ២ ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០២៣ លោកហ៊ុន ម៉ាណែត លើកឡើងថា មន្ត្រីគ្រប់រូបត្រូវប្តេជ្ញាចិត្តចូលរួមធ្វើការគ្រប់ៗគ្នា ដោយមិនត្រូវដាក់បន្ទុកតែលើរូបលោកម្នាក់នោះទេ ព្រោះលោកបានប្រគល់សិទ្ធិ និងសេចក្តីទុកចិត្តរួចស្រេចហើយ។ លោកបន្តថា មន្ត្រីដែលទទួលបន្ទុកត្រូវហ៊ានអារកាត់និងធ្វើសេចក្តីសម្រេចចិត្តអនុវត្តលើគោលនយោបាយដែលរដ្ឋាភិបាលបានដាក់ចេញ បើសិនជាខ្លាចខុសត្រូវសួរនាំលោកជាមុនសិន ហើយបើមានបញ្ហាក្នុងពេលអនុវត្ត លោកនឹងទទួលខុសត្រូវ។
លោកហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា៖ «ត្រូវប្តេជ្ញាធ្វើទាំងអស់គ្នា ខ្ញុំប្រាប់ហើយ ខ្ញុំអត់ធ្វើតែម្នាក់ឯងទេ ត្រូវធ្វើទាំងអស់គ្នា ខ្ញុំប្រគល់សិទ្ធិនិងការទុកចិត្ត និងប្រគល់ដាវអាជ្ញាសឹកឱ្យហើយត្រូវកាប់តែបើដល់ពេលខ្ញុំកាប់ជំនួសហើយ។ កន្លែងកាប់ហ្នឹងអ្នកច្រើនណាស់ចង់បានមួយជីវិតមានតែម្តងទេ រក្សាវាឱ្យល្អ»។
លោកបានបន្តថា ដើម្បីធ្វើឱ្យកំណែទម្រង់របស់រដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពត្រូវឈរលើមូលដ្ឋានចំណុច ៤ សំខាន់ៗ ពោលគឺ ត្រូវមានចក្ខុវិស័យច្បាស់លាស់, ត្រូវមានការប្តេជ្ញាចូលរួមធ្វើទាំងអស់គ្នា, ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធមិនថា ប្រជាពលរដ្ឋ និងមន្ត្រី និងចុងក្រោយត្រូវមានការលះបង់។
លោក ស៊ឺន សម អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា សារអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលនេះជាការក្រើនរំឭកដល់មន្ត្រីដែលមានតួនាទីអនុវត្តច្បាប់ឱ្យខិតខំបំពេញតួនាទីរៀងៗខ្លួននិងចេះរួមគ្នាធ្វើការ ព្រោះមន្ត្រីនៅកម្ពុជាហាក់មានការតាំងចិត្តទាបនិងភ័យខ្លាចក្នុងការអនុវត្តច្បាប់និងភារកិច្ច។
លោកនិយាយថា៖ «ខ្ញុំគិតថា ដើម្បីឱ្យការអនុវត្តគោលនយោបាយមានប្រសិទ្ធភាព ត្រូវឱ្យមន្ត្រីពិនិត្យច្បាប់និងគោលការណ៍តាមស្ថាប័នខ្លួន ហើយយើងត្រូវមានយន្តការតាមដានការអនុវត្តរបស់មន្ត្រីផងដែរ។ រដ្ឋាភិបាលគួរបើកឱ្យមានមតិផ្ទុយខ្លះពីសំណាក់ពលរដ្ឋ ដើម្បីដឹងពីចំណុចខ្វះខាតរបស់មន្ត្រីរាជការសាធារណៈ»។
លោកបន្ថែមថា ជាការសង្កេតផ្ទាល់ខ្លួន មន្ត្រីនៅកម្ពុជាភាគច្រើន មិនទាន់ទទួលសន្តិភាពផ្លូវចិត្ត ឬខ្វះភាពកក់ក្តៅដើម្បីធ្វើការតាមឆន្ទៈរបស់ខ្លួនតាមភារកិច្ចដោយសារនៅពេលអនុវត្តច្បាប់ម្តងៗ ពេលខ្លះត្រូវប្រឈមនឹងសម្ពាធខ្សែបក្ខពួកនិយម ឬទំនាស់ផលប្រយោជន៍ជាមួយអ្នកមានអំណាចជាដើម។
ចំណែក លោកឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ បានសម្តែងការសាទរ ចំពោះការលើកឡើងជាវិធានការនិងការអំពាវនាវរបស់លោកហ៊ុនម៉ាណែត។ លោកថា រដ្ឋមន្ត្រី និងមន្ត្រីជំនាញត្រូវហ៊ានអារកាត់ដោយខ្លួនឯង ជាជាងរង់ចាំតែសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីដែលនាំឱ្យរាំងស្ទះការងារ និងមានការយឺតយ៉ាវដូចបទពិសោធន៍កន្លងមក ហើយអតីតនាយករដ្ឋមន្ត្រីក៏ធ្លាប់លើកឡើងដែរ។
លោកសុវណ្ណារ៉ា ថ្លែងថា៖ «កន្លងមក បើតាមបទពិសោធន៍ការងារអាណត្តិមុនៗ រដ្ឋមន្ត្រី ឬមន្ត្រីតាមជំនាញមិនហ៊ានអារកាត់នោះទេ ព្រោះខ្លាចកំហុសហ្នឹងអាចធ្លាក់មកលើខ្លួនផង ហើយទាមទារតែកិច្ចអន្តរាគមន៍ ពីនាយករដ្ឋមន្ត្រីជានិច្ចកាល»។
ស្របពេលនឹងការសាទរចំពោះសារនយោបាយរបស់ប្រមុខរដ្ឋាភិបាលនេះដែរលោកសុវណ្ណារ៉ា ក៏បានបញ្ជាក់ដែរថា លោកត្រូវរង់ចាំឃ្លាំមើលបន្តទៀត ថា តើពិតជាអាចអនុវត្តបានឬយ៉ាងណាហើយលោកក៏ស្នើដល់នាយករដ្ឋមន្ត្រីថ្មី គួរកាត់បន្ថយកិច្ចអន្តរាគមន៍អារកាត់ពីលើរដ្ឋមន្ត្រី ឬមន្ត្រីតាមជំនាញ៕