ភ្នំពេញៈ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានប្រកាសទទួលទិញយកកសិផលធម្មជាតិ ដែលកសិករបានដាំដុះជាលក្ខណៈគ្រួសារ និងជួយរកទីផ្សារ សម្រាប់កសិករនៅខេត្តប៉ៃលិន ខណៈដែលលោកស្រីអះអាងថា សកម្មភាពនេះនឹងលើកទឹកចិត្តដល់កសិករឱ្យដាំដុះកសិកម្មដោយគ្មានប្រើប្រាស់សារធាតុគីមី ដែលនាំប៉ះពាល់ដល់សុខភាព។
ចំពោះគោលបំណងសំខាន់ដែលលោកស្រី បាន ស្រីមុំ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែកញ្ញាថា ដោយសារតែកន្លងទៅ ប្រជាកសិករ ដែលដាំដុះដំណាំជាលក្ខណៈគ្រួសារ ខ្វះព័ត៌មានទាក់ទងនឹងទីផ្សារ ដោយដំណាំដែលប្រមូលហើយ លក់បានក្នុងតម្លៃទាប និងពិបាករកទីផ្សារ ទើបខាងអាជ្ញាធរខេត្តរៀបចំកម្មវិធីនេះឡើង។
ម្យ៉ាងវិញទៀតលោកស្រីថា ការជំរុញប្រើប្រាស់ និងទទួលទានកសិផលក្នុងស្រុក អាចកាត់បន្ថយការនាំចូលបន្លែផ្លែឈើ ពីក្រៅប្រទេស ដែលមានសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លោកស្រីបានបញ្ជាក់ដូច្នេះថា៖«កន្លងទៅយើងដឹងថា កសិករដាំដំណាំបានល្អៗណាស់ ប៉ុន្តែពួកគាត់ខ្វះព័ត៌មានពីទីផ្សារ ដោយពេលខ្លះដាំហើយ មិនដឹងយកទៅលក់ឯណា ទើបខ្ញុំរួមនឹងអាជ្ញាធរខេត្តប៉ៃលិន ជួយគិតគូរប្រមូលទិញពីកសិករដែលដាំដុះលក្ខណៈគ្រួសារក្នុងតម្លៃទីផ្សារ ដែលរកចំណេញប្រាក់ចំណេញឡើយ»។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីក៏បានស្នើឱ្យកសិករបន្តដាំដុះដោយប្រើប្រាស់ជីធម្មជាតិ ចៀសវាងការប្រើជីគីមីជ្រុលហួសហេតុ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
អភិបាលខេត្តប៉ៃលិន បានថ្លែងថា ៖ «យើងជួយរកទីផ្សារឱ្យគាត់ តែយើងក៏ចង់ឱ្យកសិករទាំងអស់ យកចិត្តទុកដាក់លើការដាំដុះដំណាំ ដោយប្រើប្រាស់ជីធម្មជាតិចៀសវាងការប្រើប្រាស់ជីគីមីច្រើនជ្រុល ដែលធ្វើឱ្យខូចឈ្មោះដំណាំខេត្តប៉ៃលិន។នេះជាជំហានដំបូងសិន យើងធ្វើត្រឹមខេត្តប៉ៃលិន នៅពេលទទួលបានជោគជ័យ នឹងបន្តជួយដល់កសិករនៅខេត្តជិតៗនេះដែរ។ តែខ្ញុំជឿថា អាជ្ញាធរខេត្តនីមួយៗ តែងមានការគិតគូរប្រជាពលរដ្ឋដែលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរួចហើយ»។
កញ្ញា ប៊ុន សៀង ម្ចាស់កសិដ្ឋានភូមិកសិកម្មធម្មជាតិ យល់ថា សកម្មភាពរបស់អាជ្ញាធរខេត្ត ក្នុងការជួយរកទីផ្សារឱ្យកសិករនេះ ជាអ្វីដែលកសិករចង់បាន ខណៈដែលកន្លងទៅមានកសិករជាច្រើន ដែលប្រមូលផលហើយ ពិបាករកទីផ្សារ ជាពិសេសការប្រមូលផលក្នុងពេលដំណាលគ្នា។
កញ្ញាបានប្រាប់ថា ៖«ការពិតទៅឱ្យតែកសិករយើងគាត់ដាំដុះបន្លែតាមស្តង់ដា និងមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ នោះការស្វែងរកទីផ្សារមិនមែនលំបាកពេកទេ។ ម្យ៉ាងវិញទៀត ការទទួលបានព័ត៌មានទីផ្សាររបស់កសិករក៏នៅមានកម្រិតដែរ។យើងរីករាយនៅពេលដែលមានការជ្រោមជ្រែងកាន់តែសកម្មពីសំណាក់អាជ្ញាធរ ចំពោះកសិករយើង»។
ចំណែក អ្នកស្រី យ៉ែម ណារី ម្ចាស់ហាងសួនផ្កាផ្ទះបៃតង ដែលលក់តែផលិតផលបន្លែ និងផ្លែឈើធម្មជាតិក្នុងស្រុកដោយទិញពីកសិករតាមបណ្តាខេត្តនានា បាននិយាយថា សព្វថ្ងៃនេះ អាជីវកម្មរបស់អ្នកស្រីកំពុងមានបញ្ហាប្រឈម ដោយសារតែត្រូវប្រកួតប្រជែងតម្លៃជាមួយនឹងផលិតផលកសិផលដែលនាំចូលពីប្រទេសជិតខាង។
អ្នកស្រីបានប្រាប់ថា៖«ឥឡូវនេះ យើងមានភាពប្រឈមច្រើន ដោយសារតែតម្លៃផលិតផលក្នុងស្រុកយើងខ្ពស់ជាងកសិផលនាំចូល ខណៈដែលរូបរាងក៏មិនសូវល្អដូចបន្លែផ្លែឈើពីក្រៅមកដែរ។ តែយ៉ាងណាដើម្បីបន្តនិរន្តរភាពប្រាក់ចំណូលជូនដល់កសិករយើង ទោះបីចំណេញតិច ឬពេលខ្លះខាតទៀតផង ក៏ខ្ញុំនៅតែប្រមូលទិញដែរ។ ខ្ញុំរីករាយ បើសិនជាមានការជួយរកទីផ្សារបន្ថែមដល់កសិករ ដើម្បីចៀសវាងការចាល់នៅលើទីផ្សារពេលគាត់ប្រមូលផលម្តងៗ»៕