កំពង់ចាមៈ ការិយាល័យច្រកចេញចូលតែមួយនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីខែឧសភា ឆ្នាំ២០២៣បានចាប់ផ្ដើមធ្វើយុទ្ធនាការផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មដែលមានទីតាំងច្បាស់លាស់ត្រូវចូលរួមបំពេញកាតព្វកិច្ចសុំច្បាប់អាជីវកម្មឱ្យបានត្រឹមត្រូវទៅតាមច្បាប់ដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម លើកលែងតែអ្នកលក់ចល័តតាមចិញ្ចើមថ្នល់ដូចជា លក់ជាកញ្ច្រែង លក់តាមរទេះរុញ។
លោកស្រី ចំរើន សុភាព ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ថ្លែងថា៖ «ការផ្សព្វផ្សាយនេះគឺដើម្បីឱ្យអ្នកធ្វើអាជីវកម្មធំៗ ឬអាជីវកម្មដែលមានរបៀបរៀបរយល្អ ទៅសុំច្បាប់ឱ្យបានត្រឹមត្រូវ ដែលភាពស្របច្បាប់នេះមានប្រយោជន៍សម្រាប់អ្នកធ្វើអាជីវកម្មខ្លួនឯងផង និងងាយស្រួលសម្រាប់សមត្ថកិច្ចជំនាញគ្រប់គ្រងអាជីវកម្មនៅមូលដ្ឋានផង»។
លោកស្រី អះអាងថា៖«ការយល់ដឹងរបស់ពលរដ្ឋនៅមានកម្រិត ខ្ញុំព្យាយាមធ្វើសេចក្តីជូនដំណឹង និងពន្យល់ដល់គាត់ ប៉ុន្តែមានអ្នកខ្លះលើកឡើងថា ត្រូវសុំច្បាប់តាំងពីនំពុម្ព លៀសហាល អន្សមអាំង តាមពិតអត់មានទេ។ការលក់តាមរទេះត្រូវលើកលែង កញ្ជើល្អីក៏លើកលែង ទឹកអំពៅតិចតួចអីក៏អត់ដែរ អត់មានត្រូវធ្វើច្បាប់ទេអាហ្នឹង»។
ទោះយ៉ាងណាក៏ដោយ លោក កាន់ ប៉ូយ អ្នកប្រកបអាជីវកម្មប៉ះកង់ចល័តម្នាក់ បានថ្លែងថា ដោយមិនដែលបានដឹងថា ការធ្វើអាជីវកម្មតូចៗតាមផ្លូវត្រូវតែទៅសុំច្បាប់អនុញ្ញាតនោះទេ ប៉ុន្តែ បើសិនជាការសុំច្បាប់នោះ មានប្រយោជន៍ និងបង្កការងាយស្រួលនោះរីករាយក្នុងការចូលរួមសុំច្បាប់អាជីវកម្ម។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងថា ជាគោលការណ៍ក្រសួងពាណិជ្ជកម្មជំរុញឱ្យអ្នកធ្វើអាជីវកម្មទាំងអស់ ចូលរួមក្នងប្រព័ន្ធរៀបរយនៃច្បាប់ ប៉ុន្តែមិនមែនមានន័យថា ចាប់បង្ខំតាំងពីអ្នកលក់តាមចិញ្ចើមផ្លូវ លក់តាមទេះ លក់តាមកញ្ច្រែងជាដើមឱ្យមកសុំច្បាប់អនុញ្ញាតអាជីវកម្មនោះទេ។
លោក ប៉ែន សុវិជាតិ ថ្លែងថា៖ «ក្រសួងពាណិជ្ជកម្ម និងស្ថាប័នថ្នាក់ក្រោមជាតិ កំពុងបញ្ជ្រាបការយល់ដឹង និងរំឭកពលរដ្ឋឱ្យបានដឹងជាបណ្តើរៗថា គ្រប់អ្នកធ្វើអាជីវកម្មទាំងអស់ត្រូវធ្វើឡើងដោយមានច្បាប់ទម្លាប់ត្រឹមត្រូវ។ ប៉ុន្តែនេះមិនមែនមានន័យថា ជាការចាប់បង្ខំគ្រប់គ្នា ដែលរួមមាន អ្នកលក់តាមចិញ្ចើមផ្លូវ អ្នកលក់តាមទេះរុញ លក់តាមកញ្ច្រែងតាមផ្សារជាដើមឱ្យត្រូវតែសុំច្បាប់នោះទេ»។
លោក ថ្លែងថា ការចុះបញ្ជីក្រុមហ៊ុន ការផ្តល់អាជ្ញាប័ណ្ណ ឬការផ្តល់លិខិតអនុញ្ញាត សម្រាប់នៅថ្នាក់ជាតិគឺមានក្រសួងពាណិជ្ជកម្ម ជាអ្នកផ្តល់អត្តសញ្ញាណដល់ក្រុមហ៊ុនក្នុងការធ្វើអាជីវកម្មស្របច្បាប់ ប្រៀបដូចទៅនឹងការចុះបញ្ជីជាតិ ឬចុះបញ្ជីអត្តសញ្ញាណប័ណ្ណដូចច្នោះដែរ។
លោកថ្លែងថា៖ «អ្នកធ្វើអាជីវកម្មរៀបរយ មានកន្លែងលក់ដូរត្រឹមត្រូវ មានទីតាំងច្បាស់លាស់ ចាំបាច់ត្រូវតែគោរពតាមគោលការណ៍ច្បាប់នេះ ដោយត្រូវទៅធ្វើការចុះបញ្ជី ឬសុំច្បាប់អនុញ្ញាតអាជីវកម្មពីថ្នាក់ក្រោមជាតិ ពោលគឺនៅតាមរយៈច្រកចេញចូលតែមួយ ដែលមានអង្គភាពច្រកចេញចូលតែមួយនៅខេត្ត-ក្រុង និងការិយាល័យច្រកចេញចូលតែមួយនៅស្រុក-ខណ្ឌ។ មិនមែនចាប់បង្ខំគ្រប់ៗគ្នាទេ ប៉ុន្តែជាកាតព្វកិច្ចរបស់ពលរដ្ឋអ្នកធ្វើអាជីវកម្ម។ យើងត្រូវធ្វើការរំឭកជាបណ្តើរៗ ឱ្យអ្នកធ្វើអាជីវកម្មទាំងអស់គឺត្រូវតែមានការទទួលស្គាល់អំពីច្បាប់ ដើម្បីធ្វើយ៉ាងណាធានាការការពារអ្នកប្រើប្រាស់ ហើយធានាធ្វើយ៉ាងណាឱ្យការធ្វើអាជីវកម្មហ្នឹងច្បាប់ទទួលស្គាល់»៕