បាត់ដំបងៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម និងអ្នកជំនាញពាក់ព័ន្ធពីស្ថានភាពពិតប្រាកដនៃតម្លៃស្រូវអង្ករ ដើម្បីធ្វើយ៉ាងណា ជួយដល់ប្រជាកសិករឱ្យមានទីផ្សារ ទទួលបានផលចំណេញទាំងអស់គ្នា និងជួយដល់សេដ្ឋកិច្ចជាតិ។
លោក ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម កាលពីថ្ងៃទី ១០ កញ្ញា បានជួបពិភាក្សាការងារជាមួយលោកសុខ លូអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកភូ ពុយ ម្ចាស់រោងម៉ាស៊ីនកិនស្រូវបៃតងកម្ពុជានាខេត្តបាត់ដំបងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពពិតប្រាកដនៃតម្លៃស្រូវអង្ករនាពេលបច្ចុប្បន្ន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម។
នៅក្នុងជំនួបពិភាក្សានោះលោករដ្ឋមន្ត្រីកសិកម្ម បានណែនាំឱ្យមានការសហការគ្នាល្អនិងកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេសពូជស្រូវសែនក្រអូបនិងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ មានខ្សែច្រវាក់ទីផ្សារល្អ។ លើសពីនេះទៀត ត្រូវជំរុញឱ្យកសិករប្រើប្រាស់ពូជស្រូវសុទ្ធនេះនិងប្រមូលទិញមកវិញតាមតម្លៃកិច្ចសន្យា។ លោក ឌិត ទីណា បញ្ជាក់ថា នេះជាគោលបំណងដើម្បីជួយដល់កសិករឱ្យមានទីផ្សារទទួលបានផលចំណេញទាំងអស់គ្នា និងជួយដល់សេដ្ឋកិច្ចជាតិ។
បន្ទាប់ពីកិច្ចពិភាក្សានោះ លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងកសិកម្មបានបន្តចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតក្នុងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុងពេលចុះពិនិត្យឃ្លាំងស្តុកស្រូវ ឡសម្ងួត គ្រឿងចក្រកសិកម្ម និងសិក្សាពីដំណើរការនៃការផលិតពូជស្រូវរួចមក លោកឌិត ទីណា បានជំរុញឱ្យយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូប និងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងការប្រើប្រាស់។
ជាមួយគ្នានេះដែរ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ការរក្សាតម្លៃស្រូវឱ្យស្ថិតនៅក្នុងកម្រិតប្រកួតប្រជែង តែផ្តល់ប្រាក់ចំណេញដល់កសិករ គឺជាយុទ្ធសាស្ត្រយូរអង្វែង ដែលនឹងផ្តល់និរន្តរភាពដល់វិស័យនេះ។ លោក ឃឹម ហ្វីណង់ ថ្លែងនៅថ្ងៃទី ១១ ខែកញ្ញាថា នៅក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០ បានកំណត់ចក្ខុវិស័យគ្រប់ជ្រុងជ្រោយមួយសំដៅកសាងកសិកម្មកម្ពុជាដែល«ទំនើប មានភាពប្រកួតប្រជែង បរិយាប័ន្នធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តភាព»។
លោកថា ក្នុងនោះមានការលើកឡើងពីទិសដៅនៃការធ្វើឱ្យមានភាពរឹងមាំទាំងផ្នែកផលិតកម្ម និងការនាំចេញ ពោលគឺកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារ។
លោកនិយាយថា៖ «ដើម្បីឱ្យគោលដៅនេះ អាចសម្រេចបានទន្ទឹមគ្នាសម្រាប់វិស័យស្រូវអង្ករ លុះត្រាតែយើងអាចសម្រេចបានចំណុចកណ្តាលមួយ ដែលអាចទទួលយកបានទាំងសម្រាប់កសិករ និងអ្នកនាំចេញ ប៉ុន្តែនៅសល់មនុស្ស ១ ក្រុមទៀតដែលត្រូវទទួលបានការគាំពារដែរ នោះគឺអ្នកប្រើប្រាស់»។
អ្នកនាំពាក្យដដែលបន្តថា៖ «បើថ្លៃពេកពិបាកនាំចេញ អ្នកហូបរអ៊ូ ថោកពេក អ្នកហូបសប្បាយចិត្ត ឯអ្នកដាំជាអ្នករអ៊ូវិញម្តង! យើងត្រូវរកចំណុចកណ្តាលរួមនេះឱ្យឃើញ។ កសិករចំណេញ អ្នកនាំចេញងាយរកទីផ្សារ អ្នកពិសាបានសន្សំសំចៃ។ ហេតុដូច្នេះហើយទើបវាមានភាពចាំបាច់ដែលត្រូវថ្លឹងថ្លែងឱ្យបានសមរម្យ ក្នុងការរកឱ្យឃើញចំណុចរួមមួយនៅក្នុងវិស័យកសិកម្មដែលបម្រើឱ្យមនុស្សទាំង ៣ ក្រុមនេះ»។
លោក ឃឹម ហ្វីណង់ ក៏បញ្ជាក់ដែរថា ការរកឃើញចំណុចកណ្តាលរួមនេះ រួមមានការធ្វើឱ្យថ្លៃដើមធាតុចូលកសិកម្មបន្តថយចុះសម្រាប់កសិករ, ការពង្រីកទីផ្សារទៅក្រៅប្រទេសកាន់តែទូលំទូលាយសម្រាប់អ្នកនាំចេញ និងការធានាបានស្ថិរភាពតម្លៃសម្រាប់ប្រជាពលរដ្ឋទូទៅ។
លោក ហ៊ុន ឡាក់ អតីតថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នករកស៊ីចាស់វស្សានៅក្នុងវិស័យស្រូវអង្ករ ក៏បានថ្លែងដែរថា ការប្រែប្រួលអាកាសធាតុ ការកើតឡើងនូវគ្រោះធម្មជាតិនៅតាមបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក និងបញ្ហាសង្គ្រាម បានធ្វើឱ្យមានតម្រូវការស្បៀង ដែលនេះជាឱកាសសម្រាប់ប្រទេសដែលមានអតិរេកស្រូវ ប៉ុន្តែនេះគ្រាន់តែដំណាក់កាលអន្តរកាលខ្លីប៉ុណ្ណោះ មិនអាចមានស្ថិរភាពយូរអង្វែងបានទេ។
លោកបានបញ្ជាក់ថា៖«មែនទែនទៅ ទាល់តែយើងមានការរៀបចំជាប្រព័ន្ធតែម្តង ដូចជាផ្នែកខាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ,ដើមទុនសម្រាប់អនុវត្តគោលនយោបាយទិញស្រូវស្តុកទុក នៅពេលរដូវប្រមូលផល និងការគិតគូរដល់មធ្យោបាយចំណាយផ្សេងៗដូចជា អគ្គិសនី ការដឹកជញ្ជូន កំពង់ផែជាដើម ដែលធ្វើឱ្យវាប្រសើរឡើងដែលអាចធានានិរន្តរភាពនៃការផលិត និងមានភាពប្រកួតប្រជែងបាន»។
ចំណែក លោក យ៉ង ប៉ាក អ្នកជំនាញនៅក្នុងវិស័យស្រូវអង្ករ និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនអ្រាហ្គីប៊ី Agribee (Cambodia) យល់ឃើញថា បើចង់ឱ្យតម្លៃស្រូវកើននោះ អតិផរណា គ្រប់ទំនិញនឹងកើន។ វិធីសាស្ត្រដែលគួរពិចារណា គឺកាត់បន្ថយថ្លៃដើម បន្ថយហានិភ័យ និងបង្កើនទិន្នផល។
លោក យ៉ង ប៉ាក បានពន្យល់បែបនេះថា៖«យើងអាចប្រើយន្តការបង្ការទុកកុំឱ្យមានបញ្ហាកើតមានឡើង ដូចជាការបង្ការការកើតមានរោគអី្វមួយកើតឡើង ដូចនេះយើងត្រូវមានអ្វីមួយបង្ការទុកមុន ដូចជាកើតមានសត្វល្អិតជាដើម។ ការបន្ថយថ្លៃដើម សំដៅដល់ថ្លៃបូមទឹក ថ្លៃថ្នាំដង្កូវ និងថ្លៃពលកម្ម។ ការបង្ការហានិភ័យ គឺប្រព័ន្ធផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីហានិភ័យ និងប្រព័ន្ធធានារ៉ាប់រងដំណាំ និងប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ ដែលសព្វថ្ងៃ ប្រព័ន្ធស្រោចស្រពយើងបានតែ ៣០ ភាគរយទេ»។
ចំណែកការបង្កើនទិន្នផលវិញ លោក យ៉ង ប៉ាក បញ្ជាក់ថា៖ «ពូជស្រូវខ្លះ យើងគួរឈប់យកមកប្រើ ព្រោះសក្តានុពលរបស់វា គឺបានទិន្នផលទាប។ ពូជខ្លះរើសដី រើសទឹក រើសជីជាដើម តែទោះជាយ៉ាងណាយើង (ភាគីពាក់ព័ន្ធ )ត្រូវមានផែនការយុទ្ធសាស្ត្រដោយធ្វើយ៉ាងណាឱ្យកសិករ ទទួលទិន្នផលចន្លោះពី ៧ តោនទៅ ៨ តោន ក្នុង ១ ហិកតា។ ១ ហិកតា បានទិន្នផល ៨ តោន ទោះតម្លៃទាប មកត្រឹម ៨០០ រៀល ក៏នៅតែចំណេញដែរហើយក៏យើងស្រួលប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ ក៏ដូចក្នុងតំបន់»។
លោក យ៉ង ប៉ាក់ បានបន្តថា កន្លងមក តម្លៃស្រូវឡើងចុះលឿនពេក ធ្វើឱ្យអ្នកទិញអង្ករ នៅទ្រឹង មិនហ៊ានសម្រេចចិត្តបញ្ជាទិញពីរោងម៉ាស៊ីន។ ជាធម្មតា អ្នករកស៊ី បើតម្លៃមិនច្បាស់លាស់ គឺគេនៅចាំមើលតម្លៃសិន។ នៅពេលតម្លៃរក្សាលំនឹង ចន្លោះពី ១ សប្តាហ៍ទៅ ២ សប្តាហ៍ បានគេចាប់ផ្តើមទិញ-លក់។
លោកបញ្ជាក់ទៀតថា៖ «ខ្ញុំគិតថា យើងគួរមានគោលនយោបាយ សម្រាប់រក្សាតម្លៃស្រូវឱ្យនៅក្នុងចន្លោះមួយដែលកសិករក៏ទទួលយកបាន ហើយរោងម៉ាស៊ីនក៏មានលទ្ធភាពទិញ ធៀបជាមួយតម្លៃអង្ករអន្តរជាតិ។ មួយវិញទៀត យើងឃើញអ្នកដែលមានឥទ្ធិពលក្នុងសង្គមមួយចំនួន ដែលមិននៅក្នុងវិស័យស្រូវអង្ករ តែងតែបញ្ចេញយោបល់ ដែលគ្មានមូលដ្ឋានធ្វើឱ្យមានការយល់ច្រឡំកាន់តែខ្លាំង»។
លើសពីនេះ លោក យ៉ង ប៉ាក់ បានលើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រព័ន្ធទាក់ទងទាន់ហេតុការណ៍ (Hotline) ឱ្យពលរដ្ឋ ឬកសិករ អាចទាក់ទងសួរបាន ដោយរដ្ឋាភិបាល មានអ្នកជំនាញនៅតាមមូលដ្ឋាន ចាំដោះស្រាយបញ្ហា និងជួយសម្របសម្រួលជូនប្រជាកសិករ។ ការនិយាយដោយគ្មានមូលដ្ឋាន មិនបានជួយដោះស្រាយអ្វីដល់កសិករទេ តែបានតែបន្ថែមកម្ដៅប៉ុណ្ណោះ៕