ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី៤ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៤ ភាគីពាក់ព័ន្ធបានឯកភាពថា នឹងពន្លឿនបញ្ចប់ការពិភាក្សាចុងក្រោយត្រឹមថ្ងៃទី ២៨ ខែកញ្ញា ខណៈតំណាងភាគីកម្មករនិយោជិតនៅតែបន្តរក្សាជំហរតួលេខ ២១៥ ដុល្លារ និងតំណាងភាគីនិយោជករក្សាជំហរ ២០១ ដុល្លារដដែល។
ក្រោយកិច្ចប្រជុំនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ភាគីនីមួយៗនឹងសម្របសម្រួលផ្ទៃក្នុងរៀងខ្លួនម្តងទៀត ដើម្បីរកឱ្យបានគោលជំហរផ្លូវការរបស់ខ្លួនដោយនឹងពិនិត្យ និងលើកសំណូមពរដាច់ដោយឡែករៀងខ្លួនដើម្បីយកមកជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដើម្បីដោះស្រាយនៅថ្ងៃទី ១៨ ខែកញ្ញា ខាងមុខ។
ចំពោះភាពខុសគ្នាច្រើននៃការកំណត់តួលេខរវាងតំណាងកម្មករនិយោជិត និងតំណាងនិយោជកនេះ លោក ហេង សួរ អះអាងថា ករណីនេះ អាស្រ័យលើលក្ខណវិនិច្ឆ័យទាំង ៧ ស្តីពីស្ថានភាពសេដ្ឋកិច្ច និងសង្គមដោយភាគីខាងកម្មករនិយោជិតផ្អែកបញ្ហាអតិផរណា ខណៈខាងនិយោជក គិតទៅលើភាពប្រកួតប្រជែង តម្រូវការ និងបញ្ហាប្រឈមក្នុងវិស័យនេះ។
លោកបានបញ្ជាក់ថា៖ «ឆ្នាំនេះមិនមានប្រទេសណាដែលដំឡើងប្រាក់ឈ្នួលអប្បបរមាទេ អ៊ីចឹងនៅពេលគេអត់ដំឡើង ហើយយើងដំឡើង ភាគីនិយោជកគេបារម្ភថា អ្នកបញ្ជាទិញអាចបង្វែរការបញ្ជាទិញទៅប្រទេសដទៃផ្សេងទៀត ពីព្រោះប្រទេសយើងកំណត់ប្រាក់ឈ្នួលអប្បបរមាជាដុល្លារ»។
«ប្រទេសផ្សេងមិនបានពិចារណាលើការដំឡើង ហើយលុយរបស់គេចុះថោក ដូចនេះនៅពេលដែលលុយចុះថោក ធ្វើឱ្យប្រាក់ឈ្នួលគេជាដុល្លារកាន់តែទាបទៀត។ ឆ្នាំនេះប្រទេសគេមិនចរចា វាជាសម្ពាធមួយដែលធំដែរ ព្រោះថា កម្ពុជាមិនមែនជាប្រទេសតែមួយគត់ដែលផលិតនៅក្នុងវិស័យកាត់ដេរនោះទេ»។ នេះជាការបញ្ជាក់បន្ថែមពីលោក ហេង សួរ។
ទោះជាយ៉ាងណា លោកថា ភាគីរាជរដ្ឋាភិបាលនឹងខិតខំសម្របសម្រួលដល់ភាគីទាំងសងខាងធ្វើយ៉ាងណាឱ្យការចរចាឈានដល់ចំណុចរួមមួយ ក្នុងករណីដែលមិនអាចរកចំណុចរួមឃើញនឹងមានការបោះឆ្នោតសម្រេចតែម្តង។
លោកណាង សុធី តំណាងភាគីនិយោជកបានឱ្យដឹងដែរថា ជាជំហរខាងនិយោជកឈានដល់ការដំឡើងបន្តិចគឺ ២០១,៥ ដុល្លារ ដោយសំណូមពរសុំឱ្យខាងសហជីពឯកភាព ប៉ុន្តែខាងសហជីពមិនព្រមទើបក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចថា យកតួលេខចាស់ ២០១ ដុល្លារវិញ និងឱ្យភាគីទាំង ២ ទៅប្រជុំផ្ទៃក្នុង នឹងកំណត់តួលេខបន្តទៀត សម្រាប់ពិភាក្សាថ្ងៃទី ១៨ ខែកញ្ញាខាងមុខ។
លោក សុធី បានថ្លែងថា៖«ខាងនិយោជកមានការជឿជាក់លើរាជរដ្ឋាភិបាលចំពោះការសម្របសម្រួលយកតួលេខមួយដែលមានភាពសមរម្យ ដោយថ្ងៃទី ១៨ ខែកញ្ញាខាងមុខ នឹងមានការកំណត់តួលេខចុងក្រោយហើយថ្ងៃទី ២៨ នឹងបោះឆ្នោតយកតួលេខផ្លូវការ ក្រោយមកនឹងសុំគោលការណ៍សម្រេចចុងក្រោយពីរាជរដ្ឋាភិបាល»។
ចំណែកលោក គឹម ចាន់ សំណាង ភាគីសហជីពតំណាងកម្មករនិយោជិតវិញក៏បានលើកឡើងដែរថា ភាគីនិយោជិត នឹងបន្តជួបប្រជុំពិភាក្សាគ្នាដើម្បីកំណត់តួលេខណាមួយដែលអាចទទួលយកបានទាំងអស់គ្នានាកិច្ចប្រជុំខាងមុខទៀត។
លោកថា៖ «ការប្រជុំបន្តរបស់យើងលើកក្រោយអាចនឹងមានការប្រែប្រួលចំពោះតួលេខដោយសារយើងត្រូវការពិភាក្សាលម្អិតជាមួយសហជីពយើងដែលមានសមាជិក ១៧ នាក់ក្នុងចំណោមនេះមានមតិខ្លះមិនទាន់បានចូលជាធ្លុងមួយនៅឡើយ ដូច្នេះយើងនឹងពិភាក្សាគ្នាលម្អិតបន្តទៀត»។
បើតាមរដ្ឋមន្ត្រីក្រសួងការងារនាវេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជននៅខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងពិនិត្យមើល និងកែសម្រួលលើបរិយាកាសធុរកិច្ចនៅកម្ពុជាដើម្បីឱ្យការវិនិយោគ និងប្រតិបត្តិការអាជីវកម្មកាន់តែមានភាពអំណោយផល៕