ភ្នំពេញៈ កម្ពុជា និងចិនប្តេជ្ញាក្នុងការពង្រីក និងពង្រឹងកិច្ចសហការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ ខណៈកម្ពុជាចាត់ទុកថា នេះជាការបើកទំព័រកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំមួយកម្រិតថែមទៀតក្នុងវិស័យនេះរវាងប្រទេសចិន និងកម្ពុជា។
ការប្រកាសនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក វ៉ាងជីកាង រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន កាលពីថ្ងៃទី ៩ ខែកញ្ញា នៅឯប្រទេសចិន។
ក្នុងជំនួបនោះ លោក វ៉ាង ជីកាង ថ្លែងថា៖ «យើងរួមគ្នាគិត រួមគ្នាធ្វើផែនការ និងធ្វើសកម្មភាពជាមួយគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា»។
លោក ហែម វណ្ណឌី បានថ្លែងអំណរគុណដល់លោក Wang ដែលមានសុច្ឆន្ទៈ និងការប្តេជ្ញាខ្ពស់ចំពោះកិច្ចសហការទ្វេភាគីលើវិស័យ STI ជាមួយកម្ពុជា និងបានគាំទ្រពេញទំហឹងក្នុងការពង្រីក និងពង្រឹងកិច្ចសហការនេះប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រាកដនិយម និងសមិទ្ធលទ្ធផលជាមួយគ្នា។
ក្រសួងឧស្សាហកម្មកម្ពុជាបញ្ជាក់ថា៖ «នេះជាការបើកទំព័រកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមមួយកម្រិតទៀតក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍រវាងកម្ពុជា-ចិន»។
លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែកញ្ញាថា កម្ពុជា និងចិនបានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតដើម្បីឱ្យកម្ពុជាអាចកសាងសង្គមសេដ្ឋកិច្ចមួយដែលមានធនធានមនុស្សប្រកបដោយជំនាញច្បាស់លាស់នៅក្នុងទំនាក់ទំនងត្បូងពេជ្រនេះ។
លោកថ្លែងថា៖ «ការអភិវឌ្ឍឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាវិស័យមួយដ៏សំខាន់សម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក៏ដូចជាស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបញ្ចកោណរបស់កម្ពុជាក្នុងនីតិកាលទី ៧ នេះ ដែលមិត្តចិនតែងតែផ្តល់នូវជំនួយជាហិរញ្ញប្បទាន កសាងអគារ និងបរិក្ខារ ក៏ដូចជា ជំនួយបច្ចេកទេសក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាក្រោមក្របខ័ណ្ឌសហគមន៍ជោគវាសនាតែមួយ»។
លោក ថុង ម៉េងដាវិត បានបន្តថា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការជួយកសាងសមត្ថភាព និងកំណែទម្រង់ស្ថាប័នបច្ចេកវិទ្យា និងស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យកម្ពុជាអាចចូលរួមសកម្មបន្ថែមទៀតក្នុងការធ្វើសមាហរណកម្មតំបន់និងសកលដើម្បីទាញយកប្រយោជន៍សេដ្ឋកិច្ច ការវិនិយោគបរទេស និងអ្នកទេសចរបន្ថែមទៀតពីបរទេស។
លោក ហែម វណ្ណឌី ថ្លែងនៅលើគេហទំព័រក្រសួងថា៖ «យើងក៏ទទួលស្គាល់ពីសារៈសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ តាមរយៈការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យសិក្សាធិការ សង្គមស៊ីវិល វិស័យឯកជន និងរដ្ឋាភិបាល យើងនឹងបង្កើតសមិទ្ធផលថ្មីៗ និងជំរុញកំណើនដែលផ្អែកទៅលើនវានុវត្តន៍»។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងគ្រឹះស្ថានអាជីវកម្ម អ្នកសិក្សាស្រាវជ្រាវ ប្រតិបត្តិករនវានុវត្តន៍ និងសហគ្រិនឱ្យសហការជាមួយក្រសួងក្នុងដំណើរការកសាងអនាគតមួយដ៏រស់រវើក ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព៕