ភ្នំពេញៈ សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ត្រូវបានផ្ដួចផ្ដើមឡើងនៅឆ្នាំ ២០០៩ ហើយនៅឆ្នាំ ២០១៤ រ៉ក់បានប្រែក្លាយខ្លួនមកជាអង្គការមិនមែនរដ្ឋាភិបាល សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដែលជាអង្គការធ្វើការសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាលើកដំបូងនៅកម្ពុជា។
គិតមកទល់បច្ចុប្បន្ន សហគមន៍ឥន្ទធនូកម្ពុជា មានសមាជិកជាអ្នកស្រឡាញ់ភេទដូចគ្នាសរុបប្រមាណជា ៣ ០០០ នាក់ រួមទាំងដៃគូនិងគ្រួសាររបស់ពួកគេផង។ ដើម្បីដឹងឱ្យកាន់តែច្រើនពីក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជាសហគមន៍ឥន្ទធនូកម្ពុជា អ្នកយកព័ត៌មានបានជួបសម្ភាសជាមួយកញ្ញា ផូ សុភា ជាអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកយុទ្ធនាការ «ខ្ញុំទទួលយក» នៅសហគមន៍ឥន្ទធនូកម្ពុជាដែលមានខ្លឹមសារដូចខាងក្រោម៖
តើស្ថានភាពក្រុមអ្នកស្រឡាញ់ភេទដូចគ្នានាបច្ចុប្បន្នមានការវិវឌ្ឍយ៉ាងណាដែរ?
ស្ថានភាពក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បើប្រៀបធៀបទៅនឹងរយៈពេល៥ឆ្នាំមុន គឺឃើញថា មានភាពល្អប្រសើរជាងពីមុន ដោយសារតែគ្រួសារ ឬសាច់ញាតិព្រមទទួលស្គាល់កូនៗរបស់ពួកគាត់ ហើយនៅក្នុងនោះដែរ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាខ្លួនឯង ក៏ហ៊ានចេញមុខជាចំហនៅក្នុងសង្គម និងបានបង្ហាញខ្លួនឯងថា ជានរណា និងតាមរយៈការបង្ហាញដៃគូរបស់ពួកគាត់ដែលបានស្រឡាញ់គ្នាដែរ។តាមរយៈការដែលពួកគាត់ហ៊ានបង្ហាញអត្តសញ្ញាណរបស់ខ្លួនបែបនេះគឺដោយសារតែមានការទទួលយកពីមនុស្សនៅក្នុងសង្គមដូចគ្នា ខណៈដែលការបង្ហាញអត្តសញ្ញាណទាំងនោះ មិនមានពាក្យសម្ដីរើសអើងខ្លាំងក្លាដូចកាលពីមុនទៀតទេ។
តើអ្វីជាចំណុចដែលក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅតែប្រឈមដែលជាបញ្ហាសម្រាប់ពួកគាត់?
ទាក់ទងនឹងកន្លែងការងារក៏មានការទទួលយកក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីបំពេញការងារដែរ ប៉ុន្តែមានកន្លែងខ្លះនៅតែមានការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នានេះ ដែលជាក់ស្ដែងដូចជា ក្រុមប្ដូរយេនឌ័រ ឬភេទពីបុរសទៅស្ដ្រី នៅពេលពួកគាត់បានដាក់ពាក្យទៅប្រឡងធ្វើជាគ្រូបង្រៀននៅមានការលំបាកដោយការបដិសេធទទួលយកពួកគាត់ ដោយតម្រូវឱ្យពួកគាត់ស្លៀកពាក់ទៅតាមភេទកំណើតទើបព្រមទទួលយក។
មួយវិញទៀតនៅតាមធនាគារ ក៏មិនទាន់ព្រមទទួលយកក្រុមអ្នកស្រឡាញ់ភេទដូចគ្នាដើម្បីទៅបំពេញការងារដែរ ហើយក៏មិនមែនតែការដាក់ពាក្យទៅធ្វើការប៉ុណ្ណោះទេប៉ុន្តែរាល់ការបំពេញឯកសារផ្សេងៗទៀត ក៏ពិបាកក្នុងការទទួលយកផងដែរ។
ទោះបីជាស្ថានភាពនៃអ្នកស្រឡាញ់ភេទដូចគ្នា មានភាពល្អប្រសើរក្ដី ប៉ុន្តែក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅតែមានការប្រឈមដែលជាក់ស្ដែងដូចបច្ចុប្បន្នតាមរយៈការចងក្រង ឬការធ្វើការជាមួយសហគមន៍ និងការចុះទៅជួបពួកគាត់ផ្ទាល់ ហើយនិងការមើលឃើញតាមរយៈបណ្ដាញសង្គម និងក្នុងសង្គមក្ដី គឺមើលឃើញថា ដៃគូដែលពួកគាត់រស់នៅជាមួយគ្នាចាប់ពី១០ឆ្នាំទៅ២០ឆ្នាំឡើងទៅ ពួកគាត់មិនមានឯកសារផ្លូវច្បាប់ណាមួយដែលបញ្ជាក់ថា ពួកគាត់គឺជាគ្រួសារជាមួយគ្នានោះទេ ដោយសារមិនមានសៀវភៅគ្រួសារ។
អ្នកខ្លះទៀតរស់នៅជាមួយគ្នាហើយ រហូតដល់មានកូនចិញ្ចឹមរួមគ្នាថែមទៀត ប៉ុន្តែពួកគាត់មិនអាចនាំកូនចិញ្ចឹមរបស់ពួកគាត់ទៅធ្វើសំបុត្រកំណើតដោយបញ្ជាក់ថា ពួកគាត់ជាឪពុកម្ដាយបានដែរ។ទាំងអស់នេះ ជាបញ្ហាប្រឈមដោយសារតែការខ្វះខាតសំបុត្រអាពាហ៍ពិពាហ៍ ដែលមិនអាចឱ្យពួកគាត់ទៅធ្វើសៀវភៅគ្រួសារ ឬក៏ចុះសំបុត្រកំណើតសម្រាប់កូនៗចិញ្ចឹមរបស់ពួកគាត់បាន។
តើអ្វីជាតម្រូវការចាំបាច់បំផុតដែលក្រុមអ្នកស្រឡាញ់ភេទដូចគ្នាចង់បាន?
សម្រាប់សហគមន៍ ក៏ដូចជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ចង់បានបំផុត គឺច្បាប់រៀបអាពាហ៍ពិពាហ៍ ព្រោះនៅពេលដែលមានច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានោះពួកគាត់នឹងអាចចុះសំបុត្រអាពាហ៍ពិពាហ៍ដូចមនុស្សទូទៅបាន។
ការអនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍ដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានេះ គឺវាមានសារៈសំខាន់ខ្លាំងណាស់ដែលធ្វើឱ្យមនុស្សក្នុងសង្គមជាតិមិនមានការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នាបន្តទៀត។យើងអាចបង្កើតជាគ្រួសារមួយយ៉ាងពេញលេញ ដែលបញ្ជាក់ថាពួកយើងបានរស់នៅជាដៃគូស្របច្បាប់ពិតមែន ហើយយើងក៏អាចចុះឈ្មោះសំបុត្រកំណើតកូនចិញ្ចឹមរបស់យើងដែលអាចឱ្យគាត់ចូលរៀននិងទទួលអត្ថប្រយោជន៍ពីសង្គមផ្សេងៗ។
ក្រៅពីនេះ យើងក៏អាចស្មុំកូនយ៉ាងពេញលេញសម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាទាំងមូលតែម្ដង។ ដូច្នេះនៅពេលយើងជាដៃគូដែលរស់នៅក្នុងសង្គមដូចគេដែរ ក៏ប៉ុន្តែយើងអត់មានច្បាប់ការពារដូចគេ បានន័យថា«យើងរងា ឯកោ»តែបើយើងមានច្បាប់អាពាហ៍ពិពាហ៍គឺយើងមានអារម្មណ៍ថា«កក់ក្ដៅ»។
ប្រៀបធៀបកម្ពុជានិងប្រទេសក្នុងតំបន់តើមានប្រទេសណាខ្លះដែលរដ្ឋាភិបាលអនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍ដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា?
នៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន មិនទាន់មានប្រទេសណាមួយត្រូវបានរដ្ឋាភិបាលអនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍ដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាទេ ប៉ុន្តែចំពោះប្រទេសក្នុងតំបន់អាស៊ីវិញគឺមានកោះតៃវ៉ាន់ ត្រូវបានរដ្ឋាភិបាលអនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍ដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាកាលពីឆ្នាំ ២០១៩។
ដូច្នេះប្រសិនបើប្រទេសកម្ពុជា បានអនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍ដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាដែរនោះកម្ពុជានឹងក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ាន ប៉ុន្តែអាចនឹងក្លាយជាប្រទេសទី២នៅក្នុងតំបន់អាស៊ីដែលមានច្បាប់នេះសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។
តើបច្ចុប្បន្ននេះសហគមន៍ឥន្ទធនូកម្ពុជា កំពុងធ្វើកិច្ចការងារអ្វីខ្លះដើម្បីជំរុញក្របខ័ណ្ឌច្បាប់សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា?
បច្ចុប្បន្ននេះសហគមន៍ឥន្ទធនូកម្ពុជា កំពុងធ្វើកិច្ចការងារនេះ រួមជាមួយរាជរដ្ឋាភិបាលដែលមានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ តាមរយៈយន្តការត្រួតពិនិត្យលើស្ថានភាពសិទ្ធិមនុស្សជាសកលតាមកាលកំណត់(UPR) ដែលឥឡូវនេះស្ថិតក្នុងជុំទី៤ហើយខណៈដែលជុំទី៤ នេះ ការផ្តល់ច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា គឺជាតម្រូវការចាំបាច់បំផុតបន្ទាប់ពីការបង្កើតច្បាប់ទទួលស្គាល់អត្តសញ្ញាណយេនឌ័រសម្រាប់អ្នកប្តូរភេទនិងការបង្កើតច្បាប់និងគោលនយោបាយប្រឆាំងនឹងការរើសអើងលើនិន្នាការភេទ។
ដើម្បីគាំទ្រលើយន្តការនេះដែរ សហគមន៍ឥន្ទធនូ ក៏បានបង្កើតជាយុទ្ធនាការមួយដែលឈ្មោះថា «ខ្ញុំទទួលយក» ដើម្បីឱ្យមានសមភាពអាពាហ៍ពិពាហ៍ដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាផងដែរ។
តើសហគមន៍ឥន្ទធនូ មានក្ដីសង្ឃឹមអ្វីខ្លះចំពោះរាជរដ្ឋាភិបាលអាណត្ដិថ្មីនេះ?
ក្នុងនាមជាស្ថាប័នដែលធ្វើការលើរឿងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា សហគមន៍ឥន្ទធនូធ្វើការងារនេះដោយមានក្ដីសង្ឃឹមដោយសាររាជរដ្ឋាភិបាលអាណត្តិថ្មីសម្បូរដោយអ្នកដឹកនាំក្មេងៗ។ដូច្នេះពួកគាត់សុទ្ធតែបានយល់បានដឹង និងបានឃើញពីបញ្ហាសង្គម។
ពួកយើងសង្ឃឹមថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះអាចនឹងផ្ដល់ក្របខ័ណ្ឌណាមួយដល់ពួកយើងដូចគ្នា ជាពិសេស ការផ្ដល់ច្បាប់រៀបអាពាហ៍ពិពាហ៍ហ្នឹងតែម្តង បើទោះបីស្ថិតក្នុងដំណើរការមួយត្រូវការពេលវេលាច្រើនប៉ុន្តែខ្ញុំគិតថាលោកនាយករដ្ឋមន្ត្រីមិនទុកពួកយើងចោលទេ ដោយសារនៅក្នុងហ្នឹងពួកយើងជាកម្លាំងយុវជនចលករមួយដែលជំរុញឱ្យមានការអភិវឌ្ឍនៅក្នុងសង្គមជាតិរបស់យើងដូចគ្នាដែរ៕