ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា នាពេលឆាប់ៗ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២ បន្ថែមដែលមានទីតាំងនៅស្រុកបទុមសាគរ ដើម្បីកៀរគរវិនិយោគិនមកវិនិយោគ ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត តាមរយៈបង្កើតការងាររាប់ម៉ឺនកន្លែង។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានប្រាប់ឱ្យដឹង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ថា ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចនៅក្នុងខេត្តកោះកុងផ្ទាល់ ដោយតំបន់សេដ្ឋកិច្ចទាំងនោះបានបង្កើតការងារជាច្រើនជូនពលរដ្ឋ។ បច្ចុប្បន្ន ខេត្តកោះកុងមានតែតំបន់សេដ្ឋកិច្ច១ប៉ុណ្ណោះ ដែលបានបង្កើតតាំងពីឆ្នាំ២០០៧ គឺតំបន់សេដ្ឋកិច្ចពិសេសនាងកុក មានទីតាំងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ប៉ុន្តែរាជរដ្ឋាភិបាលមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស២ទៀត ដែលស្ថិតនៅស្រុកបទុមសាគរ។
លោក សុខ សុទ្ធី បានបញ្ជាក់ថា៖«តំបន់សេដ្ឋកិច្ចពិសេស២ទៀតនេះ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចខេត្តកោះកុងកាន់តែមមាញឹក។អាជ្ញាធរខេត្តស្វាគមន៍ និងគាំទ្រ ចំពោះអ្នកវិនិយោគទាំងឡាយ ដែលមានបំណងចង់មកបើករោងចក្រសហគ្រាសនៅក្នុងខេត្តរបស់យើង ដែលយើងនឹងបង្កលក្ខណៈងាយស្រួលឱ្យបានច្រើនដល់វិនិយោគិន ធ្វើយ៉ាងណា ឱ្យគាត់មានទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តរបស់យើង»។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១១ ខែកញ្ញា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ នាតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី។
នាឱកាសនោះលោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី នឹងបើកសាខាទី២ របស់ខ្លួន នៅខេត្តកោះកុង ដែលជាតំបន់សេដ្ឋកិច្ចពិសេស១ ក្នុងចំណោមសេដ្ឋកិច្ច២ ថ្មី ដែលរាជរដ្ឋាភិបាលគ្រោងរៀបចំបង្កើតនៅខេត្តកោះកុង។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ខាងក្រុមហ៊ុនបញ្ជាក់ថា ដោយសារតែសេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី នៅខេត្តព្រះសីហនុនោះ មានទំហំតែ១៣០ហិកតា និងមានរោងចក្រសហគ្រាសកំពុងដំណើរការពេញហើយ ដូចនេះខាងក្រុមហ៊ុនត្រូវការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស១ទៀត ដើម្បីទាក់ទាញអ្នកវិនិយោគមកថ្មីៗទៀត។
លោកថា៖«ខាងក្រុមហ៊ុនមានគម្រោងនឹងបើកតំបន់សេដ្ឋកិច្ចពិសេសទី២របស់ខ្លួន នៅលើផ្ទៃដី១ ០០០ហិកតា នៅខេត្តកោះកុង នេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលយើង ទើបគេហ៊ានបោះទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសបែបនេះ»។
លោក ថ្លែងថា ក្រោយពីមានតំបន់សេដ្ឋកិច្ចពិសេសហើយ តួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គឺជាអ្នកសម្របសម្រួល ត្រូវធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគឱ្យមកបង្កើតក្រុមហ៊ុនរោងចក្រសហគ្រាសនៅទីនេះឱ្យច្រើន ក៏ដូចជាការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗទៀត។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា ថ្លែងថា វាជារឿងចាំបាច់ ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឱ្យបានច្រើន ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមព្រំដែន ថៃ វៀតណាម ជាដើមដើម្បីវិនិយោគិនងាយស្រួលផលិតសម្រាប់ការនាំចេញ។
លោក ថ្លែងថា៖«និយាយជារួម មានតំបន់សេដ្ឋកិច្ចកាន់តែច្រើនកាន់តែល្អ ជាពិសេសនៅតាមតំបន់ព្រំដែនរបស់យើង ដោយសារផលិតផលកសិកម្មយើងភាគច្រើននាំចេញទៅតាមប្រទេសទាំងនេះ ដូចនេះការមានតំបន់សេដ្ឋកិច្ច ដែលប្រមូលផ្តុំដោយរោងចក្រសហគ្រាសកែច្នៃ យើងចំណេញច្រើនលើការដឹកជញ្ជូន ថែមទាំងបង្កើតការងារជូនពលរដ្ឋយើងនៅតាមតំបន់ព្រំដែនផងដែរ»។
លោក ស៊ុន ចាន់ថុល ថ្លែងថា អ្វីដែលបញ្ហារបស់អ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី គឺបញ្ហាតម្លៃឡូជីស្ទិករបស់កម្ពុជា គឺខ្ពស់ជាងប្រទេសជិតខាង។
លោកថ្លែងថា រាជដ្ឋាភិបាលបានរៀបចំផែនការមេស្តីពីវិស័យឡូជីស្ទិកនេះរួចរាល់ហើយ ដោយក្នុងគម្រោងនឹងមានការជំរុញឱ្យតម្លៃឡូជីស្ទិកនេះមានភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។ ម្យ៉ាងវិញទៀត លោកក៏ស្នើដល់វិនិយោគិនបរទេសទាំងអស់ សូមស្វែងរកដៃគូវិនិយោគនៅកម្ពុជាឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវស្វែងរកការពិភាក្សា និងប្រឹក្សាយោបល់ពី CDCឱ្យច្បាស់លាស់ ចៀសវាងការជ្រើសរើសដៃគូវិនិយោគខុស នាំឱ្យមានការខាតបង់៕