ភ្នំពេញៈ អង្គការសង្គមស៊ីវិល បានលើកឡើងថា ការធ្វើពិធីសាសនា នៅតាមដងផ្លូវដែលកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ គ្រាន់តែជាជំនឿមួយទេ ប៉ុន្តែពិធីនេះ មិនអាចធ្វើឱ្យបញ្ហាគ្រោះថ្នាក់ចរាចរណ៍ថយចុះឡើយ។
ការលើកឡើងដូចនេះ បន្ទាប់ពីអាជ្ញាធរស្រុករលាប្អៀរ រួមទាំងសមត្ថកិច្ចមូលដ្ឋាន បានដឹកនាំប្រជាពលរដ្ឋ ធ្វើពិធីបែបព្រះពុទ្ធសាសនា ដើម្បីបួងសួងសុំសេចក្តីសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពិសេសត្រង់ចំណុចផ្លូវបំបែកជា៤ ត្រង់ចំណុចផ្លូវវាងក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិអូរកណ្ដាល ឃុំជ្រៃបាក់ ដោយសារកន្លងមកទីតាំងនេះតែងតែជួបករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញាថា ជាទូទៅពិធីបន់ស្រន់ ឬការរៀបចំពិធីសាសនាអ្វីមួយ វាគ្រាន់តែជាជំនឿមួយទេ ប៉ុន្តែវាមិនអាចចាត់ទុកការបន់ស្រន់ ឬពិធីសាសនាទាំងនោះ វាធ្វើឱ្យកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាននោះទេ។
លោកបន្តថា អ្វីដែលអាចកាត់បន្ថយគ្រោះចរាចរណ៍បាន គឺអាស្រ័យទៅលើការអនុវត្តវិធានការច្បាប់ ឬក៏ដោះស្រាយទៅតាមបច្ចេកទេសនៃច្បាប់ចរាចរណ៍ និងទៅតាមស្ថានភាពផ្លូវ ស្ថានភាពទីតាំងជាក់ស្ដែង ដូច្នេះទើបធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍អាចកាត់បន្ថយបានពិតមែន។
លោក យង់ គិមអេង ថ្លែងថា៖ «អាជ្ញាធរគ្រាន់តែនាំប្រជាជនទៅបន់ស្រន់ប៉ុណ្ណឹង វាមិនធ្វើឱ្យបញ្ហាគ្រោះថ្នាក់ចរាចរណ៍ថយចុះបានទេ ទាល់តែអនុវត្តច្បាប់ចរាចរណ៍ ពិនិត្យស្ថានភាពជាក់ស្តែងនៃមូលហេតុកើតឡើងគ្រោះថ្នាក់នោះវិញ ប្រសើរជាង»។
លោកបន្តថា ការបន់ស្រន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅតំបន់ទាំងនោះ វាគ្រាន់តែជាការលើកទឹកចិត្ត និងជាជំនឿ ឬក៏ជាការបន្ថយភាពតានតឹងក្នុងអារម្មណ៍ប៉ុណ្ណោះ។
លោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងដែរថា កន្លងមកនៅចំណុចផ្លូវបំបែកជា ៤ ផ្លូវជាតិលេខ៥ ជាផ្លូវវាងក្រុងកំពង់ឆ្នាំងនេះ តែងតែជួបករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ បណ្ដាលឱ្យប្រជាពលរដ្ឋរងគ្រោះ មានស្លាប់និងរបួសជាដើម។
លោកបន្តថា ខាងអាជ្ញាធរក៏មិនបានព្រងើយកន្តើយនោះដែរចំពោះបញ្ហានេះ ដោយលោកបានចាត់មន្ត្រីនគរបាលជាច្រើនសម្រាប់ប្រចាំការនៅទីតាំងនោះ ហើយក៏ទៅជួយសម្រួលចរាចរណ៍ទាំងយប់ទាំងថ្ងៃ ខណៈដែលប្រជាពលរដ្ឋមិនបានគោរពតាមការណែនាំរបស់សមត្ថកិច្ចនោះទេ នៅពេលពួកគាត់ឆ្លងផ្លូវម្ដងៗ ខ្វះការប្រុងប្រយ័ត្ន។
លោក ខូវ លី ថ្លែងថា៖ «ខ្ញុំកំពុងបារម្ភថាផ្លូវហ្នឹង មានផ្លូវបំបែកច្រើនពេក ហើយកំពុងរកវិធានការដើម្បីធ្វើម៉េចឱ្យមានភ្លើងស្ដុបនៅទីនោះ ពីព្រោះកម្លាំងយើងមិនគ្រប់គ្រាន់ទេ។ មួយវិញទៀត ខ្ញុំក៏បានសំណូមពរទៅខាងអង្គការជប៉ុនឱ្យជួយបញ្ហាបច្ចេកទេសផ្លូវនេះដែរ»។
លោកបានឱ្យដឹងទៀតថា អ្វីដែលអាជ្ញាធរមូលដ្ឋាន បានរៀបចំដឹកនាំប្រជាពលរដ្ឋ និងព្រះសង្ឃ ដើម្បីធ្វើពិធីសាសនានេះ វាគ្រាន់តែជំនឿមួយនៅក្នុងចិត្តរបស់ពួកគាត់ទេប៉ុន្តែបើនិយាយថា វាអាចរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺវាមិនអាចទេ លុះតែតែពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕