ភ្នំពេញៈអគ្គនាយកអគ្គិសនីកម្ពុជា លោក ប្រាំង ជលសា បានអំពាវនាវដល់អតិថិជនទាំងអស់ឱ្យសហការជាមួយអគ្គិសនីកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលមិនស្គាល់អត្តសញ្ញាណដែលទាក់ទងឱ្យបង់ប្រាក់ឬផ្ទេរប្រាក់ពាក់ព័ន្ធនឹងការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ និងសេវាផ្សេងៗ។
ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដែលចុះហត្ថលេខា ដោយលោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងបានលើកឡើងថា មកទល់ពេលនេះ អគ្គិសនីកម្ពុជា បានទទួលព័ត៌មានជាបន្តបន្ទាប់ពីអតិថិជនថា មានករណីជនខិលខូចបានក្លែងបន្លំជាមន្ត្រីអគ្គិសនីកម្ពុជា ឆបោកអតិថិជនតាមរយៈទូរស័ព្ទ បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា ដើម្បីឱ្យបង់ប្រាក់ឬផ្ទេរប្រាក់សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្ដូរនាឡិកាស្ទង់ ប្តូរឌីសង់ទ័រ និងបរិក្ខារមួយចំនួនតាមរយៈភ្នាក់ងារវីង និងទ្រូម៉ាន់នីដើម្បីចៀសវាងការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។
លោក ប្រាំង ជលសា បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនោះថា ៖ «ពាក់ព័ន្ធនឹងបញ្ហានេះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់អតិថិជនទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណទំនាក់ទំនងឱ្យបង់ប្រាក់ឬផ្ទេរប្រាក់ពាក់ព័ន្ធនឹងករណីទាំងនេះ សូមមេត្តាកុំបង់ឬផ្ទេរប្រាក់ទៅបុគ្គលនោះឱ្យសោះ ហើយត្រូវជូនដំណឹងមកអគ្គិសនីកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។
អគ្គិសនីកម្ពុជា ក៏បានលើកឡើងដែរថា ការទូទាត់ថ្លៃប្រើប្រាស់ អគ្គិសនីប្រចាំខែ ឬបង់ថ្លៃសេវាផ្សេងៗ លុះត្រាតែមានវិក្កយបត្រឬបង្កាន់ដៃទទួលប្រាក់ត្រឹមត្រូវរបស់អគ្គិសនីកម្ពុជា ហើយអគ្គិសនីកម្ពុជាពុំបានបញ្ជូននិយោជិតណាម្នាក់ឱ្យទារប្រាក់ពីអតិថិជនដោយផ្ទាល់ឬតាមមធ្យោបាយណាមួយដោយគ្មានវិក្កយបត្រផ្លូវការនិងក្រៅពីប្រព័ន្ធបង់ប្រាក់របស់អគ្គិសនីកម្ពុជានោះទេ។
ប្រភពដដែលបានបញ្ជាក់ថា៖«សម្រាប់ការបង់ប្រាក់ អតិថិជនអាចបង់នៅតាមបញ្ជរបេឡាអគ្គិសនីកម្ពុជា និងតាមរយៈធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូសហការជាមួយអគ្គិសនីកម្ពុជា។អគ្គិសនីកម្ពុជាមិនទទួលខុសត្រូវចំពោះទឹកប្រាក់ដែលបានទូទាត់ពាក់ព័ន្ធនឹងករណីឆបោកនេះឡើយ»។
ទាក់ទងនឹងករណីនេះ លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិតបានថ្លែងថា ជាទូទៅអំពើឆកបោកតាមប្រព័ន្ធអនឡាញនេះ វាមិនមែនទើបតែកើតឡើងនាពេលថ្មីៗនេះទេ ហើយក៏មិនមែនតែកម្ពុជានោះដែរ នៅតាមបណ្ដាប្រទេសផ្សេងៗទៀតក៏មានអំពើឆកបោកនេះដែរ។
លោកបន្តថា ខាងអាជ្ញាធរអគ្គិសនីកម្ពុជា គួរតែមានការផ្សព្វផ្សាយព័ត៌មាននេះ ឱ្យបានទូលំទូលាយតាមរយៈភ្នាក់ងាររបស់ខ្លួន ដោយបញ្ជាក់នៅលើវិក្កយបត្រភ្លើងឱ្យបានទៅដល់ដៃរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នានៅតាមខ្នងផ្ទះ។
លោក សេក សុជាតិ បានប្រាប់ថា៖«បទល្មើសនេះ ខ្ញុំមើលឃើញថា វាបានបន្លំដោយមានភាពទូលំទូលាយ ដូច្នេះវាពិបាកក្នុងការកំណត់អត្តសញ្ញាណជនខិលខូច ដែលបានឆបោកប្រជាពលរដ្ឋឱ្យបង់លុយទៅគណនីខ្លួនជាដើម»។
លោកបន្ថែមថា អាជ្ញាធរអគ្គិសនីកម្ពុជាក៏គួរតែផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងតាមរយៈវិធីផ្សេងៗទៀត ដែលអាចធានាថា ព័ត៌មានទាំងអស់នេះ ត្រូវបានទៅដល់ដៃប្រជាពលរដ្ឋគ្រប់ៗគ្នា៕