សៀមរាបៈ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីសោកស្ដាយដោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) មិនបានចុះមកជួបជាមួយនឹងអាជ្ញាធរជាតិអប្សរា តែបែរជាអង្គការនេះចេញសេចក្តីប្រកាសឱ្យមានការពិនិត្យមើលការបណេ្តញចេញដោយបង្ខំនៅតំបន់អង្គរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានទទួលសំណើសុំកិច្ចសម្ភាសន៍តាម Zoom ពីអង្គការលើកលែងទោសអន្តរជាតិស្តីពីការបំផ្លាស់លំនៅរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ធម្មជាតិរុនតាឯក។
សេចក្តីប្រកាសបន្តថា ទទួលបានសំណើនេះ អាជ្ញាធរជាតិអប្សរា ក៏បានស្នើសូមឱ្យអង្គការនេះឬអ្នកតំណាង មកជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរានៅទីតាំងផ្ទាល់នៅតំបន់អង្គរនិងតំបន់ធម្មជាតិរុនតាឯកតែម្តងប្រសើរជាងការទទួលបានព័ត៌មានពីចម្ងាយរាប់ពាន់គីឡូម៉ែត្រពីស្ថានភាពជាក់ស្ដែង។
ប្រភពដដែលបន្តថា ៖ «ជាការគួរឱ្យសោកស្ដាយដោយសំណើរបស់អាជ្ញាធរជាតិអប្សរា ពុំទទួលបានការយល់ព្រមពីអង្គការលើកលែងទោសអន្តរជាតិនោះឡើយ»។
ប្រភពដដែលបានបន្តថា រាជរដ្ឋាភិបាលបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងបញ្ហាដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុវត្តដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដោយរក្សាឱ្យបាននូវតម្លៃលេចធ្លោជាសកលនៃតំបន់រមណីយដ្ឋានអង្គរ លក្ខខណ្ឌជាសារវន្ត នៃការបញ្ចូលតំបន់អង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ១៩៩២។
អាជ្ញាធរអប្សរា បានបញ្ជាក់ថា ៖ «ការផ្លាស់ប្ដូរទីតាំងប្រជាពលរដ្ឋ ដែលមានលំនៅឋានពុំស្របច្បាប់ និងដាក់ចេញនូវវិធានការ គាំទ្រដោយរាជរដ្ឋាភិបាលតាំងពីអាណត្តិទី៦ និងជាបន្តរហូតដល់បច្ចុប្បន្ន ដើម្បីឱ្យបងប្អូនអាចមានលំនៅស្របច្បាប់ មានបណ្ណកម្មសិទ្ធិ និងការគាំពារសង្គម ប្រកបដោយផាសុកភាព និងសុខុមាលភាព អមដោយហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ជាច្រើនទៀត»។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ដែរថា ការថែរក្សាការពារ រមណីយដ្ឋានអង្គរ ពុំមានត្រឹមតែប្រាសាទបុរាណទេតែប្រពៃណីទំនៀមទម្លាប់ សំណល់បុរាណវិទ្យាធំៗ ដែលពុំទាន់បានរុករក ជាភារកិច្ចរបស់អង្គភាពជំនាញ ព្រមទាំងស្ថាប័នពាក់ព័ន្ធនិងជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូបដែលត្រូវរួមគ្នាថែរក្សាទុកជាកេរមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយជាយូរលង់តទៅ។
សូមរំឭកដែរថា អង្គការលើកលែងទោសអន្តរជាតិកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានស្នើឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោះស្រាយបញ្ហាការបណ្តេញចេញដោយបង្ខំជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលកម្ពុជាមកលើប្រជាពលរដ្ឋនៅតំបន់អង្គរ ខណៈមន្ត្រីរដ្ឋាភិបាលកម្ពុជាបដិសេធចោទប្រកាន់បែបនេះ។
សេចក្តីប្រកាសបានលើកឡើងថា ខណៈដែលអង្គការយូណេស្កូ កំពុងមានកិច្ចប្រជុំប្រចាំឆ្នាំនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ដូច្នេះហើយអនុប្រធានប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិបានស្នើឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ មិនត្រូវព្រងើយកន្តើយចំពោះការបណ្តេញចេញដោយបង្ខំមកលើប្រជាពលរដ្ឋនៅតំបន់អង្គរនោះឡើយ៕