ភ្នំពេញ៖ វាមិនមែនជាម៉ូតូ មិនមែនឡានហ្គូខាតទេ និងរឹតតែមិនមែនជាម៉ាស៊ីនច្រូតកាត់ទៀត។ វាជារថយន្តអេឡិចត្រូនិកតូចមួយ ដែលមានកៅអីផ្អែក ដែលបំពាក់ដោយប្រព័ន្ធបោសសម្អាតនៅខាងក្រោយ នោះគឺម៉ាស៊ីនបោសសម្អាត។
ម៉ាស៊ីនសម្អាតធូលី Eco-dust ជំនាន់ទី ១ (ECM-1) ដែលបង្កើតឡើងដោយសិស្ស ៣ នាក់ មកពីអនុវិទ្យាល័យ ហ៊ុន សែន សេរីភាព កំពុងទទួលបានការចាប់អារម្មណ៍ពីសហគមន៍មូលដ្ឋាន និងវិស័យអប់រំ។
ECM-1 ត្រូវបានរចនាឡើងដើម្បីបដិវត្តន៍វិធីដែលមនុស្សសម្អាតទីសាធារណៈ។ គម្រោងច្នៃប្រឌិតថ្មីនេះ ផ្តួចផ្តើមដោយសិស្ស STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដែលយុវជនទាំងនេះបានរួមគ្នាដោះស្រាយបញ្ហាក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
យុវតី ទ្រី សូលីដែត ជាសិស្សម្នាក់ដែលអភិវឌ្ឍម៉ាស៊ីនបោសធូលី ECM-1 បានចែករំលែកក្តីរំភើបអំពីភាពជោគជ័យរបស់គម្រោងនេះថា៖ «មើលទៅ វាមិនអស្ចារ្យទេ ប៉ុន្ដែសម្រាប់ខ្ញុំ វាពិតជាអស្ចារ្យមែនទែន ដោយសារវាជាសមិទ្ធផលជាក្រុម ដែលអាចធ្វើឱ្យចេញជារូបបែបនេះ»។
ការអប់រំ STEM ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបានគោលដៅទាំងនេះ ដូចដែលយុវជន រីម ប៉េងហុង សិស្សម្នាក់ទៀតដែលចូលរួមក្នុងគម្រោង ECM-1 បានកត់សម្គាល់។
យុវជន ប៉េងហុង បាននិយាយថា៖ «យើងអាចរៀនទ្រឹស្ដីផង និងអនុវត្ដផង។ យើងអាចប្រើប្រាស់ទ្រឹស្ដីមកផ្គុំចូលគ្នាដើម្បីផលិតជាម៉ាស៊ីនផ្សេងៗ ជាច្រើនទៀត»។
គម្រោងច្នៃប្រឌិតថ្មីនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមទូលំទូលាយដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិរបស់ខ្លួន។
អ្នកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសរបស់ ADB ប្រចាំបេសកកម្មនៅប្រទេសកម្ពុជា បានពន្យល់ថា កម្មវិធីទាំងនេះមានគោលបំណងលើកកម្ពស់គុណភាព និងភាពពាក់ព័ន្ធនៃការអប់រំមធ្យមសិក្សា ជាពិសេសក្នុងវិស័យ STEM។
អ្នកស្រី Varma បាននិយាយថា៖ «កម្មវិធីក៏គាំទ្រដល់ការណែនាំអំពីអាជីព ភាពជាដៃគូរបស់សាលាជាមួយឧស្សាហកម្មក្នុងស្រុក ការធ្វើឱ្យប្រសើរឡើងនូវគុណវុឌ្ឍិ និងសមត្ថភាពសម្រាប់គ្រូបង្រៀន STEM និងការផ្តល់ធនធានសិក្សា សម្រាប់ការរៀនប្រកបដោយភាពច្នៃប្រឌិត និងការអនុវត្ត»។
នេះស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍកម្លាំងពលកម្មផ្អែកលើចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីបំពេញតម្រូវការនៃសេដ្ឋកិច្ចដែលកំពុងវិវឌ្ឍ។
ការអប់រំ STEM ក៏មានសារៈសំខាន់ផងដែរ ក្នុងការជំរុញសេដ្ឋកិច្ច ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេស និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្មសម្រាប់ការផ្លាស់ប្តូរឧស្សាហកម្ម។
អ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «កម្មវិធីដែលផ្តល់មូលនិធិដោយ ADB នៅកម្ពុជា គឺស្របតាមអាទិភាពទាំងនេះ ក៏ដូចជាយុទ្ធសាស្ត្ររបស់ ADB ឆ្នាំ ២០៣០ ទាក់ទងនឹងការដោះស្រាយភាពក្រីក្រ ដែលនៅសេសសល់ កាត់បន្ថយវិសមភាព និងការពន្លឿនវឌ្ឍនភាព»។
ប្រែក្លាយគំនិតទៅជាការពិត
លោក ថុល ចាន់ថន ជាគ្រូបង្រៀនផ្នែក STEM និងគណិតវិទ្យាថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព បានដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំសិស្សតាមរយៈគម្រោងនេះ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសិស្សក្នុងការកំណត់បញ្ហា និងការដោះស្រាយបញ្ហាប្រឈមដែលពួកគេរកឃើញថាពាក់ព័ន្ធផ្ទាល់ខ្លួន។
លោក ចាន់ថន ថ្លែងថា៖ «ពួកគេផ្តួចផ្តើមគំនិតដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន។ យើងជួយពួកគេនូវអ្វីដែលពួកគេកំពុងជួបបញ្ហា ដូចជាការផ្សារដែកដែលអាចមានគ្រោះថ្នាក់»។
ការរចនាម៉ាស៊ីន ECM-1 ប្រហាក់ប្រហែលនឹងរថយន្តអគ្គិសនីតូចមួយ ជាមួយនឹងការបន្ថែមប្រព័ន្ធបោសសម្អាត ស្រដៀងទៅនឹងភ្ជួររាស់។
សមត្ថភាពបោសសម្អាតរបស់វាលើសពីធូលីដី ព្រោះវាអាចប្រមូលស្លឹកឈើជ្រុះ និងទម្រង់ផ្សេងៗនៃការទុកដាក់សំរាមប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យវាក្លាយជាដំណោះស្រាយដ៏សម្បូរបែប និងជាក់ស្តែងសម្រាប់ការថែរក្សាកន្លែងសាធារណៈឱ្យស្អាត ដូចជាច្រករបៀង និងផ្លូវ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ អំពីអត្ថប្រយោជន៍នៃគម្រោងសម្រេចលទ្ធផលដែលចំណាយពេល ៣ខែថា៖ «ផលិតផលខ្លះ យើងធ្វើរួចហើយ តែមិនអាចប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបាន ប៉ុន្ដែម៉ាស៊ីនបោសសម្អាតដីនេះ យើងអាចប្រើវារាល់ថ្ងៃបាន»។
បំផុសគំនិតអ្នកច្នៃប្រឌិតនាពេលអនាគត
គម្រោងម៉ាស៊ីនបោសធូលី ECM-1 ដើរតួជាការបំផុសគំនិតសម្រាប់និស្សិត STEM ជំនាន់ក្រោយ។ យុវតី ថន ស្រីនិច សមាជិកម្នាក់ទៀតនៃក្រុមបានលើកទឹកចិត្តអ្នកច្នៃប្រឌិតដែលមានសេចក្តីប្រាថ្នាកុំបោះបង់គំនិតរបស់ពួកគេ និងស្វែងរកកិច្ចសហការនៅពេលចាំបាច់។
កញ្ញា ស្រីនិច បាននិយាយថា៖ «នៅពេលយើងចង់ធ្វើអ្វីមួយ យើងត្រូវតែធ្វើវា ទោះបីជាវាលំបាកយ៉ាងណាក៏ដោយ។ ធ្វើវាឱ្យបាន ហើយពេលបានលទ្ធផល យើងចង់ធ្វើវាទៀត»។
យុវតី សូលីដែត បាននិយាយថា វាអាចជាក្តីប្រាថ្នាសម្រាប់និស្សិត STEM ជំនាន់ក្រោយ។ ប្រសិនបើពួកគេមានគំនិតល្អ ប៉ុន្តែមិនអាចអនុវត្តវាតែម្នាក់ឯងបានទេ ពួកគេអាចធ្វើការជាក្រុម ដើម្បីរួមគ្នាច្នៃប្រឌិតអ្វីមួយដើម្បីជួយសាលារៀន និងអភិវឌ្ឍសហគមន៍ និងប្រទេស។
យ៉ាងណាមិញ ប្រសិនបើគិតដល់ការផលិតបន្ថែមដើម្បីជួយក្នុងការបោសសម្អាតទីធ្លារសាលារៀន លោក ចាន់ថន បាននិយាយថា លោកត្រូវគិតថា តើវាជាតម្រូវការឬទេ ផ្ដល់ផលចំណេញអ្វីខ្លះ និងមានប្រសិទ្ធភាពឬទេ។
លោកបន្ដថា សម្រាប់គម្រោងឆ្នាំថ្មីនេះ លោកកំពុងតែគិតមើលថា តើគួរបន្ដផលិតម៉ាស៊ីនបោសធូលីបំពាក់អាគុយដដែល ឬម៉ាស៊ីនសាំង។
លោកបានបញ្ជាក់ថា៖ «បើសិនយើងប្រើម៉ាស៊ីនសាំង វាប៉ះពាល់បរិស្ថានបន្ដិចមែន តែវាមានសមត្ថភាពបោសសម្អាតបានទីឆ្ងាយ និងអាចបំពាក់ឧបករណ៍អ្វីផ្សេងៗទៀត។ យើងក៏គិតដល់ថា តើវាគួរតែត្រូវបានអភិវឌ្ឍឱ្យកាន់តែទំនើប ដូចជា ការបោសសម្អាតស្វ័យប្រវត្ដិ បើសិនវាចាំបាច់។
មួយវិញទៀត លោកក៏កំពុងតែគិតដល់ការផ្លាស់ប្ដូរទម្លាប់នៃការអានសៀវភៅរបស់សិស្សានុសិស្សនៅក្នុងបណ្ណាល័យ។ ដូច្នេះ សមិទ្ធផលគម្រោងបន្ទាប់នេះ ទំនងជារ៉ូបូតទំនាក់ទំនងនៅក្នុងបណ្ណាល័យដើម្បីទាក់ទាញសិស្ស។
លោក ចាន់ថន បាននិយាយថា៖ «សិស្សានុសិស្សអាចមានទំនាក់ទំនងជាមួយរ៉ូបូត ដូចជា ការសួរនាំអំពីសេវាកម្មក្នុងបណ្ណាល័យ ស្វែងរកមុខសៀវភៅ និងការស្រាវជ្រាវផ្សេងៗ»៕