ភ្នំពេញៈ ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការភ្លែនអន្តរជាតិកម្ពុជា បានចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីអនុវត្តគម្រោងលើកកម្ពស់ការចាប់ផ្តើមជាមួយសុខភាពល្អ តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស និងការសម្របសម្រួលទឹកស្អាត និងអនាម័យរបស់ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិរយៈពេល ១០ ខែ បន្តដើម្បីសម្រេចឱ្យបានខេត្ត ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន ៣ បន្ថែមទៀត។
កិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលស្គាល់កិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយអង្គការភ្លែន ដែលបានសហការគ្នាតាំងពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលបច្ចេកទេស និងការអនុវត្តក្នុងក្របខ័ណ្ឌនាយកដ្ឋានថែទាំសុខភាពជនបទ។
លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា កិច្ចសហការនេះ បានផ្តល់ផលជះយ៉ាងច្រើនដល់ការពង្រឹងសមត្ថភាពបច្ចេកទេស និងការសម្របសម្រួលទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ជាពិសេសការកែលម្អអនាម័យជនបទ និងបរិស្ថានប្រកបដោយផាសុកភាពដែលនាំមកនូវចំនួនភូមិ ឃុំស្រុក និងខេត្ត ODF ជាច្រើន។
លោក លន់ សាយតេង បានបញ្ជាក់ថា៖«គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣ កម្ពុជាបានសម្រេចខេត្ត ODF ចំនួន ៦ ដែលវាបានផ្តល់ប្រយោជន៍ដល់កុមារីស្ត្រី និងប្រជាជនរាប់លាននាក់ក្នុងការទទួលបានសេវាអនាម័យជាមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យដែលអាចធ្វើឱ្យសុខភាពរបស់ពួកគេប្រសើរឡើង និងអាចទទួលបានឱកាសផ្សេងៗ ជាពិសេសការអប់រំ និងការងារ»។
តាមការប្រកាសគម្រោងរយៈពេល ១០ ខែ នេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ កញ្ញា២០២៣ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤ ដោយមានថវិកាសរុបចំនួន ៥២ ០០០ ដុល្លារ សហរដ្ឋអាមេរិក ដែលនឹងផ្តល់ផលទៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងក្រោមជាតិចំនួន ២០០ នាក់ ស្របពេលប្រជាជនប្រមាណ ៥ លាននាក់ នៅក្នុងខេត្ត និងស្រុកចំនួន ៣ បន្ថែមទៀត ត្រូវបានរំពឹងទុកក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
អង្គការភ្លែន បានឱ្យដឹងថា៖«សកម្មភាពសំខាន់ៗ របស់គម្រោងរួមមាន ការផ្សព្វផ្សាយពីផែនទីចង្អុលបង្ហាញផ្លូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ២០២៣ ទៅ ២០២៥ និងគោលការណ៍ណែនាំផ្សេងៗ រួមមានឯកសារណែនាំស្តីការគ្រប់គ្រងអនាម័យពេលមានរដូវ។ ការគាំទ្រក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទកសាងផែនការ ODF ដែលរួមមានខេត្តសៀមរាប រតនគិរី ស្ទឹងត្រែង កំពង់ចាម និងត្បូងឃ្មុំ»។
បន្ថែមពីនេះ សកម្មភាពគម្រោង នឹងគាំទ្រដល់ក្រុមការងារថ្នាក់ជាតិ (MRD) ចុះទៅធ្វើការផ្ទៀងផ្ទាត់ ODF ខេត្តចំនួន៣បន្ថែមទៀតដែលបានដាក់គោលដៅសម្រេចឱ្យបានក្នុងឆ្នាំ២០២៤ នោះ គឺខេត្តសៀមរាប កំពង់ចាម និងត្បូងឃ្មុំ ស្របពេលគម្រោង នឹងគាំទ្រដល់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងស្រុក១ក្នុងខេត្តតាកែវ ដើម្បីពិនិត្យបញ្ជាក់ និងរៀបចំពិធីប្រកាសជាផ្លូវការនូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលជាស្ថាពរក្នុងពេលឆាប់ៗ។
លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ បាននិយាយថា តាមរយៈការគាំទ្របច្ចេកទេសពីនាយកដ្ឋានថែទាំសុខភាពជនបទនៅតាមបណ្តាខេត្តគោលដៅនៃកម្មវិធីចាប់ផ្តើមជាមួយសុខភាពល្អរបស់អង្គការភ្លែន គឺបានផ្តល់អត្ថប្រយោជន៍ដល់កុមារ និងសហគមន៍រាប់រយរាប់ពាន់នាក់ ជាពិសេសកុមារីស្ត្រីមានពិការភាព និងក្រុមងាយរងគ្រោះផ្សេងទៀត រួមទាំងជនជាតិដើមភាគតិចដែលរស់នៅតាមបណ្តាខេត្តភូមិភាគឦសានដែលដាច់ស្រយាលដូចជារតនគិរីនិងស្ទឹងត្រែងជាដើម។
លោក បានបញ្ជាក់ថា៖«វានៅតែមានការខ្វះចន្លោះ និងភាពខុសគ្នានៃការទទួលបានទឹកស្អាត និងអនាម័យជាមូលដ្ឋានរវាងអ្នកមាន និងអ្នកក្រនៅទីក្រុង និងនៅតំបន់ជនបទកម្រិតនៃការអប់រំទំហំគ្រួសារជនជាតិដើមភាគតិច និងភេទ ជាពិសេសតំបន់ដាច់ស្រយាលក្នុងខេត្តភាគឦសាននៃប្រទេសកម្ពុជា ដូចជា រតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងព្រះវិហារ»។
បន្ថែមពីនេះ លោក លើកឡើងថា ការគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព គឺនៅមិនទាន់មានទិន្នន័យគ្រប់គ្រាន់នៅឡើយ ហើយទិន្នន័យទាក់ទងនឹងការគ្រប់គ្រងអនាម័យពេលមានរដូវក៏នៅមិនទាន់មានដែរ ស្របពេលការលើកកម្ពស់ការគ្រប់គ្រងអនាម័យពេលមានរដូវនៅមានកម្រិតនៅឡើយដែរ។
ដូច្នេះ លោក គឹមថាន យល់ថា៖«ទោះបីមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើវិស័យអនាម័យជនបទ តែនៅតែមានបញ្ហាប្រឈមមួយចំនួនដែលតម្រូវឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ក្រសួងនិងអង្គការភ្លែន ដើម្បីដោះស្រាយបញ្ហាប្រឈម និងគម្លាតនៅក្នុងវិស័យ WASH ជនបទនេះ ដូចជាភាពខុសគ្នាក្នុងការទទួលបានសេវាទឹកស្អាត និងអនាម័យជាមូលដ្ឋានរវាងតំបន់ជនបទ និងទីក្រុង និងរវាងប្រជាជនដែលមានការអប់រំតិចតួច និងកម្រិតអប់រំខ្ពស់។ អ្នកដែលទទួលបានសេវាតិចតួច គឺជាអ្នកក្រីក្របំផុតនៅឆ្ងាយបំផុតឬអ្នកដែលរស់នៅក្នុងបរិស្ថានដ៏លំបាកបំផុត»។
យោងតាមអង្គការភ្លែន បានឱ្យដឹងថា កម្ពុជា មានការកើនឡើងក្នុងកម្រិតតិចតួចនៃការទទួលបានសេវាទឹកផឹកប្រកបដោយសុវត្ថិភាព គឺពី ១៦ ភាគរយក្នុងឆ្នាំ២០១៥ ដល់ ១៨ ភាគរយ នៅឆ្នាំ២០២០ ហើយវឌ្ឍនភាពសេវាកម្ម WASH នៅតាមសាលារៀនជនបទ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះទិន្នន័យការទទួលបានសេវាកម្មទឹកផឹកមាន ៧៥ ភាគរយ និងសេវាកម្មអនាម័យមាន ៧៦ ភាគរយ ប៉ុន្តែលទ្ធផលទាំងនេះ មិនគ្រប់គ្រាន់នៅក្នុងសេវាអនាម័យជាមូលដ្ឋាន ដែលទទួលបានតែ៣២ភាគរយប៉ុណ្ណោះ៕