ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីតាមបណ្ដាញសង្គមហ្វេសប៊ុកក្នុងរយៈពេលចុងក្រោយនេះដោយច្រានចោលការចោទប្រកាន់ដោយគ្មានភ័ស្តុតាងពីមជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនៅតែបន្តលើកឡើងដដែលៗតាមរយៈបណ្តាញសង្គម សារព័ត៌មាននានាដែលជាការឃោសនាអកុសល និងជាពិសេសតាមការឃោសនាពីការបែកបាក់ផ្ទៃក្នុងរបស់គណបក្សកំពុងកាន់អំណាច បំណងបំផុសគំនិតដ៏គ្រោះថ្នាក់ដល់ប្រទេសជាតិ ទន្ទឹមដែលគណបក្សកាន់អំណាចបានឈ្នះការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា និងបន្តដឹកនាំប្រទេសនៅក្នុងផ្លូវត្រឹមត្រូវ។
លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ ថា៖ «នៅក្នុងរយៈពេលចុងក្រោយនេះជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើង មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនៅតែបន្តលើកឡើងដដែលៗតាមរយៈបណ្តាញសង្គម សារព័ត៌មាននានា និងជាពិសេសតាមការឃោសនាអកុសល ប្រឌិតព័ត៌មាននានាក្នុងបំណងដ៏កខ្វក់ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហើយបានយកឈ្មោះខ្ញុំជាប្រធានបទមួយសម្រាប់បម្រើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ»។
សារដដែលនេះបានបញ្ជាក់ថា៖ «ក្នុងនាមខ្ញុំជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនជនរួមជាតិដ៏ច្រើនលើសលប់ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មេត្តាជ្រាបថា ការលើកឡើងរបស់មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនេះ ជាការប៉ុនប៉ងទាំងល្ងិតល្ងង់ក្នុងគ្រាអស់សង្ឃឹម និងជាការបំផុសបំផុលដ៏គ្រោះថ្នាក់ដល់ប្រទេសជាតិ។ ខ្ញុំសូមអំពាវនាវឱ្យក្រុមជនអគតិ និងទុច្ចរិតទាំងនោះ បញ្ឈប់ជាបន្ទាន់រាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងធ្វើឱ្យសាធារណជនមានការភាន់ច្រឡំលើគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខ»។
សារដដែលនេះបានបញ្ជាក់ទៀតថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមអះអាងឡើងវិញនូវគោលជំហរដ៏ពេញទំហឹងឥតងាករេរបស់ខ្ញុំថា ខ្ញុំនៅតែបន្តគាំទ្រ និងលើកទឹកចិត្តតាមការដែលអាចធ្វើបាន រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបំពេញភារកិច្ចរបស់ខ្លួនឱ្យបានសម្រេច និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ តាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានប្រកាសកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣»។
លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរនោះ បានផ្ញើសារដល់សាធារណជនដូចគ្នាដែលមានខ្លឹមសារ គាំទ្ររដ្ឋាភិបាលដែលមានលោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយច្រានចោលការបំផុសបំផុលព័ត៌មានពីការបែកបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងការបង្កើតសមាសភាពរាជរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត។
លោកស្រីថ្លែងថា៖ «កុំជឿតាមការញុះញង់របស់ក្រុមអគតិទាំងនោះ ដែលតែងព្យាយាមបំផ្លិចបំផ្លាញ សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា»។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី ១២ ខែកញ្ញាថា ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាមានការស្រុះស្រួលគ្នា ជាពិសេសនៅក្នុងជួរថ្នាក់ដឹកនាំ មិនមានការបែកបាក់ផ្ទៃក្នុងដូចការឃោសនាអកុសលរបស់ក្រុមប្រឆាំងនោះឡើយ ដូចដែលមានឃើញពីការដាក់ចេញយុទ្ធសាស្ត្រ ការបង្កើតគណរដ្ឋមន្ត្រីនានា សុទ្ធតែកើតចេញពីការមូលមតិគ្នាពីផ្ទៃក្នុងគណបក្ស។
លោកប្រាប់ថា៖ «ត្រង់ថា និន្នាការប្រឆាំង គេលើកឡើងយ៉ាងម៉េច វាជាចិត្តសាស្ត្រ ជាវិធីសាស្ត្រនយោបាយរបស់ពួកគាត់នៅក្នុងការទាក់ទាញប្រជាពលរដ្ឋ ហើយបន្តុះបង្អាប់ និងញុះញង់ប្រជាជនឱ្យមើលឃើញថា គណបក្សប្រជាជនកម្ពុជាមានបញ្ហានេះឬនោះ តែអ្វីដែលឆ្លុះបញ្ចាំងការពិតគឺដូចសម្តេចក្រឡាហោម ស ខេង លោកបានមានប្រសាសន៍នោះហើយ»។
លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា ថ្លែងថា ការពិតចំពោះការបែកបាក់ ឬមិនបែកបាក់នោះ អាស្រ័យលើផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាខ្លួនឯង ខណៈការសង្កេតរបស់លោកមើលឃើញថា មិនមានការបែកបាក់ឡើយ។
លោកបន្តថា ប៉ុន្តែការរិះគន់ និងការលើកឡើងអវិជ្ជមានមួយចំនួនកន្លងមក ដោយសារមានការតែងតាំងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលច្រើនពេក ដែលនាំឱ្យគេយល់ថា ដើម្បីសម្របសម្រួលផ្ទៃក្នុងគណបក្សកាន់អំណាច កុំឱ្យមានការបែកបាក់។
លោកថ្លែងថា៖ «គណបក្សកាន់អំណាច គួររក្សាឥរិយាបថស្ងៀមស្ងាត់ ល្អជាងមានការឆ្លើយតបទៅនឹងការលើកឡើងទាំងនេះ បើសិនជាផ្ទៃក្នុងគណបក្សមិនបែកបាក់ដូចពាក្យចចាមអារ៉ាមមែននោះ»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា មតិបំភាន់សាធារណៈនេះមិនមែនថ្មីឡើយ ដែលកើតមានយូរយារណាស់មកហើយក្នុងប្រវត្តិនយោបាយកម្ពុជា ពោលគឺតាំងឆ្នាំ ១៩៩៧ មកក្នុងយុទ្ធវិធីបំបែកផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ពីប៉ូលបក្សនយោបាយប្រឆាំង ព្រោះគេយល់ថា ប៉ូលឥទ្ធិពលលោកស ខេង និងលោកហ៊ុន សែន មានប្រៀបគ្នាដែលអាចធ្វើឱ្យបក្សប្រេះឆាបាន។
លោកថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជាជាបក្សកាន់អំណាចយូរ ប្រសិនបើបក្សនេះបែកបាក់សាមគ្គីពិតមែននោះ មិនមែនគ្រាន់តែបែកបាក់បក្សប៉ុណ្ណោះទេ ពោលគឺបែកបាក់សង្គមតែម្តងដែលអាចបង្កជាសង្គ្រាមស៊ីវិល»៕