ភ្នំពេញៈ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានឱ្យដឹងថា ក្នុងអំឡុងពេលសមយុទ្ធសុខាភិបាលរួមគ្នារវាងកម្ពុជានិងចិនរយៈពេល ១៣ ថ្ងៃ គិតចាប់ផ្តើមពីថ្ងៃទី ១៤ ខែកញ្ញា តទៅ គឺពលរដ្ឋទូទៅអាចចូលពិនិត្យជំងឺបានដោយឥតគិតថ្លៃ។
យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទពីថ្ងៃទី ១១ ខែកញ្ញា បានលើកឡើងថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននឹងរៀបចំធ្វើសមយុទ្ធសុខាភិបាលរួមគ្នាដែលមានឈ្មោះថា «ទេវតាសន្តិភាពឆ្នាំ ២០២៣» ក្នុងរយៈពេល ១៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣។
លោក ថោង សូលីម៉ូ អ្នកនាំពាក្យ អគ្គបញ្ជាការដ្ឋានបានបញ្ជាក់ក្នុងសេចក្តីប្រកាសនោះថា៖«គោលដៅសំខាន់នៃការធ្វើសមយុទ្ធនេះដើម្បីអបអរសាទរខួបលើកទី៦៥ ឆ្នាំ ថ្ងៃបង្កើតចំណងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិនជាមួយកម្ពុជាក៏ដូចជាដើម្បីលើកកម្ពស់សមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឱ្យប្រកបដោយប្រសិទ្ធភាព»។
សមយុទ្ធបានកំណត់យកប្រធានបទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិរួមគ្នានៅតំបន់គ្រោះមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ» ដែលនឹងប្រារព្ធនៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក និងមានការពិនិត្យជំងឺជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យព្រះកេតុមាលា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប។
ជាមួយគ្នានេះ អ្នកនាំពាក្យដដែលបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅនៅមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យយោធភូមិភាគទី៤ នៅខេត្តសៀមរាប ដែលការពិនិត្យព្យាបាលជំងឺនេះនឹងធ្វើនៅថ្ងៃទី ២២-២៣ ខែកញ្ញា ឆ្នាំ ២០២៣។
សូមបញ្ជាក់ថា សមយុទ្ធនេះ នឹងមានការចូលរួមពីកងទ័ពកម្ពុជា ៥៩៥ នាក់ និងកងទ័ពរំដោះប្រជាជនចិន ១២៦ នាក់។
ទាក់ទិននឹងសមយុទ្ធនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា សមយុទ្ធសុខាភិបាលរួមគ្នាដែលមានឈ្មោះថា «ទេវតាសន្តិភាព ឆ្នាំ ២០២៣» មានសារៈសំខាន់សម្រាប់ទំនាក់ទំនងនៃប្រទេសទាំង ២ ឈានដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដោយបានដំឡើងកម្រិតទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបព្រមទាំងជាសហគមន៍ដែលមានជោគវាសនារួមតែមួយរហូតដល់មានកិច្ចសហប្រតិបត្តិការត្បូងពេជ្រថែមទៀត។
លោកគិន ភា បានបញ្ជាក់ថា៖ «ខ្ញុំគិតថា សមយុទ្ធនេះជាផ្នែកមួយនៃការធ្វើឱ្យមានភាពគ្រប់ជ្រុងកាន់តែខ្លាំងឡើងនៅក្នុងក្របខ័ណ្ឌ ទំនាក់ទំនងរវាងប្រទេសទាំង ២ កម្ពុជា-ចិន។ ឈ្មោះសមយុទ្ធនេះទៀតសោត គឺទេវតាសន្តិភាព ឆ្នាំ ២០២៣ គឺល្អមែនទែន។ ដូចយើងដឹងហើយ ពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាជាមួយសង្គ្រាមក៏ដូចជាបញ្ហាសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។ ដូច្នេះ សន្តិភាព គឺពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសទាំង ២ និងតំបន់ ក៏ដូចជាពិភពលោកទាំងមូលដែរ»។
សូមរំឭកដែរថា កងទ័ពប្រទេសទាំង ២ កម្ពុជា-ចិន ធ្លាប់បានធ្វើសមយុទ្ធរួមគ្នាចំនួន ៥ លើករួចមកហើយដែលទំហំនៃសមយុទ្ធទាំងនោះកាន់តែមានលក្ខណៈទំនើបទៅៗ និងធំឡើងៗជាលំដាប់ពាក់ព័ន្ធទៅនឹងសកម្មភាពប្រឆាំងភេរវកម្ម ការងារសង្គ្រោះគ្រោះមហន្តរាយ ការងារមនុស្សធម៌ដើម្បីសន្តិសុខនៅក្នុងតំបន់៕