ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងមានជំនួបជាមួយនឹងថ្នាក់ដឹកនាំកំពូលរបស់ចិន លោកប្រធានាធិបតី ស៊ី ជីនភីង ដើម្បីជំរុញបន្ថែមកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំង ២។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ អមដំណើរដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗរួមទាំងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗផងនោះធ្វើឡើងតបតាមការអញ្ជើញពីលោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដែលបានចេញផ្សាយនៅថ្ងៃទី ១២ ខែកញ្ញា។
សេចក្តីប្រកាសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត នឹងមានជំនួបសម្តែងការគួរសមជាមួយលោក ស៊ី ជីនភីង និងលោក ចាវ លឺជី ប្រធានសភាតំណាងប្រជាជនចិនដែលនឹងពិភាក្សាផ្តោតលើការពង្រឹងយុទ្ធសាស្ត្រទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ព្រមទាំងផ្លាស់ប្តូរទស្សនៈលើកិច្ចការតំបន់ និងអន្តរជាតិ។
លោក ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាង ជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំង ២ ព្រមទាំងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។
ក្រសួងការបរទេសបន្តថា៖ «ដំណើរទស្សនកិច្ចនេះនឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើនក្នុងវេទិកាតំបន់ និងអន្តរជាតិនានាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំង ២»។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា លោកកត់សម្គាល់ចំណុចពិសេសចំពោះវត្តមានលើកទី១ របស់លោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិនលើកនេះ គឺជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ និងហុចផ្លែផ្កាដល់កម្ពុជា និងចិនចំពោះទំនាក់ទំនងល្អជាប្រពៃណី។
លោកថ្លែងថា៖ «ដំណើរទស្សនកិច្ចនេះជាការបន្តទំនាក់ទំនងល្អរវាងកម្ពុជានិងចិនដែលមានស្រាប់ដែលបានសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន។ ពេលនេះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នឹងបន្តពូនជ្រំទំនាក់ទំនងល្អនេះឱ្យកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជនទាំង ២»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិនចេញកាលពីថ្ងៃទី ១១ ខែកញ្ញា លោកស្រីម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែត បង្ហាញពីសារៈសំខាន់ដ៏ធំធេងរវាងការតភ្ជាប់នៃរដ្ឋាភិបាលកម្ពុជាថ្មី ជាមួយចិន និងដំណើរឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងដំណាក់កាលបន្ទាប់។
លោកស្រី ម៉ៅ នីង បញ្ជាក់ថា៖ «ជាពិសេស យើងសង្ឃឹមថា នឹងផ្តល់នូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការដូចជាច្រកអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រកត្រី និងស្រូវ នៅដើមដំបូង ហើយរួមគ្នាឆ្ពោះទៅរកយុគសម័យថ្មីនៃការកសាងគុណភាពខ្ពស់ កម្រិតខ្ពស់ និងសហគមន៍ចិន-កម្ពុជា ស្តង់ដាខ្ពស់ ជាមួយនឹងអនាគតរួមគ្នា»។
សម្រាប់លោកស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចទៅចិនរបស់នាយករដ្ឋមន្ត្រីកម្ពុជាថ្មីនេះជារឿងសំខាន់ និងជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ដែលលោកថា មេដឹកនាំកម្ពុជាគ្រប់ជំនាន់ មានភាពចាំបាច់ត្រូវពង្រឹងទំនាក់ទំនងជាមួយចិនដែលជាប្រទេសយក្សសេដ្ឋកិច្ចទី ២។
លោក ស៊ឺន សម ថ្លែងថា៖«ពេលទៅដល់ចិន ថ្នាក់ដឹកនាំកម្ពុជាគួរតែសម្លឹងរកមើលចំណុចល្អៗពីចិនដែលយើងអាចយកមកអនុវត្តនៅប្រទេសកម្ពុជាវិញឱ្យមានភាពជឿនលឿនទៅមុខ។ ចិនជាប្រទេសសេដ្ឋកិច្ចធំហើយចិនជាបងធំនៅអាស៊ី ហើយក្នុងពិភពលោកក៏ជាអ្នកខ្លាំង។ ដូច្នេះការរាប់អានប្រទេសខ្លាំង ជាការចាំបាច់សម្រាប់កម្ពុជា»។
លោកបន្ថែមថា ថ្នាក់ដឹកនាំកម្ពុជាគួរបន្តរក្សាចំណងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រួចហើយតួយ៉ាងកិច្ចព្រមព្រៀង និងសន្ធិសញ្ញានានា ហើយព្យាយាមពង្រឹងកិច្ចសន្ទនា និងការជួយជ្រោមជ្រែងគ្នាបន្ថែមទៀត ជាពិសេសបង្កើនការស្វែងយល់ពីគ្នា និងតម្រូវការរបស់គ្នាទៅវិញទៅមក។
ចំណែកលោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដាននយោបាយតំបន់យល់ថា នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទ្វេភាគីដំបូងរបស់នាយករដ្ឋមន្ត្រីកម្ពុជាថ្មី ដែលបង្ហាញពីសារៈសំខាន់របស់ចិនក្នុងអាទិភាពទី១ នៃនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាថ្មី ព្រមទាំងជាសារបង្ហាញជាអន្តរជាតិថា ទំនាក់ទំនងកម្ពុជា-ចិនជាទំនាក់ទំនងស្អិតល្មួត។
លោក សេង វណ្ណលី កត់សម្គាល់ការចាប់អារម្មណ៍ត្រង់ថា ដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែតទៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉េកាំងនេះ ធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិកចូ បៃឌិន មកកាន់ប្រទេសវៀតណាម។
លោកសង្កត់ធ្ងន់ថា៖ «ដំណើរទស្សនកិច្ចលើកនេះក៏អាចបង្ហាញពីការប្តេជ្ញាចិត្តពីការគាំទ្រឥតងាករេចំពោះទំនាក់ទំនង និងឥទ្ធិពលរបស់ចិនមកលើកម្ពុជា។ វាជាជម្រើសតែមួយគត់ ក្រៅពីទំនាក់ទំនងរបស់កម្ពុជាក្នុងក្របខ័ណ្ឌអាស៊ាន ដូចដែលបានឃើញក្នុងអាណត្តិដឹកនាំដោយឪពុកលោក គឺ លោក ហ៊ុន សែន»។
សូមរំឭកដែរថា ឆ្នាំ ២០២៣ នេះជាឆ្នាំមិត្តភាពកម្ពុជា-ចិន ហើយចំខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២។ ក្រៅពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ លោកហ៊ុន ម៉ាណែត នឹងចូលរួមក្នុងពិព័រណ៍អាស៊ាន-ចិន លើកទី២០ នៅទីក្រុងណាននីងផងដែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣៕