​ភ្នំពេញៈ ​កសិករ​ដាំ​ដុះ​ស្រូវ​ផ្កា​​រំដួល​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ស្នើឱ្យ​ក្រសួងកសិកម្ម ជួយ​រក្សា​តម្លៃ​ស្រូវ​ផ្ការំដួល​ឱ្យ​ស្ថិតនៅ​ក្នុងតម្លៃ​មួយ​សមរម្យ នា​រដូវ​ប្រមូល​ផល​ក្នុង​ខែវិច្ឆិកា​ខាងមុខ​ ខណៈដែល​ក្រសួង​ក៏​កំពុង​ជំរុញឱ្យមាន​ការផលិត​ពូជស្រូវ​ល្អ សែន​ក្រអូប​និង​ផ្ការំដួល ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ការឡើង​ថ្លៃ​ប្រភេទ​ស្រូវ IR និង​ OM បានធ្វើឱ្យ​កសិករ​ដែល​ដាំ​ដុះ​ស្រូវ​ប្រភេទ​នេះ មាន​សេចក្តីត្រេកអរ​យ៉ាង​​ខ្លាំង​ប៉ុន្តែ​ក្រោយមក​ស្ថានភាព​នៃ​តម្លៃ​ស្រូវ​នេះ ក៏បាន​ត្រឡប់​មករក​សភា​ពធ​ម្ម​តា​វិញ​។ ដំណាល​គ្នា​នេះដែរ​កសិករ​ដែល​ដាំ​ដុះ​ស្រូវ​ប្រភេទ ផ្ការំដួល ដែល​នឹង​ត្រៀម​ប្រមូល​ផល​ក្នុង​រយៈពេល ​២ ​ខែ​ខាងមុខ​ទៀត​នេះ ចង់ឱ្យ​ក្រសួងកសិកម្ម និង​ភាគី​ពាក់ព័ន្ធ គិតគូរ​ជួយ​រក្សា​លំនឹង​តម្លៃ​ស្រូវ​ផ្ការំដួល​ព្រោះ​ពួកគាត់​បារម្ភ​ថា វា​នឹងមាន​តម្លៃ​ទាប​នៅពេល​ប្រមូល​ផល​។​

​លោក​ ជា សាន​ កសិករ​ដាំ​ដុះ​ស្រូវ​ផ្ការំដួល​នៅ​ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១២ ខែកញ្ញា​ថា ប្រភេទ​ស្រូវ​ផ្ការំដួល​នេះ គេ​អាច​ដាំ​ដុះ​បានត្រឹមតែ​ម្តង​ប៉ុណ្ណោះ​ក្នុង ​១​ ឆ្នាំ ព្រោះ​ជា​ប្រភេទ​ស្រូវ​ប្រកាន់​រដូវ ហើយ​ការដាំដុះ​ត្រូវការ​ការថែទាំ​ខ្លាំង​ជាង​ស្រូវ​ធម្មតា ​(IR ​និង​ OM)​ និង​ពឹងផ្អែក​ច្រើន​លើទឹក​ភ្លៀង​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ថា សម្រាប់​ពូជ​វិញ​កសិករ មិនអាច​ទុក​ធ្វើ​ពូជ​ខ្លួនឯង​បានទេ ដោយ​ពូជ​ត្រូវ​ទិញ​ពី​ស្ថានីយ​ផលិត​ពូជ​របស់​ក្រសួងកសិកម្ម ឬ​ទិញ​ពី​សហគមន៍ ព្រោះ​ការ​ទុក​ប្រើ​ខ្លួន​ឯង នឹង​ធ្វើឱ្យ​គុណភាព​ស្រូវ​មិនល្អ មិន​ទទួលបាន​ពូជ​សុទ្ធ នៅពេល​លក់​ឈ្មួញ​នឹង​ទម្លាក់​ថ្លៃ​។​

​លោក​ប្រាប់​ដូច្នេះ​ថា​៖ «​ដាំ​ស្រូវ​រំដួល​នេះ យើង​ប្រើ​ដើមទុន​ច្រើន និង​ចំណាយ​ពេលវេលា​ក្នុងការ​ថែទាំ​ដិតដល់​ណាស់​។ ជាទូទៅ ស្រូវ​រំដួល​លក់បាន​ថ្លៃ​ជាង​ស្រូវ IR និង​ OM ចន្លោះ​ពី​ ១០០ រៀល​ទៅ​ ១៥០ ​រៀល ដូចនេះ បើ IR និង​ OM ​ឡើងថ្លៃ រំដួល​ក៏​លក់បាន​ថ្លៃ​ទៅតាម​ហ្នឹង​ដែរ​។ ឥឡូវ IR និង​ OM បាន​ធ្លាក់​ថ្លៃ​បន្តិច​មកវិញហើយ អ៊ីចឹង​យើង​បារម្ភ​ថា ដល់ពេល​ច្រូតកាត់​ស្រូវ​ផ្ការំដួល តម្លៃ​ស្រូវ​ទាប​ជាងនេះទៀត​»​។​

​ចំណែក លោក ឃុន សា​អែម ប្រធាន​សហគមន៍​កសិក​ម្ម​បាភ្នំ​មានជ័យ​បាន​និយាយ​ដែរ​ថា មិន​ថា ស្រូវ​ប្រភេទ​ផ្ការំដួល​, IR ឬ ​OM នោះទេ បើសិនជា​មានការ​សម្រុក​ច្រូត​ដំណាលគ្នា​ក្នុងពេល​តែមួយ ច្បាស់​ណាស់​ឈ្មួញ​ប្រាកដជា​ទម្លាក់​តម្លៃ​មិន​ខាន​។ ហេតុ​ដូចនេះហើយ​ទើប​សហគមន៍​តែងតែ​ប្រាប់​ដល់​សមាជិក កុំឱ្យ​មានការ​ច្រូត​ដំណាលគ្នា​ក្នុងពេល​តែមួយ​។​

​លោក​បញ្ជាក់ថា​៖ «​ស្រូវ​ផ្កា​រំ​ដួល​នេះ ថ្វីដ្បិតតែ​មានតម្លៃ​ល្អ​មែន តែ​នៅពេល​កសិករ​ប្រមូល​ផល​ដំណាលគ្នា វា​អាច​នឹង​ធ្លាក់​ថ្លៃ​ដែរ​។ កសិករ​ខ្លះ ប្រមូល​ផល​តាម​គ្នា ទាំង​ដែល​ស្រូវ​មិនទាន់​ទុំ​ល្អ​ក៏មាន​។ ដូចនេះ​សូមឱ្យ​ខាង​ក្រសួង និង​មន្ទីរ​ជួយ​ផ្សព្វផ្សាយ​ដល់​កសិករ​បន្ថែមទៀត កុំឱ្យ​មានការ​ប្រមូល​ផល​ដំណាលគ្នា​ក្នុងពេល​តែមួយ ដែល​ធ្វើឱ្យ​ឈ្មួញ​ទម្លាក់​ថ្លៃ​បាន​តាមចិត្ត​»​។​

​លោក​បន្ថែមថា សម្រាប់​ខេត្តព្រៃវែង​តំបន់​ដែលមាន​ការដាំដុះ​ស្រូវ​ផ្ការំដួល​ច្រើនជាងគេ គឺមាន​ ៣ ​ស្រុក រួមមាន​ស្រុក​ស្វាយ​អ​ន្ទ​រ​,​កំចាយមារ និង​កញ្ជ្រៀច ដោយ​សារ​តែ​ស្រុក​ទាំងនេះ​នៅ​ឆ្ងាយ​ពី​ប្រភពទឹក និង​ពឹងផ្អែក​លើទឹក​ភ្លៀង​ទើប​គេ​ដាំ​ដុះ​ស្រូវ​ប្រភេទ​នេះ​ច្រើន​ខណៈដែល​តំបន់​ដទៃទៀត​ដែល​នៅក្បែរ​ប្រភពទឹក​គេ​មិន​និយម​ដាំ​ស្រូវ​ផ្ការំដួល​ទេ គេ​ដាំ IR និង​ OM ដែល​ធ្វើបាន ​២​ ទៅ​ ៣​ ដង​ ក្នុង ​១ ​ឆ្នាំ​ចំណេញ​ជាង​។​

​លោក​ លន់ យ៉េ​ង អគ្គលេខា​ធិ​ការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ចំពោះ​តម្លៃ​ស្រូវ​ផ្ការំដួល ឡើង​ចុះ​កម្រិតណា​នោះ​វា​អាស្រ័យ​ដល់ពេល​ប្រមូល​ផល​សិន​ទើប​អាច​ដឹងបាន ប៉ុន្តែ​លោក​ថា ជាធម្មតា ស្រូវ​ប្រភេទ​នេះ ថ្លៃ​ជាង​ស្រូវ​ធម្មតា ដូច្នេះ​បើ​ស្រូវ ​IR និង​ OM ឡើងថ្លៃ ស្រូវ​រំដួល​ក៏​ឡើង​ទៅតាម​នេះដែរ​។​

​បើតាម​របាយការណ៍​នាំចេញ​អង្ករ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​រយៈពេល​ ៨​ ខែ​ ក្នុង​ឆ្នាំ ​២០២៣​ នេះ​ការនាំចេញ​អង្ករ​ក្រអូប​ប្រភេទ ផ្ការំដួល សម្រេចបាន​ជាង​ ៨០​ ភាគរយ តែបើ​មើល​ការដាំដុះ​របស់​កសិករ​វិញ​ឃើញថា នៅមាន​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ប្រភេទ​ស្រូវ​ផ្ការំដួល​នេះ​។

​ជុំវិញ​ចំណុច​នេះ លោក​ លន់ យ៉េ​ង ​ពន្យល់ថា​៖«​ផ្ការំដួល​ជា​ស្រូវ​ប្រកាន់​រដូវ ទិន្នផល​ទាប ពឹង​ទឹកភ្លៀង និង​មួយឆ្នាំ​ធ្វើបាន​ម្តង​។ គេ​ដាំ IR និង​ OM ច្រើន​ព្រោះ​ធ្វើបាន​ ២​ ទៅ​ ៣​ ដង ហើយ​ងាយ​ស្រួល​លក់​ទៅ​វៀតណាម ព្រោះ​វៀតណាម​ទិញ​តែ​ស្រូវ​ធម្មតា​ទេ​»​។​

​ទោះជា​បែបនេះ​ក្តី រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ លោក ឌិ​ត ទីណា ក៏​នៅតែ​ជំរុញ​ការប្រើប្រាស់​ពូជស្រូវ​សុទ្ធ ពូជស្រូវ​ល្អ សែន​ក្រអូប និង​ផ្ការំដួល ដែលជា​ពូជស្រូវ​យុទ្ធសាស្ត្រ​របស់​ខ្មែរ​ដែរ​។​ក្នុងពេល​ចុះ​ពិនិត្យ​កសិដ្ឋាន​ផលិត​ពូជស្រូវ និង​សហគមន៍​កសិកម្ម​ក្នុង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី ​១០ ខែកញ្ញា លោក​រដ្ឋ​មន្ត្រី​បានលើកឡើង​ថា ជាយ​ន្ត​ការ​គឺ​ចាំបាច់​ត្រូវមាន​ការចូលរួម ការសហការ​គ្នា​ល្អ ការកសាង​នូវ​បណ្តាញ​ពូជស្រូវ​សុទ្ធ​ពិសេស​ពូជស្រូវ​សែន​ក្រអូប​និង​ផ្ការំដួល ដែលមាន​តម្លៃ​ថ្លៃ មានការ​ចុះបញ្ជី មាន​វិញ្ញាបនបត្រ​ត្រឹមត្រូវ និង​មាន​ខ្សែចង្វាក់​ទីផ្សារ​ល្អ​។

​លោក ឌិ​ត​ ទីណា ជំ​រុញឱ្យ​កសិដ្ឋាន​ផលិត​ស្រូវពូជ និង​សហគមន៍​កសិកម្ម នៅក្នុង​ខេត្តបាត់ដំបង ត្រូវយក​ចិត្ត​ទុកដាក់​ផលិត​ពូជស្រូវ​ល្អ សែន​ក្រអូប​និង​ផ្ការំដួល​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​និង​ការ​ប្រើប្រាស់​,​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ចលនា​ពូជ​សុទ្ធ និង​ជំរុញ​ការ​ប្រើប្រាស់​ពូជ​សុទ្ធ​ឱ្យ​កាន់តែ​ធំ​ទូលាយ ទាំង​អ្នក​ប្រើ​ស្រូវ​ចំណី ដើម្បី​ពង្រីក​ឱ្យ​ធំ ព្រោះ​មាន​ទីផ្សារ​ពូជស្រូវ​ល្អ និង​តម្លៃ​ល្អ​។

លោក​ថា​៖ «​ការជ្រើសរើស​ពូជស្រូវ​សុទ្ធ សែន​ក្រអូប​និង​ផ្ការំដួល​គឺ​ជួយ​ដល់​អ្នក​ផលិត​ពូជ​សុទ្ធ​និង​បង្កើន​ផលចំណេញ​សម្រាប់​ទាំងអស់គ្នា​។ ក្រសួង​នឹង​ជួយ​ជំរុញឱ្យមាន​ការ​សហការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​និង​រោង​ម៉ាស៊ីនកិនស្រូវ​ពី​ទីផ្សារ និង​តម្លៃ​នេះ​»៕