ត្បូងឃ្មុំៈ អ្នកជំនាញប្រវត្តិសាស្ត្រ និងអ្នកជំនាញទេសចរណ៍បានរំពឹងថា ការរៀបចំរបស់អាជ្ញាធរលើរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្ដេចកនឱ្យក្លាយជារមណីយដ្ឋានបែបវប្បធម៌និងប្រវត្តិសាស្ត្រនឹងជំរុញឱ្យមានកំណើនទេសចរក្នុងខេត្តនិងផ្ដល់និរន្តរភាពក្នុងវិស័យនេះផងដែរ។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្របានឱ្យដឹងនៅថ្ងៃទី ១២ ខែកញ្ញាថា ក្នុងខេត្តនីមួយៗត្រូវតែបង្កើតទីតាំងថ្មីៗដើម្បីឱ្យមានចរន្តទេសចរ និងបង្កើតគោលដៅដែលជាកន្លែងនៃការចងចាំសម្រាប់មហាជនទូទាំងប្រទេស។
លោកបានបន្តថា នៅក្នុងខេត្តត្បូងឃ្មុំ បើនិយាយពីប្រវត្តិសាស្ត្រ គឺមានទីតាំងមួយដែលជាកន្លែងបន្ទាយ និងវាំងរបស់ហ្លួងព្រះស្ដេចកន ហើយដើម្បីឱ្យមហាជនបានស្គាល់ បានដឹង អាជ្ញាធរត្រូវបង្កើតឱ្យមានសកម្មភាព ដូចជា ពិធីបុណ្យអុំទូក ការជួបជុំទូទាំងខេត្តក្នុងពិធីវប្បធម៌ ឬសាសនាជាដើម។
ការបង្កើតឱ្យទៅជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រនៅទីនោះ គឺជាការសំខាន់ ដោយសារទីនោះគឺជាកន្លែងរៀបចំឡើងនៅសតវត្សរ៍ទី១៦ នៅពេលដែលស្ដេចកនបានទទួលងារជាស្ដេច ហើយស្ដេចកនក៏បានបង្កើតទីតាំងនៃរាជវាំង និងកសាងបន្ទាយដ៏រឹងមាំសម្រាប់សុខសន្តិភាពដល់ប្រជាជនទូទៅ។
នេះបើតាមការបន្ថែមពីលោក សំបូរ មាណ្ណារ៉ា។ លោក សំបូរ មាណ្ណារ៉ា បានបញ្ជាក់ថា៖ «អ៊ីចឹង! កន្លែងហ្នឹងគឺជាទីតាំងប្រវត្តិសាស្ត្រពិតប្រាកដហើយ ហើយខ្ញុំគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យទៅជាទីរមណីយដ្ឋានជាក់លាក់ច្បាស់លាស់ឱ្យមនុស្សគ្រប់គ្នាហ្នឹងមានដំណើរទេសចរណ៍បែបយល់ដឹងពីវប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍កម្សាន្តតាមរយៈការស្គាល់ទីតាំងដ៏សំខាន់នៅខេត្តត្បូងឃ្មុំនេះ»។
លោកបន្ថែមថា នៅកម្ពុជា មិនមែនតែខេត្តត្បូងឃ្មុំទេដែលមានរមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តិសាស្ត្រ តែនៅមានខេត្តជាច្រើនទៀត។ដោយឡែកលោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ក៏បានឱ្យដឹងដែរថា សម្រាប់វិស័យទេសចរណ៍ ការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្ដេចកនឱ្យកា្លយជារមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តិសាស្ត្រគឺផ្ដល់ប្រយោជន៍ដល់អ្នកទេសចរបានស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរមួយផងដែរ។
លោកថ្លែងថា៖ «រមណីយដ្ឋានប្រវត្តិសាស្ត្រផ្ដល់ចំណូលដល់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិបានយូរអង្វែង ដែលវាខុសពីរមណីយដ្ឋានកែច្នៃ វាមិនបានជួយដល់សេដ្ឋកិច្ចជាតិយើងឱ្យមាននិរន្តរភាពល្អទេ»។
អ្នកជំនាញទេសចរណ៍រូបនេះបានបន្តថា ដូច្នេះការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រឱ្យមានភាពស្រស់បំព្រង ធម្មជាតិ អនាម័យល្អ វាបានផ្ដល់ផលចំណេញជានិរន្តរភាពសម្រាប់វិស័យទេសចរណ៍ក៏ដូចជា សេដ្ឋកិច្ចជាតិផងដែរ។
ទាក់ទងនឹងរឿងនេះ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានអំពាវនាវដល់ភ្ញៀវជាតិ អន្តរជាតិ ក៏ដូចពលរដ្ឋក្នុងខេត្ត និងនៅទូទាំងប្រទេសឱ្យមកកម្សាន្តនៅតំបន់រមណីយដ្ឋានហ្លួងព្រះស្តេចកនបានច្រើនកុះករផងដែរ។
លោកបានឱ្យដឹងថា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រហ្លួងព្រះសេ្តចកនជាអតីតរាជធានីហើយរមណីយដ្ឋាននេះមានកំពែងរាងការ៉េព័ទ្ធជុំវិញប្រវែង ២ ៥០០ ម៉ែត្រ ក្នុង ១ ជ្រុងៗ។ នៅសតវត្សរ៍ទី១៦ ហ្លួងព្រះស្តេចកនបានកសាងកំពែងព្រះវិហារវត្តអារាមមួយក្នុងបន្ទាយហើយបានយកមាសខ្មៅសាងព្រះពុទ្ធរូប ១ អង្គ ដែលមានព្រះភ្នែន ១២ ធ្នាប់ កម្ពស់ ២០ ធ្នាប់តម្កល់នៅទីនោះ៕