ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យរឹតតែប្រសើរថែមទៀតរវាងប្រទេសទាំង ២ ជាពិសេសការលើកកម្ពស់សុខុមាលភាពជនបទ តាមរយៈការអប់រំពលរដ្ឋឱ្យប្រើប្រាស់ទឹកស្អាត។
ការប្តេជ្ញានេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ូអិណូ អាតស៊ូស្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង។
យោងតាមហ្វេសប៊ុកក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានលើកឡើងថា គិតមកទល់បច្ចុប្បន្ន កម្ពុជាសម្រេចបាន ៨០ ភាគរយនៃផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនប្រើប្រាស់ ហើយនៅឆ្នាំ ២០២៥ ខាងមុខ កម្ពុជានឹងមានទឹកស្អាតប្រើគ្រប់ទីកន្លែងព្រមទាំងការអប់រំប្រើប្រាស់បង្គន់អនាម័យឱ្យបានត្រឹមត្រូវ សំដៅលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាលថែមទៀត។
លោកបានបន្តថា៖ «ដើម្បីជំរុញផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ក្រសួងបានបង្កើតគោលនយោបាយអនុវត្តបន្តរបស់ក្រសួង គឺសំដៅធ្វើយ៉ាងណាលើកស្ទួយសេដ្ឋកិច្ចជនបទតាមរយៈការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ទីកន្លែង និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការអប់រំប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកស្អាតឱ្យកាន់តែប្រសើរឡើង»។
លោកបានបន្តថា ក្រៅពីជំរុញផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនប្រើប្រាស់ ក្រសួងក៏នឹងខិតខំប្រឹងប្រែងជំរុញលើកកម្ពស់សេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្តាលជំនាញជូនប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់អាចប្រកបមុខរបរផ្សេងទៀតក្រៅពីមុខរបរកសិកម្មផងដែរ។
ក្នុងឱកាសនោះ លោក អ៊ូអិណូ អាតស៊ូស្ស៊ី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងភាពជាដៃគូនាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានលើកឡើងថា ជប៉ុននឹងបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតនៅក្នុងអាណត្តិរដ្ឋាភិបាលថ្មីដើម្បីលើកស្ទួយវិស័យអភិវឌ្ឍន៍ជនបទ ពិសេសការអប់រំលើវិស័យទឹកស្អាតនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
ក្នុងជំនួបនេះភាគីកម្ពុជា-ជប៉ុន ក៏បានប្ដេជ្ញាថា នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើររវាងប្រទេសទាំង ២ ជាពិសេសដើម្បីស្វែងយល់អំពីតម្រូវការរបស់កម្ពុជាក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទលើការងារអភិវឌ្ឍន៍ជនបទ។
ពាក់ព័ន្ធនឹងរឿងនេះ ប្រធានកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លោក ហង់ ហ៊ីប៊ុណ្ណា ក៏បានបង្ហាញការគាំទ្រចំពោះការពង្រីងកិច្ចសហការលើវិស័យទឹកស្អាតរបស់កម្ពុជា-ជប៉ុន ដើម្បីលើកកម្ពស់ការអភិវឌ្ឍជនបទ និងសុខភាពពលរដ្ឋកម្ពុជា។
លោកបានឱ្យដឹងនៅថ្ងៃទី ១២ ខែកញ្ញាថា តាមរយៈការពង្រីកកិច្ចសហការនេះពលរដ្ឋនៅតាមជនបទនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ដើម្បីធានាបានសុខភាពល្អ និងមិនប្រឈមនឹងជំងឺនានាផងដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំក៏សូមឱ្យស្ថាប័នពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកស្អាត ការអនុវត្តអនាម័យឱ្យបានត្រឹមត្រូវ ជាពិសេសការរក្សាអនាម័យដល់ប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែទូលាយបន្ថែមទៀត»។
សូមបញ្ជាក់ថា គោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទបានកំណត់ថា នៅឆ្នាំ ២០២៥ ពលរដ្ឋនៅសហគមន៍ជនបទត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព៕