ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ នឹងមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងការរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព។
លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ថ្លែងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការបញ្ចប់ការសិក្សារៀបចំគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពជំហានទី៤» ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
យោងតាមហ្វេសប៊ុកក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា លោករដ្ឋមន្ត្រី បានថ្លែងថា គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ឆ្នាំ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ១០០ភាគរយនៅឆ្នាំ២០២៥ សម្រាប់តំបន់ជនបទក្នុងខេត្តគោលដៅចំនួន៩ ដូចជា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ប៉ៃលិន បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ និងខេត្តស្ទឹងត្រែង។
លោក ឆាយ ប្ញទ្ធិសែន បានថ្លែងថា៖ «ក្នុងគោលនយោបាយជាតិបានកំណត់នូវទស្សនវិស័យថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព»។
លោក យី គឹមថាន នាយករងប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ថ្លែងថា តាមផែនការ និងគោលនយោបាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ថ្មីៗនេះ ខាងអង្គការរបស់លោក ក៏កំពុងអនុវត្តគម្រោងទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភនៅថ្នាក់ជាតិផងដែរ។
លោកនិយាយថា គម្រោងនេះនឹងព្យាយាមពង្រឹងសមត្ថភាពដល់អ្នកដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលអនុវត្តគោលការណ៍ប្រតិបត្តិរបស់អង្គការស្ដីពីបទអន្តរាគមន៍ទៅលើទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ។
លោក យី គឹមថាន បញ្ជាក់ថា៖ «ប្រសិនជាក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលធ្វើការលើបញ្ហាអាហារូបត្ថម្ភ ឬបញ្ហាទឹកស្អាត និងអនាម័យ គឺពួកគាត់អាចពិចារណាក្នុងការប្រើប្រាស់គោលការណ៍ប្រតិបត្តិរបស់យើង ដើម្បីរៀបចំសកម្មភាព ធ្វើយ៉ាងម៉េចឱ្យទឹកស្អាត និងអនាម័យ អនុវត្តស្របតាមគោលនយោបាយរបស់រដ្ឋ»។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (២០១៧-២០២២) ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន មានការកើនឡើងគួរឱ្យកត់សម្គាល់ពី ៥៨,៧ ភាគរយ ដល់ ៨២,៧ ភាគរយ ហើយផ្នែកអនាម័យកម្រិតមូលដ្ឋាន បានកើនឡើងពី ៧១% ទៅ ៨៣,៧ភាគរយ (CSES ២០២២) និងការបន្ទោបង់ពាសវាលពាសកាលបានធ្លាក់ចុះយ៉ាងខ្លាំងពី ៤៣% ក្នុងឆ្នាំ២០១៥ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២ (JMP ២០២៣)៕