ភ្នំពេញៈសមត្ថកិច្ចរាជធានីភ្នំពេញ បានចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សនៅតាមសាលា ដើម្បីបញ្ជ្រាបចំណេះដឹង និងកាត់បន្ថយបាតុភាពមិនល្អនៅក្នុងសង្គម។
តាមទំព័រហ្វេសប៊ុករបស់ស្នងការដ្នាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការចុះអប់រំផ្សព្វផ្សាយនេះ គឺធ្វើឡើងតាមការណែនាំរបស់លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវផែនការ ដើម្បីឱ្យកម្លាំងសមត្ថកិច្ចទូទាំងរាជធានីភ្នំពេញ ចុះផ្សព្វផ្សាយពីផលប៉ះពាល់ទាំងអស់នេះដល់សិស្សានុសិស្ស។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖«នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិទ្យាល័យឫស្សីកែវ លោកវរសេនីយ៍ត្រី តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ សហការជាមួយនាយកសាលា លោកគ្រូ-អ្នកគ្រូ វិទ្យាល័យឫស្សីកែវ ធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ក្មេងទំនើង ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សសរុបចំនួន ៦៧នាក់»។
លោក តូច គឹមសុង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៣ កញ្ញាថា ការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ក្មេងទំនើង ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស បានធ្វើឡើងជាបន្តបន្ទាប់។
លោកបន្តថា ការផ្សព្វផ្សាយទៅដល់យុវជន គឺមានតែសាលាទេ ដែលអាចផ្តល់ព័ត៌មានឱ្យពួកគាត់បានទូលំទូលាយ ខណៈការផ្សព្វផ្សាយនេះ ក្រៅពីបញ្ជ្រាបនៅតាមសាលា តាមរយៈម៉ោងសម្រាករបស់សិស្ស សមត្ថកិច្ច ក៏បានចូលទៅអប់រំណែនាំដល់សិស្សានុសិស្ស នៅពេលអំឡុងគោរពទង់ជាតិ ដើម្បីផ្តល់នូវចំណេះដឹងនានា ដើម្បីឱ្យពួកគាត់ជាយុវជន បានដឹង និងគេចចេញឱ្យឆ្ងាយ។
លោក បានបញ្ជាក់ថា៖«បើយើងផ្សព្វផ្សាយនៅតាមមូលដ្ឋាន យើងពិបាកប្រមូលយុវជនឱ្យគាត់មកចូលរួម។ អ៊ីចឹងហើយខ្ញុំ ក៏យកគោលការណ៍ណែនាំហ្នឹង មកអនុវត្ត និងផ្សព្វផ្សាយនៅតាមសាលារៀនឱ្យបានទូលំទូលាយ។ យើងលើកយកពីផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងញៀន ទៅដល់យុវជន ឱ្យពួកគាត់មានការយល់ដឹង»។
កាលពីពេលថ្មីៗនេះ សមត្ថកិច្ចខេត្ដមួយចំនួន បានប្រកាសពីវិធានការនានា ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យបង្កឡើងមកពីក្រុមក្មេងទំនើង បន្ទាប់ពីមានករណីក្មេងទំនើង បានបង្កអំពើហិង្សា និងការកាប់ចាក់គ្នាបណ្តាលឱ្យមានអ្នករងគ្រោះ និងរហូតដល់ស្លាប់ជាបន្តបន្ទាប់ ដែលហេតុការណ៍ទាំងនេះបានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឋានផងដែរ។
ឆ្លើយតបនឹងបាតុភាពនេះ លោក តូច គឹមសុង បានអះអាងថា បាតុភាពនានានៅក្នុងមូលដ្ឋានរបស់លោក គឺមានលក្ខណៈល្អ បើទោះជាធ្លាប់កើតមានករណីតិចតួចតាមរូបភាពក្មេងទំនើង គ្រឿងញៀន និងអំពើលួចអីជាដើម ប៉ុន្តែសមត្ថកិច្ច បានចាត់វិធានការបានទាន់ពេលវេលា និងតែងដាក់ចេញនូវវិធានការនានា ដើម្បីការពារសុខសុវត្ថិភាព និងអប់រំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាប្រចាំ។
លោក បានបញ្ជាក់ថា៖«នៅក្នុងមូលដ្ឋានរបស់ខ្ញុំ គឺករណីគ្រឿងញៀន ឬក្មេងទំនើងអី មិនសូវកើតមានទេ។ និយាយឱ្យចំទៅតិចតួចបំផុត ហើយបើមានក៏យើងបង្ក្រាបបាន និងធ្វើការទប់ស្តាត់បាន មិនឱ្យមានការរីករាលដាលទេ។ និយាយឱ្យចំទៅ គឺឃើញថា យុវជនយើងមានការស្វែងយល់ និងដឹងច្រើន។ អ៊ីចឹងទៅ នៅក្នុងមូលដ្ឋានរបស់ខ្ញុំ មិនសូវមានសកម្មភាពទាំងអស់នេះច្រើន»៕