ភ្នំពេញៈក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចែកម៉ាស៊ីនស្ទូងស្រូវចំនួន ១០០ គ្រឿង ដល់សហគមន៍ផលិតពូជស្រូវនៅខេត្តចំនួន១៣ ដើម្បីប្រើប្រាស់ជាប្រយោជន៍សម្រាប់សហគមន៍ក្នុងការផលិតពូជស្រូវ និងជំរុញការនាំចេញស្រូវទៅក្រៅប្រទេស។
ម៉ាស៊ីនស្ទូងស្រូវរបស់កម្ពុជាដែលជាអំណោយពិសេសរបស់អតីតនាយករដ្ឋមន្រ្តី លោកហ៊ុន សែន ត្រូវបានចែកជូនដល់ដៃសហគមន៍ផលិតពូជស្រូវ តាមរយៈលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម។
លោកយ៉ង សាំងកុមារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញា នេះថា ម៉ាស៊ីនស្ទូងនេះមានគុណសម្បត្តិច្រើន ដែលជួយកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម ចំណេញពេលវេលា និងកាត់បន្ថយការប្រើប្រាស់ពូជ។
លោកបានបន្ថែមថា ការចែកម៉ាស៊ីនស្ទូងនាពេលនេះជាផ្នែកមួយនៃបេសកកម្មកសាងប្រព័ន្ធពូជសុទ្ធសម្រាប់ពង្រីកទីផ្សារអង្ករជូនកសិករ តាមរយៈការប្រើប្រាស់កម្លាំងម៉ាស៊ីន ហើយការយកត្រឹម១៣ខេត្ត សម្រាប់ចែកជូនម៉ាស៊ីន ព្រោះខេត្តទាំងនេះ ជាខេត្តដែលមានសក្តានុពល និងមានការដាំដុះស្រូវច្រើនសម្រាប់ការនាំចេញ។
លោកបានបញ្ជាក់ថា៖«ម៉ាស៊ីនស្ទូងនេះ ជាប្រភេទម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ ដែលផលិតនៅក្នុងស្រុក ដោយម៉ាស៊ីននេះត្រូវការកម្លាំងមនុស្ស៣នាក់បន្ថែមទៀតសម្រាប់ដំណើរការវា។ តែយ៉ាងណាមិញ ការប្រើប្រាស់ម៉ាស៊ីននៅតែមានផលចំណេញជាងប្រើប្រាស់កម្លាំងមនុស្សសម្រាប់ស្ទូង»។
លោក យ៉ង សាំងកុមារ បានបន្ថែមថា ក្រសួងកសិកម្ម បានសម្រេចផ្តល់ម៉ាស៊ីននេះដល់សហគមន៍កសិកម្មដែលមានសក្តានុពលក្នុងការផលិតពូជស្រូវ សម្រាប់ការនាំចេញ ដូចជាពូជស្រូវសែនក្រអូប ផ្ការំដួល ជាដើម។
លោកបញ្ជាក់ថា៖«ជារួមយើងមានបេសកកម្មសាងប្រព័ន្ធពូជសុទ្ធផ្ការំដួលលើផ្ទៃដី ២៥០ ០០០ ហិកតា នៅទូទាំងប្រទេសសម្រាប់ឆ្លើយតបទៅនឹងតម្រូវការផលិតកម្មអង្ករផ្ការំដួលដើម្បីនាំចេញឱ្យបានសម្រេចនៅឆ្នាំ២០២៥»។
លោក សែម សារុំ ប្រធានសហគមន៍កសិកម្មផលិតពូជស្រូវបក្សីរីករាយ នៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលទើបតែទទួលបានម៉ាស៊ីនស្ទូងពីក្រសួងកសិកម្ម បានប្រាប់ថា ថ្វីដ្បិតតែទទួលបានម៉ាស៊ីននេះ តែលោក និងសមាជិកដទៃទៀតមិនទាន់ចេះពីរបៀបប្រើវានៅឡើយទេ។ ម្យ៉ាងវិញទៀត រដូវប្រមូលផលទើបតែបញ្ចប់ ដូចនេះម៉ាស៊ីននេះអាចនឹងប្រើប្រាស់ឆ្នាំក្រោយ។
លោកបានបន្ថែមថា មានតែសមាជិករបស់សហគមន៍ប៉ុណ្ណោះ ដែលអាចយកម៉ាស៊ីនទៅប្រើប្រាស់បាន ដោយគោលដៅសំខាន់ គឺប្រើប្រាស់សម្រាប់ផលិតពូជស្រូវ ដើម្បីចែកចាយដល់កសិករដាំដុះ ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ចំប៉ី៧០ និងសែនក្រអូបជាដើម។
លោក សារុំ បានបញ្ជាក់ដូច្នេះថា៖«ថ្វីដ្បិតតែម៉ាស៊ីននៅត្រូវការកម្លាំងមនុស្សជួយមែន តែយ៉ាងហោចណាស់ ក៏កាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សបានច្រើនដែរ ព្រោះថា ដូចដឹងសព្វថ្ងៃនេះ កសិករធ្វើស្រែ មិនសូវស្ទូងនោះទេ ដោយសារខ្វះកម្លាំងពលកម្ម។ តែការស្ទូងវាចំណេញគ្រាប់ពូជច្រើន ដូច្នេះបើមានម៉ាស៊ីននេះ ខ្ញុំយល់ថា វានឹងជួយបានច្រើនមិនខាន»។
សូមបញ្ជាក់ដែរថា ក្រសួងកសិកម្ម បានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០២៣ ផ្តល់នូវការតម្រង់ទិសយ៉ាងទូលំទូលាយ និងមុតស្រួចដើម្បីអភិវឌ្ឍវិស័យនេះ សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនរួមគ្នាអនុវត្ត។
នៅក្នុងគោលនយោបាយនេះ ក្រសួងក៏បានដាក់ចេញនូវផ្នែកសំខាន់ៗចំនួន៤ គឺ ការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មក្នុងខ្សែចង្វាក់តម្លៃកសិកម្ម,ការវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម, កំណើនប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការកែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ។
ការប្រើប្រាស់យានយន្ត ឬគ្រឿងម៉ាស៊ីន នៅក្នុងវិស័យដំណាំស្រូវ គឺជាការជំរុញការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មក្នុងខ្សែចង្វាក់តម្លៃកសិកម្ម ដើម្បីបង្កើនទិន្នផលស្រូវ និងផ្តល់តម្លៃបន្ថែមខ្ពស់៕