ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រភិភូ នៃរាជរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី នឹងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិនផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីថ្ងៃទី១២ ខែកញ្ញាបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។
ជំនួបនេះភាគីទាំង២នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួនដូចជា ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម។
ក្រសួងការបរទេសបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីកម្ពុជា នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង និយាយអំពីកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ហើយនាយករដ្ឋមន្ត្រីទាំងពីរក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។
ក្រៅពីទស្សនកិច្ចផ្លូវការ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៍ អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី។
ក្រសួងការបរទេសបញ្ជាក់ថា៖«ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។
បើតាមក្រសួងការបរទេស ដំណើរទស្សនកិច្ចនេះ នឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើនក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ដែលផ្តល់ប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំង២ផងដែរ៕