ភ្នំពេញៈ ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតពិគ្រោះ ព្យាបាលជំងឺចំនួន ២ កន្លែងនៅក្នុងរាជធានីភ្នំពេញ ក្រោមហេតុផលមិនបានគោរពលក្ខខណ្ឌបច្ចេកទេស និងមិនគោរពកិច្ចសន្យាដែលបានធានាអះអាងពេលស្នើសុំបើកបន្ទប់ពិគ្រោះព្យាបាលជំងឺ។សេចក្តីសម្រេចស្តីពីការបិទនិងដកហូតលិខិតអនុញ្ញាតនោះរួមមាន បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ហែម ចាន់យុទ្ធី ស្ថិតនៅក្នុងភូមិអូឌឹម សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ពិគ្រោះព្យាបាលជំងឺត្រចៀកច្រមុះបំពង់កសៀរហឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្តីសម្រេចចុះថ្ងៃទី ១១ ខែកញ្ញា បិទបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ហែម ចាន់យុទ្ធី បន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល រួមជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញពិនិត្យឃើញថា បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅនេះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកបន្ទប់ពិគ្រោះព្យាបាលជំងឺ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញមិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមទាក់ទងនឹងការបិទ និងដកហូតលិខិតអនុញ្ញាតទាំងនេះបានទេនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ ដោយលោកបានប្រាប់ថាលោកកំពុងជាប់រវល់ប្រជុំ។
ទាក់ទងនឹងករណីនេះដែរ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជានិងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជាបានគាំទ្រចំពោះចំណាត់ការរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការគ្រោះថ្នាក់យថាហេតុណាមួយដល់អាយុជីវិតប្រជាពលរដ្ឋ។
លោកបានថ្លែងថា វិធានការនេះក៏ជាការព្រមានដល់រាល់ការបើកមន្ទីរសម្រាកព្យាបាលនិងបន្ទប់ពិគ្រោះជំងឺ ឱ្យចូលរួមគោរពតាមច្បាប់ផងដែរ។
លោកឡី សុភាព បានបញ្ជាក់ថា៖ «វាពាក់ព័ន្ធនឹងជីវិតមនុស្ស ហើយចំណាត់ការនេះគឺបង្ហាញអំពីគោលជំហរក្រសួងសុខាភិបាលដែលបានគិតអំពីសុខភាពនិងអាយុជីវិតប្រជាជនកម្ពុជា។ការបិទនេះជាការព្រមានដល់អ្នកផ្សេងឱ្យតែធ្វើខុសច្បាប់ និងមិនគោរពតាមកិច្ចសន្យាគឺត្រូវតែបិទ»។
ជុំវិញសុខុមាលភាពសាធារណៈនេះដែរ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់ព្រមាននាពេលកន្លងទៅថា រាល់ការបើកមន្ទីរសម្រាកព្យាបាល បន្ទប់ពិគ្រោះជំងឺឬអង្គភាពផ្ដល់សេវាសុខាភិបាលផ្សេងៗ គឺត្រូវតែអនុលោមតាមនីតិវិធីដោយប្រកាន់ខ្ជាប់នូវបច្ចេកទេស វិជ្ជាជីវៈ និងកិច្ចសន្យាដាច់ខាត។
លោកបានបញ្ជាក់ថា៖«កិច្ចសហការរបស់អាជ្ញាធរជាមួយវិស័យសុខាភិបាលពិតជាមានសារៈសំខាន់ណាស់ដើម្បីធានាបានក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ដល់ប្រជាពលរដ្ឋ»៕