ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ បាន​សន្យាថា នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ភាពជា​ដៃគូ​ឱ្យ​កាន់តែ​ល្អ​ជាមួយ​កម្ពុជា ជាពិសេស​ជាមួយ​ក្រសួង​អភិ​វឌ្ឍន៍​ជនបទ ដោយ​ផ្តល់​បទ​ពិសោធន៍​ក្នុងការ​បង្កើតជា​ភូមិ​គំរូ​ដល់​កម្ពុជា​ផងដែរ​។​

​យោងតាម​ការផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បានឱ្យដឹងថា ការលើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លោកស្រី DevyaniUttamKhobragade​ ដូចនេះ ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ​កាល​ថ្ងៃទី​ ១២ ខែកញ្ញា ឆ្នាំ​២០២៣​។​

​លោកស្រី Devyani បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ ភាពជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល​ឥណ្ឌា និង​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេលកន្លងមក ដោយ​លោកស្រី​បាន​សន្យាថា​នឹង​បន្ត​ទំនាក់ទំនង​ភាពជា​ដៃគូ​ឱ្យ​កាន់តែខ្លាំង និង​ល្អ​ជាង​មុន​បន្ថែមទៀត ជាពិសេស​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​លោកស្រី បាន​អះអាងថា​៖«​រដ្ឋាភិបាល​ឥណ្ឌា​នឹង​បន្ត​ផ្តល់​ការចែករំលែក​បទពិសោធ​ន៍​តាមរយៈ​ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​ការងារ​ផ្តល់​ឥណទាន​ជូន​ប្រជាជន​ជនបទនិង​ការសហការ​ផ្តល់​បទពិសោធ​ន៍​ក្នុងការ​បង្កើតជា​ភូមិ​គំរូ​ដោយ​ផ្តោតលើ​សេវាកម្ម​សា​ធា​រណៈ​ឌីជីថល​ផ្សេងៗ​ផងដែរ ដើម្បី​ប្រែក្លាយ​ជនបទ​កម្ពុជា​ជា​សង្គម​ឌីជីថល និង​ស៊ី​វិ​ល័យ​ផងដែរ​»​។​

​លោកស្រី Devyani បាន​បន្ថែមទៀតថា រដ្ឋាភិបាល​ឥណ្ឌា​នឹង​បន្ត​ពង្រីក​កិច្ចសហការ​ជា​​មួយ​កម្ពុជា​ក្រោម​ការផ្តល់​ជា​ជំនួយ​លើ​ការងារ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​តាមរយៈ​បច្ចេកទេស Amrit គឺ​ទឹកស្អាត​គ្មាន​សារជាតិ​ពុល​អា​សេ​និក ការជំរុញ​អ្នកវិនិយោគ​ឥណ្ឌា​មក​កម្ពុជា​ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា​។​

​ថ្លែង​ក្នុងជំនួប​នោះដែរ លោក ឆាយ ឫទ្ធិ​សែន បាន​អរគុណ​ចំពោះ​ភាគី​ឥណ្ឌា​ដែល​តែងតែ​ផ្តល់​កិច្ចសហប្រតិបត្ដិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ មាន​វិស័យ​វប្បធម៌ សា​​សនា ការអប់រំ បណ្តុះបណ្តាល​ជំនាញ និង​វិស័យ​អភិវឌ្ឍន៍ជនបទ​ជាមួយ​កម្ពុជា​។​

​លោក​ថា ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី ​៧ គឺ​ផ្តោត​ខ្លាំង​លើ​កំណើន​ការងារ​សមធម៌​ប្រសិទ្ធភាព និង​ចីរភាព​សំដៅ​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ ​២០៥០​។​

​លោក​បាន​បញ្ជាក់ថា​៖«​ក្រសួង​បានរៀបចំ​កម្មវិធី​អាទិភាព​របស់ខ្លួន​តាម​រយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ និង​គមនាគមន៍ ការបង្កើត​ភូមិ​គំរូ សំដៅ​ពង្រីក​វិសាលភាព​នៅ​ជន​​បទ​ឱ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​ជំរុញ​ល្បឿន​ការផ្តល់​សេវាកម្ម​ចាំបាច់​នានា​ដល់​ជនបទ និង​លើកស្ទួយ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ផងដែរ​»​។​

​សូម​រំឭក​ដែរ​ថា ពាក់ព័ន្ធ​នឹង​ការបង្កើត​ភូមិ​គំរូ​នេះដែរ កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ​លោក ឆាយ ឫទ្ធិ​សែន បាន​ណែនាំ និង​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ និង​នាយកដ្ឋាន​អភិវឌ្ឍន៍​ជនជាតិ​ភាគតិច សិក្សា​ពី​ការបង្កើត​ភូមិ​​គំរូ​ដែលមាន​សក្ដានុពល និង​អំណោយផល​លើ​ផ្នែក​សេដ្ឋកិច្ច ទេសចរណ៍ ឬ​កសិផល​ផ្សេងៗ​នៅ​តំបន់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដើម្បី​ពង្រឹង​ជីវភាព​រស់នៅ​នៃ​សហគមន៍​ជនជាតិ​​ដើម​ភាគតិច​នៅ​កម្ពុជា​។​

​ទាកទិន​នឹង​រឿងនេះ ប្រធាន​​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន នៅ​ថ្ងៃទី​ ១៣ ខែកញ្ញា បាន​គាំទ្រ​រាល់​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​នានា​ពី​សហគមន៍​អន្តរ​​ជាតិ​ដើម្បី​ជួយ​ជំរុញ​ការលើក​កម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​របស់​កម្ពុជា​។

​លោកស្រី​បាន​ថ្លែងថា​៖«​ទន្ទឹមនឹង​ការគាំទ្រ​ឱ្យ​មានការ​បង្កើតជា​ភូមិ​គំរូ​ហើយ​នោះ​យើង​ក៏​ចង់ឱ្យ​ភាគី​ពាក់ព័ន្ធ​ពង្រឹង​បន្ថែម​លើ​ការកែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ​របស់​សហគម​ន៍​ជន​បទ តាមរយៈ​ការ​ទុកដាក់​សំរាម អនាម័យ បង្គន់​អនាម័យ ពង្រឹង​ការយល់ដឹង​សហគមន៍​ជនបទ ពង្រឹង​ការកែច្នៃ​ផលិតផល​ក្នុងស្រុក​ផងដែរ​»៕