ភ្នំពេញៈ មន្ត្រីអប់រំ និងអ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញការគាំទ្រនិងលើកទឹកចិត្តឱ្យមានការបង្កើតសួនសុវត្ថិភាពចរាចរណ៍និងបំពាក់ស្លាកសញ្ញាចរាចរណ៍នៅតាមសាលារៀនដើម្បីបង្កើនការអប់រំផ្សព្វផ្សាយពីច្បាប់នេះដល់សិស្សានុសិស្ស សំដៅចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់នៅតាមដងផ្លូវ។
ការគាំទ្រនេះស្របពេលដែលកាកបាទក្រហមកម្ពុជាទើបបានរៀបចំបង្កើតសួនសុវត្ថិភាពចរាចរណ៍មួយក្នុងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៣ ដែលសួននេះមានខ្លឹមសារអប់រំផ្សព្វផ្សាយទៅលើច្បាប់ចរាចរណ៍ ការយល់ដឹងពីស្លាកសញ្ញាចរាចរណ៍ដល់សិស្សានុសិស្ស លោកគ្រូ ឣ្នកគ្រូ ធានានូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព បង្ការការស្លាប់របួសនិងពិការពីគ្រោះថ្នាក់ចរាចរណ៍។
ជុំវិញគំនិតផ្តួចផ្តើមនេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញលោក ហែម ស៊ីណារ៉េត បានឱ្យដឹងថា ការរៀបចំឱ្យមានស្លាកសញ្ញាចរាចរណ៍នៅតាមសាលារៀនគឺជាគំនិតដ៏ល្អប្រសើរមួយដែលបានចូលរួមចំណែកក្នុងការបង្រៀនសិស្សា-នុសិស្សឱ្យបានយល់បន្ថែមទៀតទៅលើការប្រើប្រាស់ទ្រូងផ្លូវ ការប្រើប្រាស់មធ្យោបាយយានយន្តនៅតាមដងផ្លូវ និងច្បាប់ចរាចរណ៍ជាដើម។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគាំទ្រនិងផ្តល់ការលើកទឹកចិត្តឱ្យមានការបំពាក់ស្លាកឬគំនូសចរាចរណ៍នៅតាមសាលាមួយចំនួនដែលមានលទ្ធភាពធ្វើទៅបានហើយខ្ញុំសង្ឃឹមថា ការងារលើកស្លាកសញ្ញាចរាចរណ៍នៅតាមសាលារៀននេះនឹងជួយឱ្យសិស្សានុសិស្សយល់ដឹងពីច្បាប់ចរាចរណ៍បន្ថែមទៀតនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។
លោក ស៊ីណារ៉េត បានប្រាប់ឱ្យដឹងទៀតថា៖«មួយរយៈពេលមុននេះខាងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានទំនាក់ទំនងមកខាងយើង យើងក៏បានឱ្យគោលដៅសាលាមួយចំនួនក្នុងរាជធានីភ្នំពេញដែលអាចបំពាក់ជាស្លាកសញ្ញាចរាចរណ៍បាន។ខ្ញុំបានផ្តល់សាលាមួយចំនួនទៅឱ្យខាងមន្ទីរសាធារណការ ហើយខ្ញុំសប្បាយចិត្តដែលមន្ទីរជំនាញមានគំនិតបំពាក់ស្លាកសញ្ញាចរាចរណ៍នៅតាមសាលារៀន»។
ជាមួយគ្នានេះលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជាបានគាំទ្រចំពោះសកម្មភាពកាកបាទក្រហមកម្ពុជាក៏ដូចជាគណៈគ្រប់គ្រងសាលាក្នុងការផ្តួចផ្តើមនិងជំរុញឱ្យមានការផ្សព្វផ្សាយ អប់រំ បង្កើនការយល់ដឹងច្បាប់ចរាចរណ៍ដល់សិស្សា-នុសិស្ស ពិសេសនៅកម្រិតវិទ្យាល័យដែលពួកគាត់ដល់វ័យត្រូវកាន់ដៃចង្កូតនេះផងដែរ។
លោកបានថ្លែងថា៖ «ការយល់ដឹងពីស្លាកសញ្ញាពីសុវត្ថិភាពចរាចរណ៍មានសារៈសំខាន់ណាស់។ខ្ញុំលើកទឹកចិត្តឱ្យមានការដាក់ស្លាកសញ្ញាចរាចរណ៍នេះក៏ដូចជា បង្កើតសួនសុវត្ថិភាពចរាចរណ៍នៅតាមបណ្តាវិទ្យាល័យផ្សេងទៀតឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន»។
យ៉ាងណាមិញ លោកថា ការដាក់ស្លាកសញ្ញាជារឿងមួយ ប៉ុន្តែសូមឱ្យមានការផ្សព្វផ្សាយ ឱ្យបានជាប់ជាប្រចាំ ដែលអាចធ្វើឡើងតាមរយៈការផ្សព្វផ្សាយ នៅម៉ោងគោរពទង់ជាតិ និងការផ្សព្វផ្សាយ នៅចុងម៉ោងសិក្សាជាដើម។ មួយវិញទៀត លោក គឹម បញ្ញា ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលលោកធ្លាប់សង្កេតឃើញមានជាប្រចាំ ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ គឺសិស្សចាប់ពីកម្រិតបឋមសិក្សារហូតដល់វិទ្យាល័យ ហាក់មិនសូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរឡើយ។
លោកថា៖«ការដាក់បញ្ចូលឬការបង្កើតឱ្យមានគោលនយោបាយបទបញ្ជាផ្ទៃក្នុងរឿងការពាក់មួកសុវត្ថិភាពឬការគោរពច្បាប់សូមឱ្យធ្វើបាននៅទូទាំងប្រទេស ហើយមានវិធានការអនុវត្តដោយត្រូវព្រមាន ធ្វើការណែនាំ ដាក់វិន័យធ្វើម៉េចឱ្យក្មេងៗចូលរួមគោរព»។
សូមបញ្ជាក់ដែរ កាកបាទក្រហមកម្ពុជា បានបង្កើតជាសួនសុវត្ថិភាពចរាចរណ៍ដោយមានបំពាក់ស្លាកសញ្ញាចរាចរណ៍ និងសារអប់រំផ្សព្វផ្សាយជូនដល់សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ប្រជាពលរដ្ឋទូទៅដែលបានទៅសិក្សានិងចូលទៅហាត់ប្រាណ។
បើតាមហ្វេសប៊ុកកាកបាទក្រហមកម្ពុជាបានបញ្ជាក់ដែរ ថា បន្ទាប់ពីកសាងសួននេះរួចរាល់ដែលមានទាំងអត្ថន័យនិងខ្លឹមសារផ្សព្វផ្សាយទៅលើស្លាកសញ្ញានិងច្បាប់ចរាចរណ៍រួច កាកបាទក្រហមកម្ពុជានឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅចុងខែកញ្ញា ឆ្នាំ ២០២៣ និងមានផែនការកសាងសួនសុវត្ថិភាពចរាចរណ៍ដូចគ្នានេះនៅក្នុងវិទ្យាល័យចំនួន ២ បន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុនាចុងឆ្នាំនេះ៕