ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ព័​ត៌​មាន​លោក នេត្រ ភក្ត្រា ទទួល​ជួប​សម្តែង​ការគួរសម និង​ពិ​ភា​ក្សា​ការងារ​ជាមួយ​ក្រុមការងារ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដឹកនាំ​ដោយ​អគ្គនាយិកា យ៉ែម ស​នី​តា និងលោក សំ រិ​ទ្ធ ប្រធាន​គ្រប់គ្រង​ការី​និពន្ធ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ថ្ងៃទី​ ១៣ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ​។

ថ្លែង​ក្នុងជំនួប​នោះ លោក រដ្ឋមន្ត្រី​បានលើកឡើង​ថា សារ​ព័ត៌មាន​ដើរតួនាទី​សំខាន់ ជា​ស្ពាន​ចម្លង​ព័ត៌មាន​ពី​រដ្ឋា​ភិ​បាល​ទៅ​ប្រជាជន និង​ពី​ប្រជា​​ជន​មកកាន់​រដ្ឋាភិបាល​។ សម្រាប់​ក្របខ័ណ្ឌ​នៃ​ការងារ​ក្រសួង​ព័​ត៌​មាន​ក្នុង​អាណត្តិ​ថ្មី​នេះ​ចក្ខុវិស័យ​របស់​ក្រសួង​ព័ត៌មាន​ដែលមាន​វិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី និង​ទីភ្នាក់ងារសារព័ត៌មាន ត្រូវតែ​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សា​ធា​រណៈ​ឱ្យ​ក្លាយជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​មួយ​ដែលមាន​ទម្ងន់​។

លោក​ នេត្រ ភក្ត្រា បញ្ជាក់ថា ក្រសួង​ព័ត៌មាន​ក៏​ជំរុញ​ការ​​ផ្សព្វផ្សាយ​ឌីជីថល តាម​បណ្តាញ​សង្គម​ផងដែរ ខណៈ​បច្ចុប្បន្ននេះ​ក្រសួង​មាន​ទាំង App វេ​ប​សាយ ក្រុម​បណ្តាញ​ទំនាក់​ទំនង​អេឡិចត្រូនិក តេ​ឡេ​ក្រាម រួមទាំង​ការផ្សាយ​ដោយ​ប្រើ អង់​តែ​ន និង​ការផ្សាយ​លើ​ប្រព័ន្ធ​ឌីជីថល​។

លោក​ថ្លែងថា​៖«​ក្របខ័ណ្ឌ​នៃ​ក្រសួង​ព័ត៌មាន​ទៅមុខ យើង​ត្រូវតែ​កសាង​ទៅជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រដ្ឋាភិបាល​មួយ​ដែលមាន​បុ​រេ​សកម្ម អន្តរ​សកម្ម មាន​ប្រសិទ្ធ​ភាព និង​គុណភាព​។ អ៊ីចឹង​ឥឡូវនេះ​គឺ​យើង​កំពុង​ជំរុញ​ទៅលើ​កិច្ចការងារ​ហ្នឹង ហើយ​មូល​ដ្ឋា​ន​នៃ​កិច្ចការងារ​យើង​នេះ គឺ​ធ្វើ​ម៉េច​ទៅជា​សំឡេង​រដ្ឋា​ភិ​បាល ក្នុងការ​ផ្តល់ព័ត៌មាន​ទៅ​ប្រជាពលរដ្ឋ​»​។

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកឡើងថា នៅក្នុង​បរិបទ​ឌីជីថល ការបង្កើត​ព័ត៌មាន​តាម​បណ្តាញ​សង្គម​មាន​ភាព​លឿន​រហ័ស ប៉ុន្តែ​ក៏មាន​ព័​ត៌​មាន​ក្លែងក្លាយ​ច្រើន​ផងដែរ​។​ហេតុនេះ ទោះបី​ជាការ​ផ្សព្វ​ផ្សាយ​តាមបែប​ឌីជីថល​លើ​បណ្តាញ​សង្គម​បាន​លឿន​យ៉ាងណាក៏ដោយ គេ​មិនអាច​បោះចោល​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមបែប​ប្រពៃ​ណី​បានទេ ព្រោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ជា​ប្រភពព័ត៌មាន​ដែល​ទុក​ចិត្ត និង​ច្បាស់លាស់ យូរអង្វែង​បើ​ទោះ​មាន​លក្ខណៈ​យឺត​បន្តិច​ក្ដី​។

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​ការ​អរគុណ​ដល់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​បាន​ដើរតួនាទី​សំខាន់ ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សង្គម​កម្ពុជា ឱ្យ​ជន​បរទេស​បានទទួល​ព័ត៌មាន​ច្បាស់លាស់​ពី​កម្ពុជា ជា​ពិសេស​ការកសាង​ទិន្នន័យ​ព័​ត៌​មាន​ជា​ភាសាបរទេស ដែល​តាម​ការកត់សម្គាល់​ក្នុង​រយៈ​ពេល​ចុង​ក្រោយនេះ ទិន្នន័យ​ព័ត៌មាន​កម្ពុជា​បាន​រីកសាយ​ភាយ​ច្រើន ធ្វើឱ្យ​អន្តរជាតិ​បាន​មើលឃើញ​ជាក់ស្តែង​ពី​ការ​អភិវឌ្ឍ និង​ភាព​រីកចម្រើន​សេដ្ឋកិច្ច​ក្នុងស្រុក ផ្ទុយ​ពីមុន​ដែល​កម្ពុជា ត្រូវគេ​មើលឃើញ​មានតែ​ការផ្សព្វផ្សាយ​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ការកាប់សម្លាប់​ជាដើម​។

​លោក​ថ្លែងថា​៖«​ឥឡូវនេះ​កាលណា​ដែល​យើង​វាយ​ពាក្យ​ថា Cambodia គឺ​យើង​អត់​សូវ​ឃើញ​ចំណុច​អវិជ្ជមាន​អី​ច្រើន ឬក៏​និយាយ​ពី​ទិដ្ឋភាព​ខ្មែរ ក្រហម​និយាយ​ពី​អី​ទៀត​ទេ តែ​គេ​និយាយ​ពី Economic growth គេ​និយាយ​ពី​រឿង Tourist គេ​និយាយ​ពី​រឿង Real estate គេ​និយាយ​ពីអ្វីៗ​ទាំងអស់ ដែលជា​ការចូលរួមចំណែក​យ៉ាងសំខាន់​របស់ សារព័ត៌មាន​ក្នុងការ​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ពិត​»​។​

​ថ្លែង​ក្នុងជំនួប​នោះ លោក សំ រិ​ទ្ធ ប្រធាន​គ្រប់គ្រង​ការី​​និពន្ធ លើកឡើងថា កាសែត​ភ្នំពេញ ប៉ុស្តិ៍ នៅតែ​ប្រកាន់ គោលការណ៍​ឯករាជ្យ ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត គ្រប់​ជ្រុងជ្រោយ បន្ត​រក្សា​ជា​កាសែត​គំរូ​មួយ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​។

​លោក​ថ្លែងថា​៖«​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅតែ​រក្សា​ជំហរ ឯករាជ្យ និង​យក​ព័ត៌មាន​ពិត ស៊ីជម្រៅ និង​បន្ត​រក្សា​ជា​កាសែត​គំរូ​ក្នុង​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​»៕

វីដេអូ៖