
វត្ថុបុរាណរបស់កម្ពុជា ដែលនឹងត្រូវបញ្ជូនត្រលប់ពីសហរដ្ឋអាមេរិក មកមាតុប្រទេសវិញ។ រូបថត ក្រសួងវប្បធម៌
ភ្នំពេញៈ កម្ពុជានឹងទទួលត្រឡប់មកវិញនូវសមុច្ច័យ វត្ថុបុរាណខ្មែរដ៏ល្អឯកចំនួន ៣៣ បន្ទាប់ពីមានការព្រមព្រៀងប្រគល់មកប្រទេសកំណើតវិញពីសំណាក់គ្រួសារមួយ នៅសហរដ្ឋអាមេរិកដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា នេះជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំ រវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ ឱ្យដឹងថា សមុច្ច័យ វត្ថុបុរាណខ្មែរដ៏ល្អឯកមួយចំនួនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។ សេចក្តីជូនព័ត៌មានបន្តថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពលភាពកាលខែសីហា ឆ្នាំ ២០២៣ ថ្មីៗនេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក (USAO-SDNY និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI) បានឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន៣៣។ ការិយាល័យ HSI សហការជាមួយ USAO-SDNY បានដកហូតរូបចម្លាក់ទាំងនេះពីគ្រួសារខាងលើ។ នេះបើតាមក្រសួងវប្បធម៌។
វត្ថុបុរាណទាំងនោះរួមមាន៖ បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (១ចំហៀងជាភេទប្រុស និង ១ ចំហៀងជាភេទស្រី) ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានីកោះកេរ។ យោងតាមសាក្សីបានឱ្យដឹងថា រូបចម្លាក់ទាំងនេះត្រូវបានលួចយកចេញក្នុងទសវត្សរ៍ ១៩៩០ ជា ប្រាសាទតែមួយ ដែលតម្កល់បដិមាព្រះឥសូរ និងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។ ក្នុងចំណោមវត្ថុបុរាណដែលប្រគល់មកវិញនេះ ក៏មានចម្លាក់ទេព ១ អង្គ ដែលគេជឿថា ជាបដិមា ព្រះធ្រស្ថទ្យុមន៍ (មេទ័ពនៃបណ្ឌពក្សត្រ) ដែល មានប្រភពមកពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
លោក ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកោតសរសើរដល់គ្រួសារ Lindemann ដែលបានទទួលស្គាល់ថា សម្បត្តិវប្បធម៌របស់កម្ពុជាដែលខ្លួនកំពុងកាន់កាប់ បានមកដោយមិនស្របច្បាប់ ហើយស្ម័គ្រចិត្តប្រគល់សម្បត្តិវប្បធម៌ទាំងនេះ ត្រឡប់មកកម្ពុជាវិញ ដែលជាម្ចាស់កម្មសិទ្ធស្របច្បាប់។
លោកស្រីមានប្រសាសន៍ថា៖ «ការប្រគល់មកវិញនេះ គឺជាគំរូដ៏ល្អមួយដល់សារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯកជនផ្សេងទៀត ដែលកម្ពុជាធ្លាប់ជូនដំណឹង ដើម្បីបន្តប្រគល់មកវិញនូវសម្បត្តិវប្បធម៌ជាតិរបស់យើង»។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបង្ហាញសេចក្តីរំភើបក្រៃលែង ដែលស្នាដៃដ៏ល្អឯកទាំងនេះត្រូវបានប្រគល់មកវិញ បន្ទាប់ពីកិច្ចសហការរវាងរដ្ឋាភិបាលនៃប្រទេសទាំង ២ និងការខិតខំប្រឹងប្រែងអស់រយៈពេលជាង ៣ ឆ្នាំមក។ លោកស្រីបានបញ្ជាក់ថា៖ «ការបញ្ជូនត្រឡប់មកវិញនេះ បង្ហាញជាថ្មីម្ដងទៀតពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញនូវព្រលឹងដូនតា ដែលបានចាកចេញពីមាតុភូមិកន្លងមក។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់គ្រួសារ Lindemann ដែលបានសម្រេចចិត្តជាប្រវត្តិសាស្ត្រ ក្នុងការប្រគល់ស្នាដៃដ៏ល្អឯកទាំងនេះត្រឡប់មកកម្ពុជាវិញ»។
លោកស្រីរដ្ឋមន្ត្រីបានលើកឡើងថា ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ និងរងគ្រោះដ៏ឈឺចាប់ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងយុត្តិធម៌អាមេរិក ចុះថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ បានលើកឡើងថា វត្ថុបុរាណទាំងនេះត្រូវបានប្រគល់មកកម្ពុជាវិញនៅថ្ងៃទី ១១ ខែកញ្ញា ហើយពិធីអបអរសាទរការធ្វើមាតុភូមិនិវត្តន៍នឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជានៅពេលក្រោយ។
មេធាវីអាមេរិក លោក Damian Williams បានថ្លែងតាមរយៈសេចក្តីប្រកាសថា៖ «អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ កម្ពុជាបានរងគ្រោះក្រោមកណ្ដាប់ដៃរបស់ពួកឈ្មួញជួញដូរវត្ថុសិល្បៈដែលគ្មានសីលធម៌ និងពួកចោរលួច ដែលបានជួញដូរទ្រព្យសម្បត្តិវប្បធម៌ទៅកាន់ទីផ្សារសិល្បៈអាមេរិក»។
លោកបន្តថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ កំណត់ក្របខ័ណ្ឌសម្រាប់ការបញ្ជូនត្រឡប់មកវិញនូវវត្ថុវប្បធម៌ ដើម្បីគាំទ្រដល់អនុស្សរណៈនៃការយោគយល់គ្នារវាងអាមេរិក និងកម្ពុជា ហើយលោកក៏អរគុណដល់ក្រុមគ្រួសារ Lindemann សម្រាប់កិច្ចសហប្រតិបត្តិការ និងជំនួយរបស់ពួកគេ ក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណទាំងនេះមកកម្ពុជាវិញ៕
