ភ្នំពេញៈ បន្ទាប់ពីបានសម្រាកអស់រយៈពេល ២ សប្តាហ៍ ដើម្បីទុកពេលឱ្យកីឡាករឆ្នើមៗ នៅតាមក្លិបនីមួយៗ បានចូលលេងឱ្យក្រុមជម្រើសជាតិ កន្លងមកនេះ ការប្រកួតលីគកំពូលកម្ពុជា នឹងចាប់ផ្តើមការប្រកួតវិញ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ហើយវាក៏ជាពេលដែលក្រុមម្ចាស់ជើងឯក ភ្នំពេញក្រោន វិលមកជួបក្រុមជើងឯករង វិសាខា ផងដែរ ចំណែកក្រុមចំនួន ៨ ទៀត ក៏ត្រូវប្រជែងគ្នារក៣ពិន្ទុបន្ថែមដូចគ្នា។
សម្រាប់ការវិលមកជួបគ្នាជាថ្មីរវាងក្រុមភ្នំពេញក្រោន និងវិសាខា នៅថ្ងៃទី១៧ ខែកញ្ញានេះ វាបានក្លាយជាការប្រកួតដ៏ធំប្រចាំសប្តាហ៍ទី៥នេះ ដែលមានការទាក់ទាញខ្លាំងពីអ្នកគាំទ្រ ព្រោះជំនួបនេះត្រូវបានគេគិតថា នឹងមានភាពតានតឹងខ្លាំង ព្រោះក្លិបធំទាំង២នេះ សុទ្ធតែបានបង្ហាញឆន្ទៈក្នុងការដណ្តើមយក៣ពិន្ទុ ដើម្បីបំពេញក្តីស្រមៃ ក្នុងការឈានទៅរកការឈ្នះពានប្រចាំរដូវកាលនេះ។
ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង ដែលទើបរកបាន ១ គ្រាប់ឱ្យក្រុមធំជម្រើសជាតិកម្ពុជា ពេលឈ្នះក្រុមម៉ាកាវ ៤-០ កាលពីថ្ងៃទី១១ កញ្ញានោះ បាននិយាយថា៖ «យើងបានបែកគ្នាមួយរយៈ ដោយសារជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ ហើយការវិលមកវិញនេះ ក្រុមវិសាខារបស់យើង ត្រូវបើកទ្វារទទួលស្វាគមន៍ក្រុមភ្នំពេញក្រោន។ យើងត្រៀមខ្លូនបានល្អហើយ ហើយសង្ឃឹមថា យើងនឹងធ្វើបានល្អ ដើម្បីទទួលបាន៣ពិន្ទុ»។
តាមរយៈការប្រកួតវិលជុំចំនួន៤លើកកន្លងមកនេះ ក្រុមវិសាខា និងភ្នំពេញក្រោន ដែលកំពុងឈរនៅលេខ២ និងលេខ៣ ក្រោមក្រុមព្រះខ័នរាជសា្វយរៀងនោះ មាន៩ពិន្ទុ ជាមួយការឈ្នះ៣ និងចាញ់ ១ ប្រកួតដូចគ្នា ដោយក្នុងនោះ វិសាខា បានចាញ់ក្រុមបឹងកេត ៤-២ កាលពីថ្ងៃទី២៧ ខែសីហា ហើយភ្នំពេញក្រោន បានចាញ់ក្រុមកំពុងឈរនៅលេខ១ មាន១២ពិន្ទុពេញ ស្វាយរៀង ២-១ កាលពីថ្ងៃទី១១ ខែសីហា។
រំឭកទៅដល់លទ្ធផលនេះ រ៉ឹង ប៊ុនហៀង បានបញ្ជាក់ថា៖ «៤ប្រកួតកន្លងមកនេះ យើងធ្វើបានល្អគួរសម ដោយយើងរបូត៣ពិន្ទុ អ៊ីចឹងនៅសប្តាហ៍នេះ យើងត្រូវរកឱ្យបាន៣ពិន្ទុ ដើម្បីឆ្ពោះទៅរកតំណែងជើងឯក។ ទោះយ៉ាងណា នេះជាការប្រកួតដ៏តានតឹងមែនទែន ព្រោះយើងត្រូវប៉ះក្រុមជើងឯក ហេតុនេះយើងមិនទាន់សង្ឃឹមថា នឹងទទួលបានជោគជ័យខ្លាំងពេកនោះទេ តែខ្ញុំមានការជឿជាក់ទៅលើមិត្តរួមក្រុម និងការរៀបចំរបស់គ្រូបង្វឹក ថាពួកយើងនឹងអាចធ្វើបាន»។
យ៉ាងណាក៏ដោយ ការបង្ហាញមហិច្ឆតាដណ្តើមយក៣ពិន្ទុ របស់ក្រុមវិសាខា វាស្ថិតនៅក្នុងភាពមិនទាន់ប្រាកដនៅឡើយទេ ព្រោះមួយរយៈពេលចុងក្រោយនេះ ភ្នំពេញក្រោន មិនត្រឹមតែធ្វើបានល្អ សម្រាប់ការប្រកួតក្នុងលីគកំពូលកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ទើបដណ្តើមបានកៅអី ឡើងទៅលេងនៅវគ្គចែកពូលពាន AFC Cup ផងដែរ បន្ទាប់ពីបានយកឈ្នះក្រុម Young Elephants របស់ឡាវ ៣-០ ក្នុងវគ្គជម្រុះបឋម និងឈ្នះក្រុម Tampines Rovers របស់សិង្ហបុរី ៣-២ ក្នុងវគ្គ Play-off។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធកូឡុំប៊ី Andres Nieto ដែលតែងរកបានគ្រាប់បាល់ស្ទើរគ្រប់ការប្រកួតនោះ បានដាក់គោលដៅខ្ពស់ ក្នុងការជួយក្រុមភ្នំពេញក្រោន ឱ្យឈ្នះពាន ដោយនិយាយថា៖ «ជាការពិតណាស់ ខ្ញុំមានភាពរីករាយជាមួយនឹងការបង្ហាញថ្មីៗនេះ ហើយក៏ដូចជាការជួយក្លិប ទទួលបានរបស់សំខាន់ៗ។ គ្រប់រដូវកាល ដែលនៅជាមួយក្លិប ខ្ញុំតែងតែបង្ហាញការលេងល្អ ហើយខ្ញុំតែងតែព្យាយាមឱ្យអស់លទ្ធភាព»។
ម្ចាស់អាវលេខ១០ Nieto ដែលបានមកប្រកបអាជីពបាល់ទាត់ជាមួយក្លិបភ្នំពេញក្រោន តាំងពីខែមករា ឆ្នាំ២០២០ មកនោះ បានបន្ថែមថា៖ «ខ្ញុំមិនទាន់ដល់ចំណុចកំពូលរបស់ខ្ញុំទេ! ខ្ញុំនៅមានគោលដៅជាច្រើនទៀត ខ្ញុំចង់ឈ្នះពានរង្វាន់ AFC Cup ពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់លីគកំពូលម្តងទៀត»៕
កម្មវិធីប្រកួត នៅថ្ងៃទី១៦ ខែកញ្ញា
- ព្រៃវែង v Tiffy Army នៅកីឡដ្ឋានព្រៃវែង រសៀលម៉ោង ៣:៤៥
- ព្រះខ័នរាជស្វាយរៀង v អង្គរថាយហ្គឺរ នៅកីឡដ្ឋានស្វាយរៀង ល្ងាចម៉ោង ៦:០០
កម្មវិធីប្រកួត នៅថ្ងៃទី១៧ ខែកញ្ញា
- អាយអេសអាយដង្កោសែនជ័យ v ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ISI ល្ងាចម៉ោង ៦:០០
- បឹងកេត v គិរីវង់សុខសែនជ័យ នៅពហុកីឡដ្ឋានជាតិ ល្ងាចម៉ោង ៦:០០
- វិសាខា v ភ្នំពេញក្រោន នៅកីឡដ្ឋានព្រីនស៍ ល្ងាចម៉ោង ៦:០០