ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឈាង រ៉ា បានជំរុញឱ្យមានការលើកកម្ពស់គុណភាពថែទាំសុខភាពទាំងសេវាសាធារណៈ និងឯកជន ជាមួយនឹងការពង្រឹងនិយតកម្មសេវាសុខាភិបាល ដោយលោកសង្កត់ធ្ងន់ថា ទាំងនេះគឺជាការងារបន្ទាន់ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋក្នុងការស្វែងរកសេវាសុខាភិបាល។
លោករដ្ឋមន្ត្រីបានជំរុញបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយមន្ត្រី ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគណៈគ្រូពេទ្យកម្ពុជា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើល«ប្រកាស ស្តីពីការផ្សព្វផ្សាយលក្ខណៈវិជ្ជាជីវៈសុខាភិបាល»ក្នុងគោលបំណង ធ្វើឱ្យសាធារណជនបានទទួលនូវព័ត៌មានដែលអាចជឿជាក់បានយកទៅពិចារណាក្នុងការស្វែងរកសេវាសុខាភិបាលសមស្របណាមួយទៅតាមសេចក្តីត្រូវការ ។
ប្រកាសនេះ ក៏ដើម្បីធ្វើឱ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានសេចក្តីថ្លៃថ្នូរ គោរពអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តដែលចូលជាធរមាន។កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក ហ៊ុន ចំរើន ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត លោក ស៊ិក ប៊ុណ្ណា និងលោក ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងលោក រស់ ប្រាជ្ញ ពន្លឺ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាតំណាងគណៈគ្រូពេទ្យកម្ពុជា។
យោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក្នុងជំនួបនោះលោក ឈាង រ៉ា ជំរុញឱ្យមានការចូលរួមអនុវត្តឱ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ហើយសម្រាប់ការចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣។
លោកបន្តថា៖«ក្នុងនោះអាទិភាពទី១គឺ «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល» និងយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីជំរុញលើកកម្ពស់គុណភាពថែទាំសុខភាពទាំងសេវាសាធារណៈ និងឯកជន ជាមួយនឹងការពង្រឹងនិយតកម្មសេវាសុខាភិបាល ហើយជាការងារបន្ទាន់»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ថ្លែងថា ការជំរុញគ្រាន់តែជាការពញ្ញាក់ស្មារតី ប៉ុន្តែអ្វីដែលសំខាន់នោះគឺទាមទារឱ្យមានយន្តការបច្ចេកទេស និងផែនការច្បាស់លាស់ក្នុងការអនុវត្តកំណែទម្រង់វិស័យសុខាភិបាល។ លោកថា៖«ការលើកឡើងរបស់រដ្ឋមន្ត្រី គ្រាន់តែជាសារនយោបាយ មិនមែនជាបច្ចេកទេសដែលត្រូវយកទៅអនុវត្តបាន ដូច្នេះជាបច្ចេកទេសដែលយកទៅអនុវត្តបានលុះត្រាតែមានផែនការសកម្មភាពច្បាស់លាស់ថាតើ ក្រសួងមានផែនការអ្វីខ្លះ ដើម្បីជួយទៅដល់វិស័យឯកជន និងរដ្ឋ? បើពុំនេះ ការលើកឡើងរបស់គាត់គ្រាន់តែជាប្រសាសន៍ដើម្បីលើកទឹកចិត្ត ធ្វើឱ្យពលរដ្ឋមានការសង្ឃឹមមួយភ្លែត» ។
លោក គិមអេង នៅតែជំរុញឱ្យក្រសួងសាមីក៏ដូចជាស្ថាប័នពាក់ព័ន្ធខិតខំពង្រឹងផ្នែកសុខាភិបាលនៅក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងជាងនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ ខណៈលោកសង្កេតឃើញថា ពលរដ្ឋខ្មែរនៅតែបន្តស្វែងរកសេវាសុខាភិបាលនៅក្រៅប្រទេសតួយ៉ាងនៅថៃ និងវៀតណាម ជាដើម។
សូមជម្រាបថា ក្នុងពេលថ្មីៗនេះ លោករដ្ឋមន្ត្រី ឈាង រ៉ា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវអនុវត្តបទដ្ឋានបច្ចេកទេស គោរពក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមានក្នុងការផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌៕