ភ្នំពេញៈ ប្រធាន និងសមាជិករដ្ឋសភាចំនួន ១១៤ រូប នៃសមាជិកសរុប ១២៥ រូប ដែលមានវត្តមាននៅក្នុងសម័យប្រជុំកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងគោលបំណងបន្តកែទម្រង់ឱ្យស៊ីជម្រៅនៃកម្មវិធីនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោយពីការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាចេញផ្សាយក្រោយសម័យប្រជុំរដ្ឋសភាកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច តាក់តែងឡើងក្នុងគោលបំណងប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» មកជា «ក្រសួងអធិការកិច្ច»។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរាជរដ្ឋាភិបាលបង្កើត ស្ថាប័ននេះជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយ ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រងនិងសមត្ថកិច្ចពេញលេញ។
យោងតាមសេចក្ដីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា៖ «ឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នាដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ចនិងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថល»។
រីឯសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរាជរដ្ឋាភិបាលបានរៀបចំបង្កើតឡើងដើម្បីជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។
សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា៖ «គោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយ ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញបន្ថែមនូវធនធានមនុស្សដែលមានសមត្ថភាព ជំនាញពិតប្រាកដ ទាំងផ្នែកបច្ចេកទេស ផ្នែកច្បាប់ជាតិ ច្បាប់អន្តរជាតិ និងផ្នែកជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ការពង្រឹងកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី និងការលើកស្ទួយការថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់»។
លោក ឈាង វុន សមាជិករដ្ឋសភា បានថ្លែងថា ការអនុម័តបង្កើត និងប្តូរឈ្មោះស្ថាប័នរាជរដ្ឋាភិបាលទាំង២គឺដើម្បីសម្របសម្រួលទៅដល់កិច្ចការ ការងាររបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី ជាពិសេសនោះគឺដើម្បីបែងចែកសេនាធិការឱ្យដាច់ដោយឡែកពីគ្នា ដើម្បីបម្រើផលប្រយោជន៍ជាតិនាពេលអនាគត។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះបានបន្តធ្វើកំណែទម្រង់ជាច្រើនទាំងស្ថាប័នរដ្ឋ និងស្ថាប័នចំណុះរាជរដ្ឋាភិបាល ហើយកិច្ចការទាំងនេះពុំមែនដូចដែលការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួនដែលតែងតែលើកឡើងថាគឺជាការបែងចែកអំណាចគ្នានោះទេ។
លោកថ្លែងថា៖ «គោលបំណងតែ១គត់គឺបម្រើសេចក្តីត្រូវការ និងកិច្ចការរបស់ប្រទេសសមស្របទៅនឹងស្ថានការណ៍បច្ចុប្បន្នតែប៉ុណ្ណោះ។ ការអនុម័តរបស់រដ្ឋសភា លើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺមានសារៈសំខាន់ណាស់សម្រាប់កិច្ចការងារបម្រើជាតិ ជាពិសេសរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាកិច្ចការចម្បងមួយក្នុងចំណោមកិច្ចការសំខាន់ៗ និងអាទិភាព របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ»។
លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភាថា កិច្ចការព្រំដែន ជាកិច្ចការអាទិភាព១ ដ៏មានសារៈសំខាន់បំផុត ជាអាយុជីវិតរបស់ជាតិដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុត ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងនយោបាយ សំដៅធានារក្សាការពារមិនឱ្យមានការរំលោភបាន ជាដាច់ខាត នូវអធិបតេយ្យ និងបូរណភាព ទឹកដីនៃកម្ពុជា។
លោក គិ ន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះគឺមានសារៈសំខាន់ណាស់សម្រាប់កិច្ចការងារព្រំដែន បូរណភាពទឹកដី ពីព្រោះវាជាការបង្កើតលេខាធិការដ្ឋាន១ ដាច់ដោយឡែក និងច្បាស់លាស់លើមុខងារតួនាទីរបស់វា ជាពិសេសវាធ្វើអោយមានគុណភាព និងតម្លាភាពលើកិច្ចការងារព្រំដែនផងដែរ។
លោកថា៖«កិច្ចការងារព្រំដែននេះគឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ហើយក៏ជាកិច្ចការងារចម្បងរបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះរាជរដ្ឋាភិបាលត្រូវតែមានស្ថាប័នទទួលបន្ទុកកិច្ចការងារនេះ១ច្បាស់លាស់ រឹងមាំ ដែលបង្កើតឡើងដោយច្បាប់ ដើម្បីដំណើរការកិច្ចការងាររបស់ខ្លួន និងធានាទទួលបានលទ្ធផលល្អលើកិច្ចការព្រំដែន»៕