ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតសម្រេចបដិសេធសំណើរបស់អតីតអនុប្រធានចលនាយុវជន នៃអតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង លោកឯម សុខសុវណ្ណ ដែលសុំបង្កើតគណបក្សដែលមានឈ្មោះថា «គណបក្សអាយ៉ងខ្មែរ»ខណៈមន្ត្រីបក្សនេះថានឹងប្តូរឈ្មោះជាថ្មីវិញ។
ការបដិសេដនេះ ធ្វើឡើងតាមរយៈលិខិតមួយច្បាប់ចុះហត្ថលេខាដោយលោក ស សុខា ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានផ្ញើជូនលោក ឯម សុខសុវណ្ណ តំណាងស្ថាបនិកគណបក្សដែលមានឈ្មោះថា «គណបក្សអាយ៉ងខ្មែរ»។
លោក ស សុខា បានបញ្ជាក់តាមលិខិតនេះថា ៖ «ខ្ញុំសូមជម្រាបជូនលោកតំណាងស្ថាបនិកគណបក្សថា ផ្អែកតាមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចបដិសេធសំណើសុំបង្កើតគណបក្សអាយ៉ងខ្មែរ ដែលសរសេរជាអក្សរកាត់ អ.យ.ខ។ ទន្ទឹមនឹងនេះដែរ តំណាងស្ថាបនិកគណបក្សក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង ៩០ រូប ដែលបានផ្តួចផ្តើមគណបក្សនយោបានេះឡើយ»។
មន្ត្រីអ្នកនាំពាក្យនៃក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការអធិប្បាយបន្ថែមបានទេ ជុំវិញរឿងនេះ គិតរហូតមកដល់ថ្ងៃទី១៤ ខែកញ្ញានេះ។
សូមរំឭកថា លោក ឯម សុខសុវណ្ណ តំណាងស្ថាបនិក «គណបក្សអាយ៉ងខ្មែរ»នេះ គឺជាអតីតអនុប្រធានចលនាយុវជននៃអតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង ហើយក៏ជាអតីតអគ្គលេខាធិការគណបក្សយុវជនកម្ពុជា (គ.យ.ក) ផងដែរ។
លោក ឯម សុខសុវណ្ណ ថ្លែងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ការសម្រេច ដាក់ឈ្មោះ«គណបក្សអាយ៉ងខ្មែរ»នេះ ព្រោះយល់ឃើញថា ជាអាយ៉ងរបស់ខ្មែរ មិនមែនអាយ៉ងបរទេសទេ។
លោកបានថ្លែងថា ៖ «ទោះជាយ៉ាងណា យើងក៏មិនទោមនស្សចំពោះការសម្រេចបដិសេធរបស់ក្រសួងមហាផ្ទៃនេះទេ ហើយខ្ញុំ នឹងរៀបចំឈ្មោះគណបក្សជាថ្មីឡើងវិញ តែសុំលាក់ទុកសិន ដើម្បីដាក់ទៅក្រសួងម្តងទៀតនៅពេលខាងមុខឆាប់ៗនេះ»។
លោក ឯម សុខសុវណ្ណ ថ្លែងថា សម្រាប់ការដាក់ឈ្មោះគណបក្សថ្មីក្រោយនេះ លោកសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងមិនបដិសេធទៀតនោះទេ ប៉ុន្តែបើបដិសេធទៀត ក្រសួងត្រូវតែបង្ហាញហេតុផលឱ្យបានច្បាស់លាស់។
ការបង្កើតគណបក្សនេះឡើង ដោយសារលោកចង់ចូលរួមការបោះឆ្នោតថ្នាក់ឃុំសង្កាត់ និងថ្នាក់ជាតិ នៅអាណត្តិខាងមុខហើយលោកសង្ឃឹមថា គោលនយោបាយរបស់គណបក្សរបស់លោកនឹងមានអ្វីខុសប្លែកពីគណបក្សផ្សេងៗ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការដាក់ឈ្មោះរបស់គណបក្សនេះ បានបង្កប់នូវសីលធម៌មិនល្អ ហើយអាចនឹងត្រូវបានគេយកទៅភ្ជាប់ជាមួយនឹងអ្វីមួយ ដែលនាំឱ្យមានការបន្តុះបង្អាប់ ឬរើសអើងជាតិសាសន៍របស់ខ្មែរទៀតផង។
លោក យង់ ពៅ បានប្រាប់ថា៖ «ពាក្យថា អាយ៉ង ដែលភាសាអង់គ្លេសថា puppet នេះ មិនល្អទេ នៅក្នុងទស្សនៈសង្គមនយោបាយ។ ដូច្នេះ បើផ្អែកទៅលើសីលធម៌ ខ្ញុំមិនយល់ស្រប ដែលបង្កើតឈ្មោះគណបក្សដែលមានបង្កប់នូវសូរសៀងខ្លឹមសារមិនល្អ ចំពោះទស្សនៈសង្គមនយោបាយនោះឡើយ»៕