ភ្នំពេញៈរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាលោកសេរី ជំនះ បានឱ្យដឹងថា បច្ចុប្បន្នក្រសួង បាននិងកំពុងខិតខំយកចិត្តទុកដាក់ខ្ពស់ទាំងសម្ភារ និងបច្ចេកទេស ដើម្បីសម្រួលដល់ការរៀបចំកម្មវិធីសិក្សាពិសេស សម្រាប់សិស្សគថ្លង់ និងពិការភ្នែកសំដៅឈានទៅបណ្តុះធនធានមនុស្សមានពិការភាពនៅកម្ពុជា។
លោកបានថ្លែងបែបនេះនៅក្នុងពិធីបិទសិក្ខាសាលាស្តីពីការរៀបចំកម្មវិធីសិក្សាលម្អិតរបស់វិទ្យាល័យអប់រំពិសេសសម្រាប់សិស្សគថ្លង់និងពិការភ្នែកនៅខេត្តកែបកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងកែសម្រួលកម្មវិធីសិក្សាលម្អិតរបស់វិទ្យាល័យអប់រំ ពិសេសពីថ្នាក់ទី១ដល់ថ្នាក់ទី៦ ព្រមទាំងរៀបចំកម្មវិធីសិក្សាលម្អិតឱ្យមានសង្គតិភាពពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដើម្បីឱ្យវិទ្យាល័យអប់រំពិសេសទាំង៥ អនុវត្ត។
យោងតាមហ្វេសប៊ុករបស់ក្រសួងអប់រំ នាឱកាសនោះ លោក សេរី ជំនះ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនាយកដ្ឋានអប់រំពិសេស និងសិក្ខាកាមទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ និងផ្តល់បទពិសោធន៍ ដើម្បីរៀបចំកម្មវិធីតាមខ្លឹមសារមេរៀន និងរៀបចំរបាយម៉ោង ដើម្បីយកទៅអនុវត្តនៅតាមវិទ្យាល័យអប់រំពិសេសនីមួយៗ សម្រាប់សិស្សគថ្លង់ និងពិការភ្នែកឱ្យកាន់តែមានគុណភាព និងទទួលបានជោគជ័យ។
លោកបានបញ្ជាក់ថា៖« ក្រសួងបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ ហើយបានខិតខំដោះស្រាយទាំងសម្ភារ និងបច្ចេកទេស តាមសំណូមពរចាំបាច់របស់វិទ្យាល័យអប់រំពិសេសលើសិស្សពិការភាព សំដៅធ្វើយ៉ាងណាឱ្យមាននិរន្តរភាព និងដំណើរការល្អ ក្នុងគោលបំណងរួម គឺដើម្បីកសាងធនធានមនុស្ស ជាពិសេសគិតគូរអំពីអនាគតអ្នកសិក្សាដែលមានពិការភាពនៅកម្ពុជាតែម្តង»។
ទាក់ទិននឹងរឿងនេះលោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា បានសាទរចំពោះបងប្អូនពិការភាព ពិសេសអ្នកគថ្លង់ និងពិការភ្នែក ដែលទទួលបានការជួយពីក្រសួងដែលនេះជាគុណតម្លៃមួយដែលមិនបោះបង់ពួកគាត់ចោល ហើយលោកក៏ជំរុញឱ្យក្រសួងពង្រីកការជួយបែបនេះឱ្យកាន់តែទូលំទូលាយថែមទៀត។
លោកបន្តថា៖«ប្រសិនបើអាចក្រសួងគួរតែពង្រីកវិសាលភាពឱ្យបានទូលំទូលាយព្រោះមិនត្រឹមតែរាជធានីភ្នំពេញទេ ឃើញថា ជនពិការ ពិសេសជនគថ្លង់នៅតាមបណ្តាខេត្តនានាក៏មានច្រើន អ៊ីចឹង ក្រសួងគួរតែបង្កើនមណ្ឌលស្នាក់នៅ និងបង្កើតមណ្ឌលសិក្សាឱ្យបានច្រើន ហើយប្រមូលបងប្អូនពិការភាពទាំងនោះមកអប់រំបណ្តុះបណ្តាលពួកគាត់។បន្ថែមពីនេះ លោកក៏អំពាវនាវឱ្យក្រសួងយកចិត្តទុកដាក់លើសម្ភារបង្រៀន ពិសេសលើកទឹកចិត្តគ្រូ ដែលបានបង្រៀនបងប្អូនមានពិការភាពឱ្យបានខ្លាំងថែមទៀត។
យោងតាមក្រសួងអប់រំ ចំពោះវិទ្យាល័យអប់រំពិសេសបច្ចុប្បន្នបានផ្ដល់ការសិក្សាពិសេសជូនសិស្សដែលមានបញ្ហាពិការភាពដូចជាគថ្លង់និងពិការភ្នែក ខណៈការបង្រៀននៅទីតាំងសាលាទាំងនោះគឺចាប់ផ្ដើមពីកម្រិត មត្ដេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។
ក្រសួងអប់រំបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នសាលាអប់រំពិសេសបែបនេះមានទីតាំងនៅក្នុងរាជធានី-ខេត្ត ដូចជា នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពង់ចាម និងខេត្តកណ្តាលជាដើម។ ចំពោះកម្មវិធីសិក្សាសម្រាប់សាលាទាំងនោះ គឺស្របទៅនឹងកម្មវិធីសិក្សារបស់ក្រសួង ដោយបកប្រែ និងបោះពុម្ពជាសៀវភៅសញ្ញាសម្រាប់បង្រៀនសិស្សគថ្លង់ និងអក្សរប្រៃយ៍ខ្មែរសម្រាប់បង្រៀនសិស្សពិការភ្នែក។
ក្រៅពីនេះនៅក្នុងកម្មវិធីសិក្សាសាលាក៏បានបញ្ចូលសកម្មភាពកីឡា សិល្បៈ ភ្លេង កុំព្យូទ័រ ភាសាអង់គ្លេស ហាត់ស្តាប់ និយាយ និងបំណិនជីវិតផងដែរ៕