សៀមរាប/តាកែវ/ព្រៃវែងៈកម្លាំងសមត្ថកិច្ច សហការជាមួយគណៈគ្រប់គ្រងសាលា នៅក្នុងខេត្តចំនួន ៣ រួមមានខេត្តសៀមរាប តាកែវ និងព្រៃវែង បានចុះប្រមូលសិស្សដែលគេចសាលា ហើយនាំគ្នាទៅប្រព្រឹត្តអំពើឥតប្រយោជន៍ផ្សេងៗដូចជាលេងហ្គេម ឬជក់បារី មកធ្វើការអប់រំ ដើម្បីឱ្យពួកគាត់ត្រឡប់ទៅចូលរៀនវិញ។
ការចុះប្រតិបត្តិការប្រមូលសិស្សទាំងនេះត្រូវបានធ្វើឡើង ខណៈដែលសិស្សានុសិស្សនៅតាមរាជធានី-ខេត្តមួយចំនួន បានយកម៉ោងសិក្សាគេចទៅដើរលេង ជួបជុំគ្នាលេងហ្គេម ជក់បារី ឬប្រព្រឹត្តសកម្មភាពផ្សេងៗ។
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញាថា ថ្មីៗនេះ ខាងសមត្ថកិច្ច បានរួមសហការជាមួយខាងនាយកសាលា បានចុះប្រមូលសិស្សសាលា១ក្រុមនៅខាងស្រុកសូទ្រនិគម ដែលបានគេចពីការសិក្សាទៅនាំគ្នាទៅសំងំតាមក្យូសលេងហ្គេមតាមទូរស័ព្ទ ជក់បារី និងផឹកភេសជ្ជៈជាដើម។
បន្ទាប់ពីប្រមូលបានក្រុមសិស្សទាំងនោះហើយ សមត្ថកិច្ចក៏បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព និងអនុញ្ញាតឱ្យអាណាព្យាបាល ធ្វើលិខិតធានាយកពួកគាត់ ត្រឡប់ទៅគេហដ្ឋានវិញ ដើម្បីអប់រំបន្ត។
លោកបានឱ្យដឹងទៀតថា ក្រោយពីមានករណីដែលសមត្ថកិច្ចចុះប្រមូលក្រុមសិស្សគេចសាលាទាំងនេះហើយ លោកពិនិត្យឃើញថា មិនមានករណីសិស្សគេចសាលាបន្តកើតមានទៀតទេ នៅតាមសាលារៀនទាំងអស់ ក្នុងខេត្តសៀមរាប។
លោកថ្លែងបែបនេះថា៖«ដោយសារមានកិច្ចអន្តរាគមន៍ពីខាងសមត្ថកិច្ច រួមទាំងមន្ទីរអប់រំខេត្ត ក៏បានចាត់ឱ្យអ្នកជំនាញទៅធ្វើការណែនាំ ផ្សព្វផ្សាយ ទៅដល់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ឱ្យមានការប្រុងប្រយ័ត្នក្នុងការងារដឹកនាំគ្រប់គ្រងស្ថានភាពសិស្សឱ្យបាន ដើម្បីកុំឱ្យសិស្សអវត្តមាន និងដើម្បីកុំឱ្យសិស្ស ពួកគាត់ចេញទៅក្រៅពាសវាលពាសកាលបែបនេះជាបន្តទៅទៀត»។
បើតាមលោក លី ប៊ុនណា មន្ទីរក៏បានប្រជុំ និងណែនាំ ឱ្យគណៈគ្រប់គ្រងសាលាអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ និងក្រើនរំឭកដល់នាយកសាលាឱ្យយកចិត្តទុកដាក់ពង្រឹងការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ជាពិសេសទប់ស្កាត់ភាពមិនប្រក្រតីសិស្សដែលនៅក្រៅសាលារៀន។
ដោយឡែកលោក គួន តៅ នាយកវិទ្យាល័យអគ្គតេជោអង្គព្រះស្ដេច កាលពីថ្ងៃទី៨ ខែកញ្ញា បានស្នើសុំកងកម្លាំងពីអាជ្ញាធរឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងជើង នៅក្នុងស្រុកសំរោង ខេត្តតាកែវ ដើម្បីសហការគ្នាចុះប្រមូលសិស្សដែលគេចសាលា មិនចូលរៀន នៅតាមកន្លែងលក់កាហ្វេ ភេសជ្ជៈ និងលក់បាយ ដែលមាន Wi-Fi ខណៈដែលកន្លែងទាំងនោះ បានបិទបាំងសិស្សឱ្យទៅប្រព្រឹត្ត«ពាលា»ផ្សេងៗដូចជា ការស៊ីផឹកគ្រឿងស្រវឹង ជក់បារីលេងល្បែងស៊ីសង និងលេងហ្គេមទូរស័ព្ទជាដើម។
ចំណែកស្នងការនគរបាលខេត្តព្រៃវែង លោក ឈឿន ប៊ុនឆន កាលពីថ្ងៃទី៦ ខែកញ្ញា ក៏បានណែនាំឱ្យកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលទាំង ១៣ក្រុង-ស្រុក ចាប់ផ្តើមចុះធ្វើយុទ្ធនាការផ្សព្វផ្សាយដល់ក្នុងសាលារៀន និងចាប់ប្រមូលក្មេងៗគេចវេះមិនចូលសាលារៀនទៅប្រមូលផ្ដុំគ្នាលេងហ្គេម លេងទូរស័ព្ទ និងជួបជុំពពាក់ពពូនគ្នាមកធ្វើការអប់រំណែនាំ។
លោកបានឱ្យដឹងថា ក្រោយការអនុវត្តគឺបានប្រមូលសិស្សដែលគេចសាលា បានជាច្រើនករណី ហើយវាក៏មិនបានធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពរបស់សិស្សសាលាទាំងនោះដែរ ក៏ប៉ុន្តែបើនគរបាលមិនចូលរួមធ្វើទេនោះ ក្មេងៗជាច្រើនអាចនឹងបោះបង់ការសិក្សាចោលដោយសាររៀនមិនទាន់គេ ឬគ្មានឈ្មោះប្រឡងជាដើម។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
លោក ឈឿន ប៊ុនឆន បញ្ជាក់ថា៖ «បើលោកគ្រូ អ្នកគ្រូ អាណាព្យាបាល ឪពុកម្តាយ ប្រជាពលរដ្ឋ ឬនគរបាលមិនចូលរួមកែតម្រូវបញ្ហានេះទេ អនាគតក្មេងៗទាំងនោះអាចក្លាយទៅជាជំងឺសង្គម ដែលត្រូវតាមព្យាបាលគ្មានដែនកំណត់។ ម្យ៉ាងការអភិវឌ្ឍប្រទេសជាតិក៏នឹងជួបការលំបាកដោយសារតែក្មេងៗសិស្សសាលាដែលយើងមើលឃើញសព្វថ្ងៃអនាគតគឺជាអ្នកមានចំណែកចូលរួមសម្រេចជោគវាសនាជាតិផងដែរ»។
ជុំវិញរឿងនេះ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងថា ការដែលសិស្សមួយចំនួនមិនចូលរៀន មួយផ្នែកអាចមកពីពួកគាត់មើលឃើញមានការផ្សព្វផ្សាយគ្រឿងស្រវឹងនៅគ្រប់ទីកន្លែងសាធារណៈ ដូច្នេះហើយ វាជាអ្វីដែលធ្វើឱ្យយុវជន ពួកគាត់ភ្លើតភ្លើន ទៅតាមការផ្សាយពាណិជ្ជកម្មទាំងនោះ ហើយយកពេលវេលារៀនសូត្រ ទៅសាកឬប្រើប្រាស់ជាដើម។
មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្នើសុំធ្វើការពន្យល់លើបញ្ហានេះបានទេ កាលពីថ្ងៃទី១៤ ខែកញ្ញានេះ៕