ភ្នំពេញៈ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទៅដល់អាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនប្រកបដោយសុវត្ថិភាព នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ១៤ កញ្ញា ២០២៣ និងត្រូវបានទទួលស្វាគមន៍ដោយ លោក ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស អមដំណើរដោយ លោកស្រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រភិភូ នៃរាជរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែកញ្ញា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ក៏នឹងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី ២០ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិនផងដែរ។ នេះបើយោងតាមហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត។
នៅពេលទៅដល់ទីក្រុងប៉េកាំង លោក ហ៊ុន ម៉ាណែត បានចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វីរបុរសចិន នៅមហាទីលានធានអានមិនក្នុងរដ្ឋធានីប៉េកាំង បន្ទាប់មកលោកបានជួបពិភាក្សាការងារជាមួយ លោក ហាន ស៊ាជុន ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group។
បន្ទាប់មកលោកបានជួបជាមួយ លោក វ៉ាង តុងជូ ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) និងជួបជាមួយលោក វិន ស៊ូកាំង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group។ នៅរសៀលថ្ងៃដដែលនោះ លោកនាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយលោក លាំង ហ័រប្រធាន ក្រុមហ៊ុន Huawei Technology Co., Ltd ផងដែរ។នេះបើយោងតាមហ្វេសប៊ុកលោកហ៊ុន ម៉ាណែត។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន គឺជាជម្រើសសមស្របតាមភូមិសាស្ត្រ និងផលប្រយោជន៍ជាតិ។ លោកថា កម្ពុជាប្រកាន់យកគោលនយោបាយអព្យាក្រឹត អចិន្រៃ្តយ៍មិនចូលបក្សសម្ព័ន្ធ តែរួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោកដែលបង្ហាញពីនយោបាយការបរទេសបែបចម្រុះពណ៌ដ៏សមស្របបំផុតសម្រាប់ស្ថានភាពជាក់ស្តែងរបស់កម្ពុជាក៏ដូចជាសមស្របទៅនឹងបរិបទពិភពលោក។
លោកបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន គឺជាជម្រើសសមស្របបំផុតបើគិតអំពីភូមិសាស្ត្រ និងផលប្រយោជន៍សេដ្ឋកិច្ច ពីព្រោះចិនគឺជាប្រទេសជិតខាងក្នុងតំបន់ ជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងពិភពលោក និងជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា»។
បើតាមលោកបូណា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នេះ សបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ និងស្អិតល្មួតរវាងប្រទេស និងប្រជាជនទាំង ២។ ស្នូលនៃទំនាក់ទំនងដ៏ល្អនេះ គឺឈរលើស្មារតីមិត្តភាពស្មើមុខមាត់គ្នា ផ្តល់តម្លៃឱ្យគ្នា គោរពផលប្រយោជន៍គ្នាទៅវិញ-ទៅមក និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។
លោកបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជាទៅទស្សនកិច្ចប្រទេសចិន មិនមែនមានន័យថា កម្ពុជាបោះបង់ប្រទេសដទៃនោះឡើយ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា នៅតែរីករាយស្វាគមន៍ និងរាប់អានមិត្តបរទេសគ្រប់ទិសទីដោយមិនប្រកាន់ថា ប្រទេសតូចឬធំ មានឬក្រឡើយ ពោលគឺកម្ពុជាផ្តល់តម្លៃជាមិត្តភាពស្មើៗគ្នា ជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក និងក៏ប្រាថ្នាចង់បានមកវិញនូវការផ្តល់តម្លៃបែបនេះដូចគ្នាដែរពីសំណាក់មិត្តបរទេសក្នុងនាមជារដ្ឋអធិបតេយ្យមួយ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងមានតម្លៃខ្ពស់ សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំង ២ កម្ពុជា-ចិន។ ទី១ តាមរយៈដំណើរទស្សនកិច្ចនេះ មានអត្ថន័យជានិមិត្តរូបនយោបាយនៃទំនាក់ទំនងប្រទេសទាំង ២ ព្រមទាំងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កាន់តែរឹងមាំ ឈរលើមូលដ្ឋានដែលកំពុងរឹងមាំស្រាប់។
លោកថ្លែងថា៖ «ទំនាក់ទំនងកម្ពុជា ចិននេះ គឺបានមកដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ ទី១គឺប្រទេសទាំង ២ បានប្រកាសពីមិត្តភាពដែកថែប ទី ២ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទី ៣ បានចុះកិច្ចព្រមព្រៀងកសាងសហគមន៍កម្ពុជា-ចិន ដែលមានជោគវាសនារួមគ្នា និងទី ៤ មានកិច្ចសហប្រតិបត្តិការ ឆកោណត្បូងពេជ្រ»។
លោក គិន ភា លើកឡើងថា តាមរយៈភាពរឹងមាំដែលមានស្រាប់នៃប្រទេសទាំង ២ នេះ ធ្វើឱ្យដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំង ២ រឹងមាំមានស្ថិរភាព និងកាន់តែមានការអភិវឌ្ឍ។
លោកបានបញ្ជាក់ថា ជាផលប្រយោជន៍សម្រាប់កម្ពុជា ក្នុងដំណើរទស្សនកិច្ចនេះ ទី១ គឺកម្ពុជានឹងកាន់តែមានភាពស៊ីជម្រៅលើទិដ្ឋភាព និងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន ដែលជាប្រទេសមហាអំណាចដ៏សំខាន់មួយក្នុងពិភពលោក។
មួយវិញទៀត ដំណើរទស្សនកិច្ចនេះក៏នឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដែលអាចមានអ្នកវិនិយោគថ្មីៗចូលមកកម្ពុជាបន្ថែមទៀតព្រមទាំងមានការផ្លាស់ប្តូរពាណិជ្ជកម្មផ្សេងៗផងដែរ។ បន្ថែមលើនេះវិស័យទេសចរណ៍ ក៏អាចទទួលបានភ្ញៀវទេសចរចិនមកកាន់កម្ពុជាបន្ថែមទៀត ខណៈជំនួយផ្សេងៗទៀត អាចនឹងត្រូវបានផ្តល់ជូន តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ១២ ខែកញ្ញា បានឱ្យដឹងថា ដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ធ្វើឡើងតបតាមការអញ្ជើញរបស់ លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងដំណើរទស្សនកិច្ចនេះ លោកហ៊ុន ម៉ាណែត នឹងជួបសម្តែងការគួរសម ដោយឡែកពីគ្នាជាមួយ លោក ស៊ី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។
ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង និយាយអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំង ២ ផងដែរ។ ក្រៅពីទស្សនកិច្ចផ្លូវការ លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៍ អាស៊ាន-ចិន លើកទី ២០ នៅថ្ងៃទី ១៦-១៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី។
ក្រសួងការបរទេសបានបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២»៕