ភ្នំពេញៈ តាមរយៈជំនួបត្រីភាគីរវាងតំណាងទូតបារាំងប្រចាំកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ភាគីបារាំងបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិស័យរបបសន្តិសុខសង្គម។
ការប្តេជ្ញានេះធ្វើឡើងនៅក្នុងជំនួបរវាងលោក ហ្សាក់ ប៉ឺលឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី សង់ ឌ្រីន ប៊ូស្សេ នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ នាទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣។
ក្រសួងការងារបានផ្សព្វផ្សាយលើហ្វេសប៊ុកថា រដ្ឋាភិបាលសាធារណរដ្ឋបារាំង និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិស័យរបបសន្តិសុខសង្គម (ប.ស.ស.)។
បើតាមក្រសួងការងារ ក្នុងជំនួបនោះលោកហ្សាក់ ប៉ឺលឡេ បានលើកឡើងថា៖ «រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារ AFD នៅតែប្ដេជ្ញាបន្តគាំទ្រលើការអភិវឌ្ឍកម្ពុជាដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ននានា។ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺមានការពាក់ព័ន្ធនឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងរបបសន្តិសុខសង្គម»។
ក្នុងឱកាសនោះ លោកស្រី សង់ឌ្រីន ប៊ូស្សេ ក៏បានបញ្ជាក់ពីការបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធលើការអនុវត្តគម្រោង និងសកម្មភាពពាក់ព័ន្ធនានារបស់ក្រសួងការងារពិសេសផ្តោតលើវិស័យ TVET និង ប.ស.ស.។ លោកស្រីថ្លែងថា៖ «ទីភ្នាក់ងារ AFD ក៏មានគោលដៅសម្រាប់គម្រោងទំនើបភា វូបនីយកម្មរបស់ប.ស.ស.ផងដែរដែលក្នុងនោះរួមមានការអភិវឌ្ឍ និងគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៃប.ស.សឱ្យស្របទៅនឹងការរីកចម្រើននៃវិស័យសន្តិសុខសង្គមក្នុងប្រទេសកម្ពុជា»។
ជាការឆ្លើយតបលោក ហេង សួរ បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតបារាំង និងលោកស្រីនាយិកា AFD ដែលបានមកពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នេះ។
លោកបានបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការទាំងនេះក៏ស្របទៅនឹងអនុសាសន៍សំខាន់ៗមួយចំនួនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលរាជរដ្ឋាភិបាលនីតិកាលទី ៧ ទើបនឹងដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះផងដែរ»។
លោករដ្ឋមន្ត្រីក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលបារាំង ពិសេសជាមួយគម្រោងរបស់ទីភ្នាក់ងារ AFD ដើម្បីសម្រេចឱ្យបានលទ្ធផលជាអតិបរមា។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនេះដែរ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានថ្លែងនៅថ្ងៃទី ១៤ ខែកញ្ញាថា ការគាំទ្ររបស់បារាំងជាមួយក្រសួងការងារកម្ពុជា ពិតជាល្អណាស់សម្រាប់យុវជន និងពលរដ្ឋខ្មែរ។
លោកថា៖ «យុវជនក៏ដូចជាប្រជាពលរដ្ឋទូទៅអាចមានឱកាសកាន់តែច្រើនក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញផ្សេងៗឆ្លើយតបទៅនឹងតម្រូវការ និងបង្កើនឱកាសការងារដល់យុវជន រីឯរបបសន្តិសុខសង្គម ខ្ញុំសង្ឃឹមថា តាមរយៈកិច្ចសហប្រតិការនេះ នឹងជួយឱ្យវិស័យមួយនេះកាន់តែពង្រីកវិសាលភាពគ្រប់ដណ្តប់ពលរដ្ឋទូទៅកាន់តែច្រើនថែមទៀត»។
ចំណែក លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ក៏បានលើកឡើងដែរថា វាជាការល្អ ប្រសិនបើភាគីបារាំងជួយលើកផ្នែកបច្ចេកទេស និងជួយជាធនធានក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលអាចឱ្យយុវជន ក៏ដូចជាប្រជាជនកម្ពុជាមានជំនាញច្រើនជាងមុន។
លោកថា៖ «តាមយើងមើលឃើញផែនការរបស់រាជរដ្ឋាភិបាលថ្មីនឹងបណ្តុះបណ្តាលជំនាញទៅដល់កម្មករនិយោជិត និងយុវជនរហូតដល់ជាង ១ លាន ៥ សែននាក់។ អ៊ីចឹងខ្ញុំគិតថា វាជាការចូលរួមចំណែកមួយផ្នែកពីខាង AFD លើកម្មវិធីនេះដែរ»៕