ភ្នំពេញៈ ​លោក សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​​រក្សា​សន្តិភាព ​បាន​អះអាងថា ការដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​ពី​លំ​ហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិការ​ពហុ​ជាតិ​លើ​ទីលាន​សកម្មភាព​មីន​មនុស្សធម៌​នាពេលនេះ​គឺជា​ការបង្ហាញឱ្យឃើញ​ពី​សមត្ថភាព និង​បទ​ពិសោធន៍​លើ​ជំនាញ​សកម្ម​ភាព​មីន​នេះ​ផងដែរ​។​

​លោក​បានលើកឡើង​ដូច​នេះ​កាលពី​ពីថ្ងៃ​ទី ​១៣ ខែកញ្ញា ឆ្នាំ​ ២០២៣ ក្នុង​ពិធី​បើក​លំ​ហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិការ​ពហុ​ជាតិ​លើ​ទីលាន​សកម្ម​ភាព​មីន​មនុស្សធម៌​ក្នុង​ក្របខ័ណ្ឌ​កិច្ច​​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-​បូក ក្រោម​ប្រធានបទ «​មាតុភូមិ​ដ៏​បវរ​ឆ្នាំ ​២០២៣»​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​

​លោក​ សែម សុវណ្ណនី ដែលជា​នាយ​ឧ​ត្ត​ម​សេនីយ៍ និង​អនុប្រធាន​ទី​១​ គណៈកម្មាធិការ​ជាតិ​ផង​នោះ បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា​៖ «​នៅក្នុង​លំ​ហាត់​ហ្វឹកហ្វឺន​នេះ កម្ពុជា​ធ្វើជា​សហប្រធាន​រៀបចំ​ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន និង​មានការ​ចូលរួម​កងទ័ព​បណ្តា​ប្រទេស​ចំនួន​ ១៤ ក្នុង​តំបន់​អាស៊ាន​បូក​ចិន អាមេរិក អូស្ត្រាលី ឥណ្ឌា ជប៉ុន សាធារណរដ្ឋ​កូរ៉េ និង​សហព័ន្ធរុស្ស៊ី​ផងដែរ​»​។​

​លោក​បាន​បន្តថា ការហ្វឹកហ្វឺន​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​មនុ​ស្ស​ធម៌​ផ្នែក​យោ​ធា ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញ​ទៅមក ការប្រើប្រាស់​សម្ភារ​បច្ចេក​វិទ្យា​ដោះមីន​ទំនើប និង​ការធ្វើ​នវានុវត្តន៍​ដោះមីន និង​ការកម្ទេច​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ហើយ​តាមរយៈ​លំ​ហាត់​ហ្វឹកហ្វឺន​នេះ​ក៏​នឹង​រួមចំណែក​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ ​២០២៥ ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​លំ​ហាត់​ហ្វឹកហ្វឺន​លើក​ទី១ ​នាពេលនេះ ជាការ​បង្ហាញឱ្យឃើញ​ពី​ការទទួលស្គាល់​ចំពោះ​សមត្ថភាព និង​បទពិសោធន៍​លើ​ជំនាញ​សកម្មភាព​មីន​មនុស្សធម៌ និង​ដើម្បី​ជា​ឱកាស​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​រវាង​គ្នា​ទៅវិញទៅមក ជាពិសេស​បង្កើន​ចំណង​សាមគ្គីភាព មិត្តភាព​រវាង​បណ្តា​ប្រទេស​ក្នុង​អាស៊ាន និង​តំបន់​ផងដែរ​»​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព គិត​ចាប់ពី​ការបង្កើត​សាលា​ហ្វឹកហ្វឺន​នេះមក កម្ពុជា​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​លើ​លំ​ហាត់​ហ្វឹកហ្វឺន​ពហុ​សាសន៍​រួមមាន លំ​ហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ពហុ​ជាតិ «​ឆ្មាំ​អង្គរ​» ​សរុប​ចំនួន​ ៣​ លើក មាន​ប្រទេស​ចូលរួម​ចំនួន​៩ ​ដោយ​ហ្វឹកហ្វឺន​លើ​ទីលាន និង​ ២៣ ​ប្រទេស​ហ្វឹកហ្វឺន​នៅ​ទីបញ្ជាការ​ដែលជា​ការឧបត្ថម្ភ​របស់​គម្រោង GPOI​។

​សេចក្តីប្រកាស​បន្តថា វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស​ប្រឆាំង​បន្សាប​គ្រឿង​​ផ្ទុះ​កែច្នៃ និង​កម្ទេច​គ្រឿងផ្ទុះ ថ្នាក់​អាស៊ាន និង​តំបន់ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សាធារណរដ្ឋ​បារាំង​ចំនួន​ ៥ ​វគ្គ មាន​ប្រទេស​ចូលរួម​សរុប​ចំនួន ​១២​។​

​លោក​ សែម សុវណ្ណនី ក៏បាន​បញ្ជាក់ដែរថា​៖«​ថ្វី​ដ្បិត​នេះ​ជា​លើកដំបូង​ ដែល​កម្ពុជា​រៀបចំ​លំ​ហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិ​ការ​ពហុ​ជាតិ​លើ​ទីលាន​សកម្មភាព​មីន​មនុស្សធម៌ តែ​ខ្ញុំ​រំពឹង​យ៉ាង​មុតមាំ​ថា ការហ្វឹកហ្វឺន​នេះ នឹង​ប្រព្រឹត្តទៅបាន​យ៉ាង​ល្អ ព្រមជាមួយ​នឹង​ឱកាស​ក្នុងការ​អនុវត្ត​លំ​ហាត់​ហ្វឹកហ្វឺន​ពហុ​ជាតិ​ជា​បន្តបន្ទាប់​ទៀត​នៅ​កម្ពុជា​»​។​

​នាឱកាស​នោះដែរ លោក យ៉ាង ប៊ី​ន​ប៊ី​ន នាយរង​សេនាធិការ​សម្ព័ន្ធ​អង្គភាព​ទ័ព​លេខ ​៧៥ ​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​ថ្លែង​ដែរ​ថា លំ​ហាត់​ហ្វឹកហ្វឺន​នេះ ​គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុង​វិស័យ​សន្តិសុខ ដោះស្រាយ​បញ្ហា​មីន​ក្នុង​តំបន់ និង​លើកកម្ពស់​សុវត្ថិ​ភាព និង​សុខុមាលភាព​របស់​ប្រជា​​ជន​ក្នុង​តំបន់​ផងដែរ​។​

​លោក​ថា​៖ «​យើង​សង្ឃឹមថា នឹង​ធ្វើការ​ជាមួយ​អាស៊ាន​ដើម្បី​លើកកម្ពស់​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​សន្តិសុខ​សកល ​(GSI)​ ក្នុង​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​លើ​ការដោះស្រាយ​បញ្ហា​ប្រឈម​នៃ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​រួមគ្នា​កសាង​របាំង​សន្តិសុខសម្រាប់​តំបន់​ទាំងមូល​»​។​

​សូម​បញ្ជាក់ដែរថា អំឡុងពេល​ ១០ ​ថ្ងៃ ​(១៣-២៣ ខែកញ្ញា​)​ នៃ​វគ្គ​ហ្វឹក​​ហ្វឺ​ន​នេះ​ សិក្ខាកាម​នឹងមាន​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​តំបន់​ទេស​ចរណ៍ ​ដែល​កំពុងមាន​សក្តានុពល​នៅ​កម្ពុជា ​រួមទាំង​ធ្វើ​កិច្ចការ​មនុស្សធម៌​បន្ថែម​លើ​ការហ្វឹកហាត់​នៅ​ទីលាន​។​

​ជាមួយគ្នា​នោះ​ក៏មាន​ការសម្តែង​សិល្បៈ​រវាង​កម្ពុជា​-​ចិន​ ដើម្បី​បង្ហាញ​ប្រពៃណី​ទំនៀមទម្លាប់​ផងដែរ​៕