ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យប្រជាកសិករនៅតាមតំបន់ជនបទ និងតំបន់ដែលដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹកត្រូវសន្សំសំចៃទឹកទុកសម្រាប់ប្រើប្រាស់ក្នុងកម្រិតខ្ពស់ ដោយសារឆ្នាំនេះ រដូវរស្សាមានរយៈពេលលឿនជាងឆ្នាំមុន ដែលនឹងបញ្ចប់នៅចុងខែតុលាខាងមុខនេះ។
សេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី ១៣ កញ្ញា ឱ្យដឹងថា នៅកម្ពុជា រដូវវស្សា ក្នុងខែកញ្ញាឆ្នាំនេះក្រសួងព្យាករថា ស្ថានភាពភ្លៀងជាទូទៅធ្លាក់មិនសូវបានរាយប៉ាយផ្ទៃដីរងទឹកភ្លៀងប្រមាណ ៤០ ទៅ ៦០ ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះនៅក្នុងភូមិសាស្ត្រ តំបន់ជួរភ្នំ ខ្ពង់រាប និងនៅតំបន់មាត់សមុទ្រ។
សេចក្ដីប្រកាសបានឱ្យដឹងទៀតថា នៅក្នុងខែតុលា និងខែវិច្ឆិកាខាងមុខនេះ ទាំងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ និងកម្រិតទឹកភ្លៀងបន្តធ្លាក់ថមថយ មកនៅក្នុងកម្រិតប្រែប្រួលពីខ្សោយទៅមធ្យម លាយឡំទៅដោយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ជាមួយនឹងផ្ទៃដីរងទឹកភ្លៀងប្រមាណពី ៣០ ទៅ ៤០ ភាគរយ។ ដូច្នេះរដូវវស្សាឆ្នាំ ២០២៣ នេះ នឹងបញ្ចប់ទៅលឿនជាងឆ្នាំ ២០២២ ដែលធ្វើឱ្យតំបន់ខ្ពង់រាប នឹងបញ្ចប់រដូវវស្សានៅក្នុងសប្ដាហ៍ទី៣ នៃខែតុលាហើយនិងធ្វើឱ្យតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ នឹងបញ្ចប់រដូវវស្សានៅក្នុងសប្តាហ៍ទី ៤ នៃខែតុលា។
ក្រសួងបញ្ជាក់ថា៖ «យោងលើស្ថានភាពអាកាសធាតុដូចបានព្យាករ ក្រសួងធនធានទឹក និងឧតុនិយមសូមអំពាវនាវឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក»។
ពាក់ពន្ធករណីនេះលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ ថ្លែងថា ក្រោយពីទទួលបានព័ត៌មានពីក្រសួងធនធានទឹក អាជ្ញាធរខេត្ត ក៏ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ចុះទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹង ដើម្បីចូលរួមប្រើប្រាស់ទឹកដែលមានត្រូវសន្សំសំចៃ ដោយសារឆ្នាំនេះនៅរដូវវស្សា មានរយៈពេលលឿនជាងឆ្នាំមុនៗ ដែលនឹងធ្វើឱ្យចំនួនទឹកភ្លៀង ដែលធ្លាក់មកមានចំនួនតិចតួចដែរ។
លោកបន្តថា ក្រៅពីការផ្សព្វផ្សាយ អាជ្ញាធរខេត្ត មានការត្រៀមវិធានការរួចហើយ ដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្វះខាតទឹកនៅតាមតំបន់ជនបទ ពីព្រោះខេត្តព្រះវិហារ បានសាងសង់ប្រព័ន្ធធារាសាស្ត្រច្រើននៅតាមតំបន់មូលដ្ឋាន ហើយថែមទាំងមានអាងស្ដុកទឹក«រក្សា» ដែលស្ថិតនៅលើដងស្ទឹងសែន សម្រាប់ទុកបើកជូនប្រជាពលរដ្ឋដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងប្រជាពលរដ្ឋដែលប្រកបអាជីវកម្ម និងកសិកម្មផងដែរ។
លោកបញ្ជាក់ថា៖ «នៅខាងខ្ញុំមិនមានការព្រួយបារម្ភចំពោះការខ្វះខាតទឹកនោះទេ ដោយសារយើងមានប្រភពទឹកជាច្រើន ហើយប្រសិនជាយើងមានការខ្វះខាតគឺយើងអាចបើកអាងស្ដុកទឹកហ្នឹងចែកចាយជូនប្រជាពលរដ្ឋយើងតែម្ដង»។
ជាមួយគ្នានេះ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ក៏បានឱ្យដឹងដែរថា នៅរដូវនេះខេត្តបាត់ដំបង មានទឹកភ្លៀងហៀរហូរនៅគ្រប់តំបន់មូលដ្ឋាន។ លោកបន្តថា ក្រៅពីប្រជាពលរដ្ឋ ពឹងទៅលើទឹកភ្លៀងហើយក៏មានប្រព័ន្ធប្រឡាយទឹក អាងស្ដុកទឹក និងមានស្ទឹង បឹងជាច្រើនថែមទៀតផងដែរ។ លោកឱ្យដឹងទៀតថា ដូច្នេះអាជ្ញាធរខេត្តមិនមានការបារម្ភរឿងខ្វះខាតទឹកអ្វីទេ ក៏ប៉ុន្តែទោះបីមិនខ្វះខាតទឹកប្រើប្រាស់ក៏ពិតមែន តែអាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយកុំខ្ជះខ្ជាយ។
លោកបញ្ជាក់ថា៖ «ជាទូទៅរឿងខ្វះខាតទឹកស្អាតសម្រាប់ពិសានេះ គឺយើងមិនមានការខ្វះខាតទេ ប៉ុន្តែចំពោះការបង្កបង្កើនផលដំណាំស្រូវ មានកន្លែងខ្លះខ្វះទឹកមិនអាចស្រោចស្រពគ្រប់កន្លែងបាន។ អ៊ីចឹង! ឥឡូវយើងមានទឹកគ្រប់គ្រាន់ប្រើប្រាស់ ប៉ុន្តែយើងក៏ត្រូវចេះសន្សំសំចៃវាទុក្ខប្រើពេលក្រោយទៀតដែរ»៕