ភ្នំពេញៈ លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក ស ថេត អគ្គស្នងការនគរបាលជាតិក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា បានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបារាជធានីភ្នំពេញធ្វើការកែសម្រួលចំពោះឯកសណ្ឋានថ្មីរបស់មន្ត្រីជាប់កិច្ចសន្យា ដែលនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខនេះ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «ការកែសម្រួលឯកសណ្ឋានមន្ត្រីជាប់កិច្ចសន្យាដែលជាមន្ត្រីជំនួយការសហការការងារជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីជាប់កិច្ចសន្យាឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភារកិច្ចចូលរួមថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងក៏ដើម្បីចៀសវាងកុំឱ្យមហាជនយល់ច្រឡំជាមន្ត្រីនគរបាលចរាចរណ៍»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រចាំកម្ពុជា បានថ្លែងនៅថ្ងៃទី១៧ ខែកញ្ញា ដោយបង្ហាញឆន្ទៈគាំទ្រចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចកែសម្រួលឯកសណ្ឋានថ្មីមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យានេះដើម្បីឱ្យមានលក្ខណៈប្លែក ដើម្បីងាយស្រួលក្នុងការចំណាំ។
លោកបញ្ជាក់ថា ការកែសម្រួលនេះ គ្រាន់តែខុសគ្នារវាងឯកសណ្ឋានប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ គឺការអនុវត្តជាក់ស្តែងលើការងារនៃមន្ត្រីទាំង២ប្រភេទនេះ ដូច្នេះមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា ត្រូវផ្តោតលើការសម្រួលចរាចរណ៍ឱ្យបានច្រើន ដោយមិនអនុញ្ញាតឱ្យផាកពិន័យ ពិសេសត្រូវបន្ថែមមន្ត្រីប្រភេទនេះ ឱ្យបានច្រើន សម្រាប់សម្រួលចរាចរណ៍នៅតាមតំបន់ដែលមានការកកស្ទះខ្លាំង ទាំងនៅពេលព្រឹក និងពេលល្ងាច។
លោក គឹម បញ្ញា ប្រាប់ថា៖«ចំពោះមន្ត្រីនគរបាលចរាចរណ៍ដែលជាមន្ត្រីក្របខ័ណ្ឌ និងពេញសិទ្ធិ ដែលមានតួនាទីក្នុងការផាកពិន័យលើករណីល្មើសចរាចរណ៍ ត្រូវពង្រឹងសមត្ថភាពតាមរយៈបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានក្រមសីលធម៌ក្នុងនាមជាមន្ត្រីមានសមត្ថកិច្ច ដើម្បីឱ្យការអនុវត្តច្បាប់មានភាពរលូន សមស្រប ត្រឹមត្រឹម តម្លាភាព និងស្មើភាព ដើម្បីទាក់ទាញឱ្យមានការចូលរួម ពីប្រជាពលរដ្ឋ ឈានដល់ការកាត់បន្ថយការស្លាប់ និងរបួសពីគ្រោះថ្នាក់ចរាចរណ៍»។
តាមរយៈសារសំឡេងដែលបានផ្សព្វផ្សាយលើគេហទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ កាលពីដើមខែកញ្ញាកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានស្នើឱ្យមន្ត្រីពាក់ព័ន្ធធ្វើការពិនិត្យ និងសិក្សាឡើងវិញពីឯកសណ្ឋានរបស់មន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា ដោយបានណែនាំថា មិនត្រូវប្រើឯកសណ្ឋានដូចគ្នាទៅនឹងនគរបាលចរាចរណ៍ទេដោយត្រូវពិនិត្យសាឡើងវិញនូវមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ បើអាចត្រូវឱ្យពួកគាត់ពាក់ឯកសណ្ឋានខុសពីប៉ូលិសចរាចរណ៍។
មន្ត្រីជាប់កិច្ចសន្យាសំដៅដល់មន្ត្រីមិនមែនជាមន្ត្រីរាជការក្របខ័ណ្ឌដែលត្រូវបានជ្រើសរើសទៅតាមនីតិវិធី និងផ្អែកលើមុខតំណែងកំណត់ដោយអនុក្រឹត្យ ដើម្បីបំពេញតម្រូវការជាក់ស្តែង និងចាំបាច់របស់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលជាមុខតំណែងបន្ទាប់បន្សំ និងមិនអចិន្រៃ្តយ៍មួយចំនួន ហើយការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យានេះមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃចំណាយសាធារណៈជាជាងការជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌដើម្បីបំពេញមុខតំណែងនោះ៕