ភ្នំពេញៈទោះ​បាន​ខក​ខាន​ប្រកួត​ច្រើន​ខែ ​ដោយ​សារ​បញ្ហា​របួស ​ប៉ុន្តែ​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម​ បឺត សង្ឃឹម នៅតែ​មិន​បាន​ធ្វើឱ្យ​អ្នក​គាំទ្រ​ខក​ចិត្តចំពោះ​ការវិល​មក​កាន់​សង្វៀន​ជា​ថ្មី ដោយ​រូ​បគេ​បាន​ផ្តួល​កីឡា​ករ​ថៃ Super.KSitmonchai ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​១ នៅ​សង្វៀន​ថោ​ន។​ចំណែក​កីឡាក​រ ម៉ា​នូ​ សិល្បៈ បាន​សុំទោ​ស​ជា​សា​ធារណៈ​ចំពោះ​កំហុស​របស់​ខ្លួន ​ដែល​បាន​បង្កើត​ឱ្យមាន​ឡើង​ក្នុង​ពេល​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ ​Payakdamនៅ​លើ​សង្វៀន​នេះ​ដែរ​។​

​​បញ្ហា​ដាច់​សរ​សៃ ​ACL ​ជង្គង់​ខាង​ស្តាំ ដែល​បន្សល់​ទុក​ពី​ការប្រ​កួត​ស៊ី​ហ្គេម​កាលពី​ខែឧសភា​ ឆ្នាំ​២០២៣ បាន​ធ្វើ​ឱ្យ​ បឺត សង្ឃឹម​ ត្រូវ​សម្រាក​ព្យា​បាល​អស់​ជិត​៣​ខែ ហើយ​របួស​នេះ ក៏បាន​ធ្វើ​ឱ្យ​អាជីព​ជា​អ្នក​ប្រដាល់​របស់​ម្ចាស់​មេ​ដាយ​ស៊ី​ហ្គេម​២​សម័យ​កាល​រូប​នេះ ​ស្ថិត​នៅក្នុង​ភាព​មិន​ច្បាស់​លាស់​ផង​ដែរ​ ខណៈ​គ្រូពេទ្យ​តម្រូវ​ឱ្យបឺត សង្ឃឹម​វះ​កាត់ដែល​អាច​ប្រើ​ពេល​ព្យា​បាល​ជិត​១​ឆ្នាំ​នោះ​។​

ទោះ​ជា​យ៉ាង​ណា ​បឺត​ សង្ឃឹ​ម មិន​បាន​វះ​កាត់​ទេ គឺ​រូបគេ​បាន​ជ្រើសរើ​ស​យក​កា​រព្យា​បាលដោយ​ការ​ធ្វើ​លំ​ហាត់​ប្រាណ និ​ង​ធ្វើ​ចល​នា​សរសៃជា​មួយ​ពេទ្យ​ជំនាញ​វិញ ​ហើយ​ជា​លទ្ធ​ផល​ បឺត សង្ឃឹម បាន​ជា​សះ​ស្បើយ​១០០​ភាគ​រយក្រោយ​ចំណាយ​ពេល​ព្យាបា​ល​ប្រមាណ​២​ខែ និង​បាន​ទទួលយ​ក​ការ​ប្រកួត​ជា​ថ្មីជាមួយ​កីឡាករ​ថៃ Super​.K Sitmonchai នៅលើ​សង្វៀន​ថោ​ននា​ថ្ងៃទី​១៧​ ខែកញ្ញា​​បន្ទាប់​ពី​បាន​ហ្វឹក​ហាត់​ត្រៀម​ប្រហែល​១​ខែ​។​

​តាម​រយៈ​ការ​បង្ហាញ​វត្តមាន​ជាថ្មី​នេះ ​បឺត​ សង្ឃឹម នៅ​តែមា​ន​សមត្ថ​ភាព និង​បច្ចេ​កទេស​វាយ​ចេញ​បាន​ល្អ​។ បើ​ទោះបី​ជា Super.K បាន​ព្យា​យាម​តាម​វាយ​សម្រុក​ដោយ​ការ​ម៉ាត់​ វាយ​កែង និង​ទាត់​ជើង​ក្រោម ​ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ចលនា​យ៉ាង​រហ័ស និង​ការ​វាយ​កាត់​លឿនៗ​របស់​ បឺត​សង្ឃឹម​ វា​ពិតជា​ធ្វើឱ្យ​កីឡាក​រ​ថៃ​ម្នាក់​នេះ មាន​ការ​ពិបាក​ខ្លាំងក្នុង​ការ​ចូល​ទៅ​កៀក ​បឺត សង្ឃឹម​។​

​យ៉ាងណា​ក៏ដោយ​ ការ​ម៉ាត់​ស្តាំ​ចូល​ផ្ទៃមុខ​ពេញ​របស់​ Super.K ក៏បាន​ធ្វើ​ឱ្យ ​បឺត ​សង្ឃឹម ​ចង់​សឺ​ផង​ដែរ​ ប៉ុន្តែ សង្ឃឹម​នៅតែ​​រក្សា​ស្ថាន​ភាព​ប្រកួត​បាន​ល្អ ​ហើយ​នៅពេល Super.Kបាន​ព្យាយា​ម​ចូល​កៀក និង​វាយ​កែង​ស្តាំ​ទៅលើ​ខ្លួន​នោះ ​បឺត សង្ឃឹម ​បាន​បុក​ជង្គង់​ឆ្វេង​ចូល​ឆ្អឹង​ជំនីរ​បាន​មុនបណ្តាលឱ្យ​ថៃ​ម្នាក់​នេះដួល​ផ្កាប់​មុខ​ទៅ​លើ​ខ្សែ​រេញ​ និង​សន្លប់​ធំ ​នៅ​ត្រឹម​ពាក់​កណ្តាល​ទឹក​ទី​១​។​

​ជ័យ​ជម្នះ​របស់​ បឺត សង្ឃឹម ពិតជា​ធ្វើឱ្យ​អ្នក​គាំទ្រ​មាន​ការ​រំភើប​ខ្លាំង ​និង​នៅតែ​សរសើរ​ពី​បច្ចេក​ទេស​វាយ​យ៉ាង​ល្អ​របស់​ម្ចាស់​មេ​ដាយ​ស៊ី​ហ្គេម ​ឆ្នាំ​២០២២ ​និង​ឆ្នាំ​២០២៣​រូបនេះ​។ ផ្ទុយ​ពីនេះ ​កីឡាករ​នី​ហ្សេ​រី​យ៉ា​មាន​សញ្ជាតិ​ខ្មែរ ម៉ា​​នូ សិល្បៈ បាន​បង្ហាញ​ការ​ខឹង​សម្បា​នឹង​កីឡាករ​ថៃ Payakdam ដែល​បាន​ទាត់​ត្រូវ​ប្រដាប់​ការ​ពារ(​ពង​ស្វាស​)​របស់​ខ្លួន ​សម្រាប់​ការ​ប្រកួត​នៅ​សង្វៀន​ថោ​ន​នេះ​ដែរ កាល​ពី​ថ្ងៃទី​១៦ ​ខែ​កញ្ញា​។​

​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាត់​ចំ​ប្រដាប់​ការ​ពារ​បណ្តាលឱ្យ​​ឈឺ​ចុក​អួល​ផ្សានេះ ម៉ា​នូ សិ​ល្បៈ បា​ន​ព្យាយា​ម​វាយ​ទាំងខុស​លក្ខ​ខណ្ឌ​ប្រកួត​ទៅ​លើ ​Payakdam វិញ នៅ​ពេល​កីឡា​ករ​ថៃ​ម្នាក់​នេះបាន​ដួល​ ហើយ​ជា​មួយ​អារ​ម្មណ៍​ឆេង​ឆាវ​នេះ ម៉ា​នូ ​បាន​ព្យា​យាម​វាយ​ទៅលើ Payakdam ទាំង​កំរោល​រហូត​ត្រូវបាន​កីឡា​ករ​ថៃ ​វាយ​កែង​បណ្តាល​ឱ្យ​បែក​លើ​ចុង​ចិញ្ចើម​ខាង​ឆ្វេង​នៅ​ចុង​ទឹក​ទី​១​។​

​ជាមួ​យ​របួស​នេះ បាន​ធ្វើឱ្យ​ ម៉ា​នូ កាន់​តែមាន​អារ​ម្មណ៍​ពុះ​កញ្ជ្រោលក្នុង​ការ​ចូល​វាយ​ប្តូរ​ជា​មួយ ​Payakdam ប៉ុន្តែ​ដោយ​សារ​មាន​ឈាម​ហូរ​ចូល​ភ្នែក​ច្រើនពិបាក​ក្នុង​ការ​ប្រកួត​បន្ត ម៉ា​នូ បាន​សម្រេច​សុំ​ឈប់​ការ​ប្រកួ​ត នៅ​ពាក់​កណ្តាល​ទឹក​ទី​២​នេះ​តែ​ម្តង​។

យ៉ាង​ណាក៏ដោ​យ ទាំ​ង​អ្នក​គាំទ្រ ​និង​ពិធីករ​ប្រចាំ​សង្វៀន​ថោ​ន មិន​បាន​គាំទ្រសកម្ម​ភាព​វាយ​ថែម​ខុស​លក្ខ​ខណ្ឌ​របស់ ​ម៉ានូ ​នោះ​ទេ ហើយ​រឹតតែ​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​ ម៉ានូ ប្រើ​អា​រម្មណ៍​ក្រេវ​ក្រោធ​ក្នុង​ពេល​ប្រកួត ដែល​ខុសពី​ទម្រង់ និង​ក្រម​សីល​ធម៌​របស់​អ្នក​ប្រដាល់​។​

​យ៉ាង​ណាក៏​ដោយ ​ចំពោះ​ហេតុ​ការណ៍​នេះ ម៉ា​នូ សិល្បៈ បា​នបង្ហាញ​អារម្មណ៍​ពិត​របស់ខ្លួ​ន ​ក្រោយ​ការ​ប្រកួត​ថា​៖ «​ខ្ញុំ​ដឹង​ថា គាត់ (Payakdam) មាន​ប​ទពិសោធន៍​ច្រើន និង​ជា​ម្ចាស់​ខ្សែ​ក្រវាត់ ​តែ​គាត់​វ៉ៃ​អត់​ត្រឹម​ត្រូវ​ទេ ហើយ​ខ្ញុំ​ស្អប់​ណាស់អ្នក​ទាត់​ចំពង ​ព្រោះ​គាត់​ចង់​ធ្វើឱ្យ​ខ្ញុំ​ខ្សោយ ​អ៊ីចឹង​នៅ​ពេល​គាត់​ធ្វើ​ខុស​ច្បាប់ ខ្ញុំ​ធ្វើ​ខុស​ច្បាប់​ទៅ​គាត់​វិញ​ដូច​គ្នា​»​។​

​ទោះ​បី​ជា​យ៉ាង​ណា ​ម៉ា​នូ បាន​សុំ​ទោស​ចំពោះ​ទង្វើ​របស់​ខ្លួន​នេះ ​ដោយ​បាន​បញ្ជាក់​ថា​៖ «​ឱ្យ​ខ្ញុំ​សូម​ទោស​បងប្អូន​ទាំង​អស់​គ្នា សូម​ទោស​លោក​អាជ្ញា​កណ្តាល ​និង​សូម​ទោស​ទូរទស្សន៍​ថោ​ន ដែល​ខ្ញុំ​បានធ្វើ​ខុសច្បា​ប់ គឺ​ពេល​គាត់​ដួល ខ្ញុំ​វាយ​ថែម​ ព្រោះ​ពេល​នោះ ខ្ញុំ​ពិតជា​ខឹង​មែន​ទែន​ នៅពេល​គាត់​ទាត់​ត្រូវ​ពង​របស់​ខ្ញុំ​។ ខ្ញុំ​សូម​ប្រកួត​សង​សឹក​គាត់​វិញ ​ហើយ​បើ​វ៉ៃ​ដាក់​ខ្សែ​ក្រវាត់​គាត់​ទៀត​កាន់​តែ​ល្អ ព្រោះ​ខ្ញុំ​ខ្សោយ ហើ​យ​គាត់​ជា​អ្នក​ខ្លាំង​»៕