ភ្នំពេញៈ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (UNESCO) នាថ្ងៃទី ១៧ ខែកញ្ញា បានចុះរមណីយដ្ឋានប្រាសាទ កោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី ៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ហ្វេសប៊ុកយូណេស្កូប្រចាំកម្ពុជាបានឱ្យដឹងថា៖«អបអរសាទរប្រទេសកម្ពុជាដែលបានចុះបញ្ជីតំបន់ប្រាសាទកោះកេរ៖ រមណីយដ្ឋានបុរាណវិទ្យាលិង្គបុរៈឬឆោកគគីរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ!»។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖«អង្គការយូណេស្កូទទួលស្គាល់ពីសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រនិងស្ថាបត្យកម្មពិសេសនៃរមណីយដ្ឋានបុរាណវិទ្យាកោះកេរនិងតម្លៃជាសកលដ៏លេចធ្លោរបស់ខ្លួនដែលជាកិត្តិយសដល់កេរដំណែលដ៏យូរអង្វែងនៃអរិយធម៌ខ្មែរនិងការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាដើម្បីការពាររតនសម្បត្តិរបស់ខ្លួនសម្រាប់មនុស្សជាតិជំនាន់ក្រោយ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានថ្លែងតាមរយៈសារលិខិតថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូបានសម្រេចជាឯកច្ឆន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកថ្លែងថា៖ «ព្រឹត្តិការណ៍ថ្មីនេះ គឺជាមោទនភាពមួយទៀតសម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើងដែលកេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរៈ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាងក្នុងសតវត្សរ៍ទី១០(៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»។
លោកបន្តថា ដូចករណីមុនៗដែរ ការស្នើសុំចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាលទ្ធផលនៃកិច្ចដំណើរការងារដ៏យូរ និងលំបាកស្មុគស្មាញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ជាពិសេសការរៀបចំឯកសារ ការត្រួតពិនិត្យ និងវាយតម្លៃដោយអ្នកជំនាញការជាតិ និងអន្តរជាតិ ដែលបានប្រព្រឹត្តទៅក្នុងដំណាក់កាលដែលកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា៖ «ដំណើរការដ៏ស្វិតស្វាញនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ជាក់ពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌របស់កម្ពុជា ជាពិសេសសម្រេចឱ្យបាននូវការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកសម្រាប់ជាសម្បត្តិមនុស្សជាតិទាំងមូលនិងការពង្រឹងមោទនភាពជាតិ»៕