
លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកបង្ហាញក្តាម នៅក្នុងពិធីសុវត្ថិភាពចំណីអាហារពិភពលោកនៅ Sofitel Hotel កាលពីថ្ងៃទី១៦សីហា ឆ្នាំ២០២៣។ ហុង មិនា
ភ្នំពេញៈក្រសួងកសិកម្ម និងអង្គការយូនីដូ (UNIDO) សហការគ្នាជំរុញការនាំចេញផលិតផលជលផលកែច្នៃរួចំនួន២មុខគឺទឹកត្រី និងប្រហុក ទៅកាន់ទីផ្សារអឺរ៉ុបនាឆ្នាំ២០២៤ ខាងមុខ ខណៈដែលបច្ចុប្បន្នភាគីពាក់ព័ន្ធកំពុងជំរុញការអនុវត្តស្តង់ដាសុវត្ថិភាពចំណីអាហារឱ្យបានត្រឹមត្រូវជាពិសេសការគិតគូរលើសម្បកវេចខ្ចប់ដើម្បីនាំចេញទៅកាន់ទីផ្សារមួយនេះ។
នៅក្នុងពិធីបើកដំណើរទស្សនកិច្ចសិក្សានិងផ្សព្វផ្សាយពីសហគ្រាសជលផលក្រោយប្រមូលផលដែលទទួលផលពីគម្រោង CAPFish នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា ការអភិវឌ្ឍខ្សែចង្វាក់តម្លៃផ្តោតការយកចិត្តទុកដាក់ជាពិសេសលើបច្ចេកវិទ្យាកែច្នៃនិងគ្រប់គ្រងគុណភាពដើម្បីធានាថាផលិតផលជលផលកម្ពុជាមានទាំងគុណភាពនិងសុវត្ថិភាពដើម្បីផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុកនិងក្រៅប្រទេស។
កញ្ញាបន្ថែមថាការងារសមតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលមានបំណងសម្រេចឱ្យបាននូវការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិរួមទាំងសហភាពអឺរ៉ុប។
កញ្ញាអ៊ឹម រចនាថ្លែងថា ៖«មែនទែនទៅចំពោះការរុញទីផ្សារផលិតផលជលផលរបស់យើងទៅកាន់ទីផ្សារអឺរ៉ុបនេះដូចបានដឹងស្រាប់យើងបានបញ្ជាក់ជូនកន្លងមកហើយថាយើងបានធ្វើការជិតស្និទ្ធមែនទែនជាមួយអង្គការយូនីដូតាមរយៈរដ្ឋបាលជលផល។ដូច្នេះ វាជាការងារមួយ ដែលត្រូវការពេលវេលាដែរហើយបញ្ហាប្រឈមនៅតែមាន ប៉ុន្តែយើងកំពុងតែដោះស្រាយហើយ»។
កញ្ញាបន្តថា៖«យើងនៅតែបន្តគាំទ្រដោយសារតែការស្វែងរកទីផ្សារសម្រាប់ផលិតផលជលផលនិងផលិតផលកសិផលផ្សេងទៀតគឺជាគោលនយោបាយមួយដែលយើងបានដាក់ចេញដើម្បីជំរុញវិស័យកសិកម្មរបស់យើង»។
ជាមួយគ្នានេះដែរលោក ពុំសុថាប្រធានរដ្ឋបាលជលផលបានឱ្យដឹងដែរថារដ្ឋបាលជលផលដែលជាសេនាធិការមួយបស់ក្រសួងកសិកម្មកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) ក្រោមហិរញ្ញប្បទានគាំទ្រពីសហភាពអឺរ៉ុបសហការជាមួយអង្គការ UNIDO បានចូលរួមចំណែកក្នុងការបង្កើតវប្បធម៌សុវត្ថិភាពម្ហូបអាហារនិងបានរៀបចំបង្កើតនិងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) សម្រាប់លើកទឹកចិត្តវិស័យឯកជនអនុវត្ត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងតំបន់និងអន្តរជាតិ។
លោកបញ្ជាក់ថា៖«ការងារសមតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលមានបំណងសម្រេចឱ្យបាននូវការនាំចេញផលផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប។CQSត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗនេះ គឺដើម្បីរួមចំណែកលើកកម្ពស់ ពាណិជ្ជកម្មផលិតផលជលផល តែយើងនឹងមិនបញ្ឈប់ត្រឹមនេះទេ CQS អាចនឹងត្រូវបានប្រើប្រាស់សម្រាប់ផលិតផលកសិកម្មផ្សេងទៀតផ្អែកលើបទពិសោធន៍ជោគជ័យ និងកិច្ចសហការជាមួយអង្គការUNIDOដូចនៅក្នុងគម្រោងនេះជាដើម»។
នាឱកាសនោះដែរលោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការយូនីដូ (UNIDO) បានប្រាប់ឱ្យដឹងដែរថាតាមរយៈគម្រោងរបស់អង្គការយូនីដូនេះមានអ្នកជំនាញការ២រូបមកពីប្រទេសឥណ្ឌូនេស៊ី ដែលមានជំនាញផ្នែកការវេចខ្ចប់ជាលក្ខណៈអន្តរជាតិដែលបានមកដល់កម្ពុជា ដើម្បីសិក្សាពីការវេចខ្ចប់ដែលក្រោយពីការសិក្សានេះហើយ អង្គការគ្រោងនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃទី២០ ខែកញ្ញាខាងមុខ។
លោកបន្ថែមថារហូតមកដល់ពេលនេះ មិនទាន់មានផលិតផលកែច្នៃរបស់កម្ពុជាណាមួយ ដែលត្រូវបាននាំចេញទៅកាន់សហភាពអឺរ៉ុប តាមរយៈការគាំទ្រពីគម្រោងCAPFish-Capture នោះទេប៉ុន្តែក្រោយដំណើរទស្សនកិច្ចនេះ ខាងគម្រោងនឹងនាំសហគ្រាសកែច្នៃក្នុងស្រុកមួយចំនួនទៅផ្គូផ្គងដៃគូពាណិជ្ជកម្មនៅប្រទេសបារាំង។
លោក សេតធី ស៊ីថារ៉ាម៉ាបញ្ជាក់ថា៖«នៅក្នុងឆ្នាំ២០២៤យើងសង្ឃឹមថាតាមរយៈការគាំទ្ររបស់គម្រោង យើងនឹងអាចនាំចេញផលិតទឹកត្រីប្រហុក ទៅកាន់ទីផ្សារអឺរ៉ុបបាន។ដូចនេះបើសិនជាសហគ្រាសកែច្នៃក្នុងស្រុកមានបំណងចង់នាំចេញផលិតផលជលផលដែលកែច្នៃរួច ទៅទីផ្សារក្រៅប្រទេសតាមរយៈគម្រោងនេះអាចដាក់ពាក្យស្នើសុំបាន»។លោក សេតធីបន្ថែមថាគម្រោង CAPFish-Captureបានគាំទ្រប្រមាណ៧០ភាគរយ នៃការកែលម្អសម្ភារបរិក្ខារនិងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស តាមរយៈការបណ្តុះបណ្តាលដល់ម្ចាស់សហគ្រាសស្តីពីការអនុវត្តសុវត្ថិភាពគុណភាពម្ហូបអាហារសម្រាប់ផលិតជលផលរបស់គាត់។
បើតាមរដ្ឋបាលជលផលគម្រោង CAPFish-Capture បានគាំទ្រដល់សហគ្រាសចំនួន ២៨ ជាជំនួយបច្ចេកទេសនិងសម្ភារបរិក្ខារទៅដល់សហគ្រាសនីមួយៗដែលមានតម្លៃចាប់ពី ២៥០០០ ដុល្លារដល់ ១០០ ០០០ ដុល្លារអាមេរិក ដើម្បីកែលម្អប្រតិ្តបត្តិការអាជីវកម្ម និងអនុវត្តស្តង់ដាសុវត្ថិភាពម្ហូបអាហារ CQS ។ មកទល់ពេលនេះសហគ្រាសចំនួន ៨ ទទួលបាន CQS ដែលក្នុងនោះ CQS ពេញលេញ ចំនួន៤និងCQSធម្មតាចំនួន៤៕