កំពង់ធំៈ លោក សុក ហៃ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថានភាពកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ នៅរក្សាកម្ពស់ ១៣,៤១ ម៉ែត្រដដែល ព្រោះមិនមានភ្លៀងធ្លាក់បន្តទៀតនោះទេ ប៉ុន្តែកម្រិតទឹកអាចនឹងឈានដល់ការប្រកាសអាសន្នបើមានភ្លៀង ២-៣ ថ្ងៃទៅមុខទៀត។
លោក សុក ហៃ បន្តថា៖ «ស្ថានភាពទឹកនៅធម្មតាគិតត្រឹមថ្ងៃនេះ (១៧ កញ្ញា) ហើយកន្លងមក ខេត្តបានចេញសេចក្តីជូនដំណឹងពីកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ មានកម្ពស់ ១៣,៤១ ម៉ែត្រ ចំពោះកម្រិតទឹកត្រូវប្រកាសអាសន្នមានកម្ពស់ ១៣,៥០ ម៉ែត្រ»។
លោកបញ្ជាក់ថា ទោះជាស្ថានភាពទឹកមិនទាន់មានការប្រែប្រួល និងដល់កម្រិតប្រកាសអាសន្នក៏ដោយ ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរៀបចំខ្លួនរួចជាស្រេចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលដែលទឹកឡើងដល់កម្រិតប្រកាសអាសន្ន។
ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី ១៥ កញ្ញា បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវរៀបចំសម្ភារ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានក្នុងករណីមានការលិចលង់ណាមួយកើតឡើង។
សេចក្តីជូនដំណឹងបន្តថា រដ្ឋបាលខេត្តក៏បានឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំ ផែនការអន្តរាគមន៍ និងត្រូវរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋរងគ្រោះ ម្យ៉ាងវិញទៀត ត្រូវផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ។
ប្រភពដដែលបញ្ជាក់ថា៖ «សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការ ជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់»។
ទាក់ទងនឹងកម្រិតទឹកស្ទឹងសែននេះដែរកាលពីថ្ងៃទី ១៦ ខែកញ្ញា លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំមន្ទីរធនធានទឹកខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដែលបង្កឡើងដោយទឹកជំនន់ស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនៃការចុះពិនិត្យនោះ ដោយពិនិត្យឃើញថា ទឹកស្ទឹងសែនបាននិងកំពុងបន្តកើនឡើងសន្សឹមៗបន្ថែមទៀតលោក ចាន់ យុត្ថាបានធ្វើការពិភាក្សាជាមួយលោក ងួន រតន:អភិបាលខេត្តកំពង់ធំដើម្បីចេញនូវសេចក្តីជូនដំណឹងស្តីពីស្ថានភាពកម្ពស់ទឹកស្ទឹងសែន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដល់សាធារណជនជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបអមសងខាងស្ទឹងសែនឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពទឹកជំនន់ស្ទឹងសែនផងដែរ៕