ភ្នំពេញៈ ជាង ៣ សប្ដាហ៍ បន្ទាប់ពីបានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជាកាលពីខែសីហា លោក ហ៊ុន ម៉ាណែត បានជួបលោក ស៊ី ជីនភីង ប្រធានាធិបតីចិននៅទីក្រុងប៉េកាំង ប្រទេសចិនជាប្រទេសទី១ ដែលលោកបានកំណត់ជួប ខណៈមេដឹកនាំចិនបានបញ្ជាក់ជំហរជាថ្មីពីការបន្តគាំទ្រកម្ពុជាដោយមិនមានការប្រែប្រួល។
នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅចិនចាប់ពីថ្ងៃទី ១៤-១៧ ខែកញ្ញា ឆ្នាំ ២០២៣ លោក ហ៊ុន ម៉ាណែត និងលោក ស៊ី ជីនភីង បានពិភាក្សាគ្នាអំពីការបន្តរក្សាគោលនយោបាយប្រកបដោយមេត្រីភាព រវាងប្រទេសទាំង ២ ខណៈលោក ស៊ី ជីនភីង បានបញ្ជាក់ថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ប្រៀបបីដូចជាដើមឈើ ១ ដើមដ៏ធំដែលបានចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ ហើយប្រជាជាតិទាំង ២ ទទួលបានផ្លែផ្កាមិនអាចកាត់ថ្លៃបានជារៀងរហូតមក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ហ៊ុន ម៉ាណែត។
លោក ស៊ី ជីនភីង បានបញ្ជាក់ថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយដំណើរទស្សនកិច្ចផ្លូវការរបស់លោកហ៊ុន ម៉ាណែត ទៅប្រទេសចិននឹងនាំមកនូវជោគជ័យបន្ថែមទៀតនៃការសម្រេចឱ្យបានការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី រវាងកម្ពុជា-ចិន។
ប្រព័ន្ធផ្សព្វផ្សាយដដែលបញ្ជាក់ថា៖ «ឯកឧត្តមប្រធានាធិបតី [លោក ស៊ី ជីនភីង] បានបញ្ជាក់ជូនសម្ដេចធិបតី [លោក ហ៊ុន ម៉ាណែត] ជាថ្មីថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យដោយមិនមានការប្រែប្រួលឡើយ»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសទាំង ២ កំពុងបានទទួលផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងការអប់រំ ហើយថា៖ «ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ជាការពិតគឺមិនអាចកាត់ផ្ដាច់ចេញបានពីការគាំទ្រ និងកិច្ចសហការពីសំណាក់មិត្តចិនឡើយ ដូចមានការគាំទ្ររបស់ចិននៅក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាដើម»។
លោក ហ៊ុន ម៉ាណែត ប្រាប់លោក ស៊ី ជីនភីង អំពីទិសដៅនិងវិស័យនៃកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតរវាងប្រទេសទាំង ២ ដូចជា វិស័យថាមពល សន្តិសុខស្បៀង និងវិនិយោគជាដើម និងបានស្នើភាគីចិនបន្តគាំទ្រដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជាព្រមទាំងបានអរគុណភាគីចិនចំពោះការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជា។
លោកក៏បានអរគុណដល់ភាគីចិនចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមកក្នុងការជំរុញ និងការលើកទឹកចិត្តឱ្យវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យគន្លឹះអាទិភាពដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។
នៅថ្ងៃដដែលនោះ ក្រោយពីជួបជាមួយលោក ស៊ី ជីនភីង លោក ហ៊ុន ម៉ាណែត ក៏បានជួបលោក លី ឈាង នាយករដ្ឋមន្ត្រីចិនផងដែរ ដោយមេដឹកនាំចិនរូបនេះបានបញ្ជាក់អំពីសារៈសំខាន់នៃចំណងមិត្តភាពកម្ពុជា-ចិន និងអំពីអត្ថប្រយោជន៍ជាច្រើនដែលប្រទេសទាំង ២ ទទួលបាន ជាពិសេសក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដដែល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីជំហរនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកថា កម្ពុជាបន្តរក្សាជំហរដដែល ជាពិសេសបន្តអនុវត្តនយោបាយចិន ១ យ៉ាងខ្ជាប់ខ្ជួន ហើយថា កម្ពុជាបន្តគាំទ្រចិននៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ព្រមទាំងបន្តគាំទ្រគំនិតផ្តួចផ្តើមនានារបស់ចិន។
ប្រភពដដែលបានបញ្ជាក់ថា៖ «សម្ដេចធិបតីបានគាំទ្រចំពោះការរៀបចំគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវលើកទី៣។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបន្តអនុវត្តគម្រោងដែលបានព្រមព្រៀងគ្នា និងខិតខំស្វែងរកគម្រោងថ្មីៗបន្ថែមទៀតដើម្បីអនុវត្តសម្រាប់ជាផលប្រយោជន៍ជូនប្រជាជនទាំង ២ ឱ្យបានកាន់តែប្រសើរ»។
នៅក្នុងឱកាសនោះ លោក លី ឈាង និងហ៊ុន ម៉ាណែត បានធ្វើជាសាក្សីលើការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១៥ ដែលក្នុងនោះមានឯកសារស្តីផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ ២០២៤-២០២៨ ផងដែរ។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ក៏បានប្ដេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ ដើម្បីផ្ដល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង២។
ប្រភពដដែលបានបន្ថែមថា លោក ហ៊ុន ម៉ាណែត បានស្នើភាគីចិនពិនិត្យពិចារណាលើគម្រោងពាក់ព័ន្ធនឹងសន្តិសុខថាមពល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការជំរុញ និងការលើកទឹកចិត្តផ្នែកវិនិយោគ ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការស្តារ និងជំរុញវិស័យទេសចរណ៍ ខណៈលោក លី ឈាង រីករាយបន្តសហការ និងជំរុញអនុវត្តឱ្យចេញជាលទ្ធផលពីគម្រោងទាំងនេះ។
ប្រព័ន្ធផ្សព្វផ្សយដដែលបញ្ជាក់ថា៖ «ជាមួយនឹងស្មារតី និងការប្ដេជ្ញាពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព រវាងប្រទេសទាំង២ឱ្យកាន់តែរឹងមាំ និងប្រសើរឡើងប្រមុខរដ្ឋាភិបាលទាំង២បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបន្តគាំទ្រ ព្រមទាំងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក»។
ក្នុងអំឡុងនៃការបំពេញទស្សនកិច្ចនេះ កម្ពុជា និងចិនបានចេញសេចក្តីប្រកាសរួមដោយក្នុងនោះភាគីចិនបានបញ្ជាក់ជាថ្មីពីការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យជាតិ សន្តិសុខ និងប្រយោជន៍នៃការអភិវឌ្ឍ ព្រមទាំងបញ្ជាក់ពីការប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
សេចក្តីប្រកាសរួមនេះបញ្ជាក់ថា៖ «ភាគីកម្ពុជាបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «គោលនយោបាយចិន ១» ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែ ១ គត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីទឹកដី និងជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសឡើយ»។
សេចក្តីប្រកាសរួមនេះបន្ថែមថា៖ «កម្ពុជាប្រឆាំងនឹងការប៉ុនប៉ងនានាក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬរារាំង ឬទប់ទល់នឹងប្រទេសចិន ក្រោមឧបាយកលយកបញ្ហាតៃវ៉ាន់ជាលេស សកម្មភាពបំបែកខ្លួនតាមទម្រង់ណាមួយដើម្បីទាមទារ «ឯករាជភាពតៃវ៉ាន់»។ កម្ពុជាគាំទ្រយ៉ាងម៉ឺងម៉ាត់នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបានការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ទោះក្នុងទម្រង់ណាមួយក៏ដោយ»។
ភាគីទាំង ២ បានបញ្ជាក់ពីការប្រឆាំងដាច់ខាតចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធមនុស្ស ការអនុវត្តស្តង់ដា ២ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្រោមហេតុផលសិទ្ធិមនុស្សឬប្រជាធិបតេយ្យ។ ភាគីទាំង ២ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៌។
ជាមួយគ្នានេះចិន និងកម្ពុជា បានប្រកាសត្រៀមខ្លួនរួចជាស្រេចដើម្បីការពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានសម្រាប់ គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ដូចមានចែងក្នុងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ដោយឡែកនៅក្នុងសុន្ទរកថា ក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ ២០២៣ ក្រោមប្រធានបទ«រួមអ្នកសាងសហគមន៍មួយប្រកបដោយភាពសុខដុម និងវាសនាតែមួយ» នៅទីក្រុងណាននីង ប្រទេសចិន នាថ្ងៃទី ១៦ ខែកញ្ញា លោកហ៊ុន ម៉ាណែត បានជំរុញអាស៊ាន-ចិនខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការបង្កើនសកម្មភាពវិនិយោគទៅវិញទៅមក។
លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពេលមានវត្តមានលោក លី ឈាង នាយករដ្ឋមន្ត្រីចិននៅទីនោះដែរថា តួនាទីរបស់ពាណិជ្ជកម្មគឺមានសារៈសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកល ដើម្បីធានាថាការពឹងផ្អែកទៅវិញទៅមក និងសកលភាវូបនីយកម្មគឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយថា ការធ្វើពាណិជ្ជកម្មមិនគួរត្រូវបានប្រើប្រាស់ជាអាវុធដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកឡើយ។
លោកបានថ្លែងថា៖ «ក្នុងន័យនេះ អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់ដែលយើងអាចបង្ហាញឧទាហរណ៍ដល់ពិភពលោកពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម ឯកតោភាគីនិយម ឬគំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ»៕