ភ្នំពេញៈ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទបានលើកឡើងថា ឆ្នាំនេះជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដែលសមយុទ្ធរួមគ្នាពេលនេះ ឆ្លុះបញ្ចាំងពីចំណងមិត្តភាពជាប្រពៃណីដែលមិនអាចបំបែកបានរវាងប្រទេសចិន និងកម្ពុជា។
លោកបានថ្លែងដូចនេះ ក្នុងពិធីបើកជាផ្លូវការនៃការធ្វើសមយុទ្ធ រវាងកងទ័ពកម្ពុជា-ចិន ផ្នែកសុខាភិបាលដែលមានឈ្មោះថា «ទេវតាសន្តិភាពឆ្នាំ ២០២៣» នៅថ្ងៃទី ១៦ ខែកញ្ញា នៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយកំណត់យកប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នានៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»។
លោកបានថ្លែងថា៖ «ការធ្វើសមយុទ្ធផ្នែកសុខាភិបាលជាមួយកងទ័ពចិននាពេលនេះ គឺដើម្បីបង្កើនសមត្ថភាពផ្នែកសង្គ្រោះដល់កងទ័ពកម្ពុជាបន្ថែមទៀតហើយសមយុទ្ធរួមនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពជាប្រពៃណីដែលមិនអាចបំបែកបានរវាងប្រទេសចិន និងកម្ពុជា»។
នាឱកាសនោះដែរ លោក ឥត សារ៉ាត់ ក៏បានបញ្ជាក់ដែរថា សមយុទ្ធនេះនឹងធ្វើឱ្យកងយោធពលខេមរភូមិន្ទកម្ពុជាកាន់តែមានសមត្ថភាព និងទទួលបានជំនាញថ្មីៗបន្ថែមទៀត លើការងារប្រតិបត្តិការចម្រុះជាតិសាសន៍។
លោកបានបញ្ជាក់ថា៖ «សមយុទ្ធនេះនឹងផ្តល់មកនូវការរីកចម្រើនលើសមត្ថភាពជំនាញក្នុងកិច្ចសហប្រតិបត្តិការដើម្បីធ្វើសកម្មភាពឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងកម្លាំងទាំងអស់ដែលបានចូលរួម និងដកបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីត្រៀមជានិច្ចក្នុងការសង្គ្រោះពេលជួបគ្រោះមហន្តរាយដែលកើតមានឡើង»។
គ្រោះមហន្តរាយដែលកើតឡើងដោយធម្មជាតិនៃបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោកត្រូវរួមគ្នាដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងគោលបំណងមនុស្សធម៌ក្នុងតំបន់ ក៏ដូចជាមនុស្សជាតិនៅក្នុងពិភពលោកដែលរងគ្រោះដោយគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ លោក ឥត សារ៉ាត់ បានបញ្ជាក់។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ហាវ លីនយាន ប្រធានក្រុមណែនាំ និងសម្របសម្រួលចិនសម្រាប់សមយុទ្ធក៏បានលើកឡើងដែរថា ពេលនេះកងកម្លាំងរដ្ឋាភិបាលប្រទេសទាំង ២ បានរៀបចំសមយុទ្ធសុខាភិបាលលើកដំបូងដែលជាការអនុវត្តជាក់ស្តែងហើយក៏ជាការផ្លាស់ប្តូរបទពិសោធន៍។
លោកថា៖ «វាមានអត្ថន័យជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសទាំង ២ នាពេលនេះផងដែរ ហើយសមយុទ្ធសុខាភិបាលឆ្នាំ ២០២៣ នេះជាសមយុទ្ធដែលបង្កើតឡើងដោយភាគីទាំង ២ ដើម្បីពង្រឹង និងពង្រីកបែបយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរបទពិសោធន៍ផ្នែកវិស័យយោធារវាងប្រទេសយើងទាំង ២ និងភាគីចិនរីករាយក្នុងការសហការជាមួយនឹងភាគីមិត្តផងដែរ»។
សូមបញ្ជាក់ដែរថា សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនជាលើកដំបូងផ្នែកសុខាភិបាល ឆ្នាំ ២០២៣ ធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗដោយប្រសិទ្ធភាព។
សមយុទ្ធនេះធ្វើនៅទីតាំងផ្សេងគ្នាក្នុងនោះមាននៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក, មន្ទីរពេទ្យព្រះកេតុមាលា, ព្រលានយន្តហោះយោធា និងនៅមន្ទីរពេទ្យយោធភូមិភាគទី ៤ ខេត្តសៀមរាប៕