ភ្នំពេញៈ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការយូនីដូ UNIDO លោក សេតធីស៊ី ថារ៉ាម៉ា ថមបាធូ ថ្លែងថា អង្គការ UNIDO និង រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណាឱ្យផលិតផលជលផលកម្ពុជាមាននៅលើទីផ្សារសហភាពអឺរ៉ុប តាមរយៈធ្វើឱ្យបំពេញបានការឆ្លើយតបបញ្ញត្តិ និងតម្រូវការរបស់សហភាពអឺរ៉ុប។
លោកបានថ្លែងបែបនេះក្នុងកម្មវិធីបើកទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផលដែលទទួលផលពីគម្រោង CAPFish ធ្វើឡើងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣។
លោក សេតធីស៊ី ថារ៉ាម៉ា ថមបាធូ លើកឡើងថា ការបោះជំហានទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ គឺជារឿងមួយដ៏សំខាន់ ជាក់ស្តែងបច្ចុប្បន្ននៅតាមផ្សារទំនើប និងផ្សារដែលមានតម្លៃខ្ពស់នៅកម្ពុជាដែលផលិតផលកម្ពុជាមានចរាចរណ៍ មានបិទស្លាកសញ្ញា CQS ដែលជានិមិត្តសញ្ញាគុណភាពកម្ពុជា។ UNIDO និងរដ្ឋបាលជលផលមិនបញ្ចប់ត្រឹមនេះទេ ពោលគឺកំពុងធ្វើយ៉ាងណាឱ្យផលិតផលជលផលកម្ពុជាបានដំណើរការលក់ដូរនៅលើទីផ្សារសហភាពអឺរ៉ុប ដែលការអនុវត្តគម្រោង CAPFish គឺជាជំហានសំខាន់ក្នុងការគាំទ្រ និងជំរុញ ឱ្យផលិតផលជលផលកម្ពុជា មានស្តង់ដាគ្រប់គ្រាន់។
លោកថ្លែងថា៖ «យើងចាំបាច់ត្រូវប្រឹងប្រែងរួមគ្នា ធ្វើយ៉ាងណាឱ្យក្តីសុបិននេះក្លាយជាការពិត អ្វីដែលជាក្តីសុបិនរបស់យើង គឺផលិតផលកម្ពុជា និងមានលក់ នៅលើទីផ្សារសហភាពអឺរ៉ុប»។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផលលើកឡើងថា តាមរយៈក្របខ័ណ្ឌនៃកម្មវិធី CAPFish គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលបាននិងកំពុងសហការអនុវត្តក្នុងនាមជាដៃគូរវាងរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិអភិវឌ្ឍន៍វិស័យកសិកម្ម UNIDO រយៈពេល ៥ ឆ្នាំ ២០១៩-២០២៤។ តាមរយៈការអនុវត្តគម្រោងនេះបានជួយបង្កើតភាពប្រកួតប្រជែង នៃផលិតផលជលផលកម្ពុជា និងការលើកកម្ពស់សុវត្ថិភាពអាហារ ព្រមទាំងការអភិវឌ្ឍផ្នែកឯកជនក្នុងវិស័យជលផល។
លោកថ្លែងថា៖ «លទ្ធផលសំខាន់របស់គម្រោងគឺបានបង្កើតក្របខ័ណ្ឌគតិយុត្តផ្នែកសុវត្ថិភាពម្អូបអាហារ ការកសាងសមត្ថភាពអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលជលផល ដើម្បីអនុវត្តប្រព័ន្ធត្រួតពិនិត្យស្របតាមតម្រូវការសុវត្ថិភាពអាហារជាលក្ខណៈសកល»។
តាមរយៈគម្រោងនេះរដ្ឋបាលជលផលបានបញ្ចប់ និងដាក់ឱ្យដំណើរការ និមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា CQS សម្រាប់បញ្ជាក់គុណភាព និងសុវត្ថិភាពនៃផលិតផលជលផលដែលមានគុណភាពអនុលោមតាមគោលការណ៍សុវត្ថិភាពអាហារ។ ទន្ទឹមនេះគម្រោងក៏បានជួយដល់វិស័យឯកជន ក្នុងការកែលម្អជួយការធ្វើប្រតិបត្តិការដោយអនុលោមតាមស្តង់ដាសុវត្ថិភាពអាហារ និងការជ្រៀតចូលទីផ្សារប្រកួតប្រជែងដែលវិស័យឯកជនបានជួបបញ្ហាប្រឈមលើផ្នែកបច្ចេកទេស កែច្នៃទីផ្សារ ការអនុវត្តគោលការណ៍អនាម័យតាមស្តង់ដា។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ការវេចខ្ចប់ជាកត្តាសំខាន់មួយដែលធ្វើឱ្យការនាំចេញផលិតផលជលផលកម្ពុជាទៅចរាចរណ៍នៅលើទីផ្សារអឺរ៉ុបមានការលំបាក បើសិនជាការវេចខ្ចប់នោះប្រើប្រាស់ប្លាស្ទិក ព្រោះសហភាពអឺរ៉ុប គិតគូរចម្បងចំពោះបញ្ហាបរិស្ថាន។ កញ្ញាបានលើកទឹកចិត្ត និងផ្តល់ជាគំនិតធ្វើយ៉ាងណាឱ្យការវេចខ្ចប់កុំប្រើប្រាស់ប្លាស្ទិក។
កញ្ញាថ្លែងថា៖ «តើយើងអាចទេ មានវិធីណាទេ ដែលយើងអាចផ្លាស់ប្តូរ package ពីប្លាស្ទិកទៅជា package ណាមួយដែលនៅតែរក្សាគុណភាពផលិតផលបាន ប៉ុន្តែមានសោភណភាពល្អជាងមុន ហើយស្របទៅតាមគោលនយោបាយរបស់អឺរ៉ុប»។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម និងអង្គការ UNIDO បានបើកដំណើរការទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផលដែលទទួលផលពីគម្រោង CAPFish នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា នៅក្រសួងកសិកម្ម។ ទស្សនកិច្ចសិក្សានេះ ធ្វើនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៧ - ២០ ខែកញ្ញា ឆ្នាំ ២០២៣។
គោលបំណងនៃដំណើរការទស្សនកិច្ចនេះគឺផ្តល់សារអប់រំមួយចំនួនស្តីពីការអភិវឌ្ឍអាជីវកម្មគោលគំនិត និងការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងការអភិវឌ្ឍវិស័យឯកជន។ ផ្សព្វផ្សាយអំពីភាពជោគជ័យនៃការអនុវត្តរបស់គម្រោងរបស់រដ្ឋបាលជលផល និងអង្គការ UNIDO បង្ហាញអំពីការអនុវត្តតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ និងដំណើរការទទួលវិញ្ញាបនបត្រ និងផ្សព្វផ្សាយដល់សាធារណជនអំពីសារៈសំខាន់ៗ និងអត្ថប្រយោជន៍របស់សុវត្ថិភាពម្ហូបអាហារ៕