ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១ ពាន់នាក់ បានស្លាប់ និងជាង ២ ៧០០ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២៣ នេះ ដែលអត្រានេះថយចុះ ៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ យោងតាមលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកយុទ្ធនាការ ជិះម៉ូតូពាក់មួកសុវត្ថិភាព នៅក្រុងសៀមរាប កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។
យោងតាមហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តសៀមរាប បានស្រង់សម្ដី លោក ប៉េង ពោធិ៍នា បានថ្លែងថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតមានឡើងចំនួន ២ ១២៦ លើកបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១ ០១៥ នាក់ របួសធ្ងន់ ១ ៧៧៥ នាក់ និង របួសស្រាល ១០១៦ នាក់។ក្នុងចំណោមអ្នករងគ្រោះទាំងនោះ ភាគច្រើនជាអ្នកជិះម៉ូតូដែលមិនបានពាក់មួកសុវត្ថិភាព។
លោក ប៉េង ពោធិ៍នា បានបញ្ជាក់ថា៖ «គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាសុខភាពសាធារណៈដែលទាមទារ ឱ្យមានការដោះស្រាយជាបន្ទាន់ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែមានតួលេខខ្ពស់គួរឱ្យព្រួយបារម្ភ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យកម្ពុជាខាតបង់ថវិកាជាតិប្រមាណជាង ៤០០ លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំ ដោយមិនទាន់គិតពីផលវិបាកសង្គមនានាជាច្រើនទៀត»។
នាពិធីនោះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក៏បានថ្លែងដែរថា កត្តាកំណើនមធ្យោបាយយានយន្តការនិយមប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនច្រើនការប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ មិនទាន់បានត្រឹមត្រូវ គួបផ្សំកត្តាមួយចំនួនទៀតបានបង្កើតឱ្យមានជាបញ្ហាប្រឈម ដូចជាការកកស្ទះចរាចរណ៍ និងការកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។
លោកអភិបានរងខេត្តសៀមរាបថា ការប្រារព្ធយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាពនេះឡើង ក្នុងគោលបំណងសំខាន់បំផុត គឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងឡាយឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចារណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងថា តួលេខនៃគ្រោះថ្នាក់ចរាចរណ៍ ទាំងអ្នកស្លាប់ និងអ្នករងរបួសនៅមានចំនួនខ្ពស់គួរឱ្យព្រួយបារម្ភ បើទោះបីជាការប្រៀបធៀបកាលពីឆ្នាំ ២០២២ មានសញ្ញាណថយចុះក៏ដោយ។
លោក គឹម បញ្ញា បានថ្លែងថា៖ «នៅក្រោយការស្លាប់ ការរងរបួសនេះ គឺជាសោកនាដកម្ម ការឈឺចាប់ដែលកើតចេញពីការបាត់បង់ ការខាតបង់នូវធនធានមនុស្ស ថវិកា និងការបាត់បង់ជនបង្គោលដែលជាអ្នករកចំណូលសម្រាប់ក្រុមគ្រួសារ»។
លោក គឹម បញ្ញា ថ្លែងបន្តទៀត ថា តួលេខនៃគ្រោះថ្នាក់នេះបង្ហាញថា កម្ពុជាចាំបាច់ត្រូវចាត់វិធានការឱ្យបានកាន់តែខ្លាំងដើម្បីកាត់បន្ថយការរងគ្រោះ និងសោកនាដកម្ម ព្រមទាំងបញ្ហាប្រឈមការលំបាកដែលកើតចេញពីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនេះ។
លោក គឹម បញ្ញា បានថ្លែងថា៖ «វិធានការដែលយើងត្រូវធ្វើគឺត្រូវជំរុញធ្វើយ៉ាងណាឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ ការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹង ទូលំទូលាយ ឱ្យបានជាប់លាប់ទាំងថ្ងៃទាំងយប់ និងត្រូវអនុវត្តឱ្យបានស្មើភាព និងភាពត្រឹមត្រូវ និងត្រូវឱ្យមានការគាំទ្រពីប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវផងដែរ»។
មន្ត្រីជំនាញរូបនេះបានថ្លែងបន្ថែមទៀតថា ការពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ មិនមែនចង់ឃើញប្រជាពលរដ្ឋត្រូវបានទទួលរងការផាកពិន័យនោះទេ តែចង់ឃើញប្រជាពលរដ្ឋចូលរួមគោរពច្បាប់ដោយ អ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ហើយអ្នកជិះរថយន្តត្រូវពាក់ខ្សែក្រវាត់៕