ភ្នំពេញៈ ក្នុងឱកាសទិវាមនុស្សគ-ថ្លង់កម្ពុជាលើកទី១១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តវិនិយោគ និងយកចិត្តទុកដាក់លើកស្ទួយសុខុមាលភាពជនពិការភាព ពិសេសមនុស្សគ-ថ្លង់ ដើម្បីបង្ហាញពីការផ្តល់សិទ្ធិក្នុងការចូលរួមដោយឥតរើសអើង និងជាការលើកស្ទួយតម្លៃមនុស្សគ-ថ្លង់នៅកម្ពុជា។
ការអំពាវនាវនេះ ធ្វើឡើងនាឱកាសដែលកម្ពុជាបានរៀបចំទិវាមនុស្សគ-ថ្លង់កម្ពុជាលើកទី១១ និងអន្តរជាតិលើកទី៦៦ ឆ្នាំ ២០២៣ ក្រោមប្រធានបទ «បរិយាប័ន្នការងារសម្រាប់មនុស្សគ-ថ្លង់ ដើម្បីការអភិវឌ្ឍ» នៅថ្ងៃទី ១៧ ខែកញ្ញា ក្រោមអធិបតីភាពលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅទីស្តីការក្រសួង។
ទិវានេះ មានការចូលរួមពីឥស្សរជនតំណាងក្រសួង ស្ថាប័ន អភិបាលរងរាជធានី-ខេត្ត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ មនុស្សគ-ថ្លង់ និងជនមានពិការភាពសរុបចំនួនប្រមាណ ៤០០ នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច។
លោក ជា សុមេធី ថ្លែងថា ការរៀបចំទិវានេះឡើង គឺជាការផ្តល់ឱកាស ជួបជុំគ្នាក្នុង ១ ឆ្នាំម្តងរវាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងអ្នកគ-ថ្លង់ ដែលជាការបង្ហាញពីការផ្តល់សិទ្ធិក្នុងការចូលរួមដោយឥតរើសអើង និងជាការលើកស្ទួយតម្លៃរបស់ពួកគេផងដែរ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលបានយល់ច្បាស់ពីតម្រូវការបញ្ហាប្រឈមនានារបស់ជនមានពិការភាព ពិសេសបងប្អូនក្រុមគ្រួសារមនុស្សគ-ថ្លង់»។
លោក ជា សុមេធី បានបន្តថា៖ «ឈរលើបរិការណ៍ និងស្មារតីទទួលខុសត្រូវនេះ រាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលគ្របដណ្តប់ទៅលើកិច្ចការងារ»។
លោក ជា សុមេធី ថ្លែងថា ជារួមការវិនិយោគជាមួយជនមានពិការភាពលើការអប់រំ បណ្ដុះបណ្ដាលជំនាញ ជាទុនដ៏សំខាន់សម្រាប់ផ្តល់ធនធានមនុស្ស ការលើកកម្ពស់ និងជំរុញឱ្យជនមានពិការភាពមានលទ្ធភាពទទួលបានការងារ មុខរបរ មានប្រាក់កម្រៃកាន់តែប្រសើរឡើង ពិសេសគឺអាចរស់នៅបានដោយឯករាជ្យ ប្រកបដោយភាពសុខុដុមរមនា។ លោកក៏បានថ្លែងដោយអំពាវនាវដល់គ្រប់ភាគីទាំងអស់បន្តយកចិត្តទុកដាក់ លើកស្ទួយ សុខុមាលភាពជនមានពិការភាព ពិសេសមនុស្សគ-ថ្លង់នៅកម្ពុជា ដោយប្រែក្លាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព និងឯកសារគតិយុត្តិទាំងឡាយពាក់ព័ន្ធនឹងពិការភាពឱ្យក្លាយជាការពិត។
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានថ្លែងថា ការរៀបចំទិវាមនុស្សគ-ថ្លង់ ជាការបង្ហាញឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សាធារណជន សង្គមស៊ីវិល និងក្រុមគ្រួសារ ដើម្បីលើកទឹកចិត្ត និងបំពេញតាមតម្រូវការរបស់ពួកគេ ព្រមទាំងបង្កើនការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់អ្នកគ-ថ្លង់នៅលើពិភពលោក។
យោងតាមក្រសួងសង្គមកិច្ចបានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន ៣៧ មានជនមានពិការភាពចំនួន ៣ ៧៤៨ នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦២ នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ២៦០ នាក់ បើគិតជាភាគរយមានចំនួនជាង ២%។ ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ ដែលបានប្រកាសចុះបញ្ញិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ទូទាំងប្រទេសមានចំនួន ២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាព ចូលបម្រើការងារចំនួន ៥ ៨៣៩ នាក់ ស្ត្រីមានពិការភាព ៣ ៨៣៦ នាក់ សរុបទាំងស្ថាប័នរដ្ឋនិងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩ ៥៨៧ នាក់កំពុងបម្រើការងារ។
អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី ២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាមនុស្សគ-ថ្លង់អន្តរជាតិ ដែលជាការទទួលស្គាល់ពីសារៈសំខាន់នៃមនុស្សគ-ថ្លង់ ដែលជាសមាសភាពធនធានមនុស្ស និងមិនត្រូវបានមើលរំលងដើម្បីឈានទៅសម្រេចឱ្យខាងតែបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសជាការបំពេញតាមការសន្យារបស់រដ្ឋជាភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅ ដាច់ដោយឡែក»។
ទិវានេះផ្តល់ឱកាសដើម្បីគាំទ្រនិងការពារអត្តសញ្ញាណភាសាសញ្ញានិងភាពចម្រុះនៃវប្បធម៌របស់អ្នកប្រើប្រាស់ភាសាសញ្ញាទាំងនៅព្រះកម្ពុជា និងនៅលើពិភពលោក៕